• 2021-03-15 03:25:32
  • ព័ត៌មាន

តារា​ហង្សមាស​ទាំង​ពីរ​ដួង​នេះ​បង្ហាញ​ពី​ភាព​កណ្ដោចកណ្ដែង​ដូច​គ្នា​នៅ​មុន និង​ក្រោយ​ព្យាបាល​ជំងឺកូវីដ-១៩

  • 2021-03-15 03:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ដែល​នឹកស្មាន​មិន​ដល់​ចំពោះ​សិល្បករ-សិល្ប​ការិនី​ខ្មែរ បាន​កើត​ឡើង​ហើយ។ នោះ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ពី​ម្នាក់​ទៅ​ម្នាក់​ដែល​គិត​ដល់​ព្រឹក​ថ្ងៃ​ទី១៥ ខែ​មីនា នេះ​ក៏​នៅ​តែ​មាន​អ្នក​ឆ្លង និង​អ្នក​សង្ស័យ​ថា​មាន​វិជ្ជមាន​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​មួយ​នេះ​នៅ​ក្នុង​ចង្កោម​អ្នក​សិល្បៈ។

ខណៈ​ដែល​តារា​ចម្រៀង សម្ដែង និង​ដឹកនាំ​រឿង ភាគ​ច្រើន​ចេញ​ពី​ផលិតកម្ម​រស្មី​ហង្ស​មាស កំពុង​ស្ថិតនៅ​ដំណាក់​កាល​តាម​ដាន​សុខភាព និង​ខ្លះ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅ​សណ្ឋាគារ Great Duk នោះ គេង​សង្កេត​ឃើញ​តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​នេះ​ចំនួន​ពីរ​ដួង បាន​បង្ហាញ​ភាព​កណ្ដោចកណ្ដែង​ដូច​គ្នា​ពេល​ទៅ​ព្យាបាល​ជំងឺ។

ល្ងាចមិញ​កញ្ញា វី ឌីណែត បាន​អង្គុយ​សំកុក​ក្បែរ​បង្អួច​កញ្ចក់​មួយ ហើយ​ភ្នែក​នាង​សម្លឹង​មើល​ទៅ​សាច់ញាតិ​ដែល​មក​សួរ​សុខទុក្ខ និង​យក​អីវ៉ាន់​មក​ផ្ញើ​យ៉ាង​កណ្ដោចកណ្ដែង។ វី ឌីណែត បាន​បង្ហោះ​សារ​មួយ​តាម​បណ្ដាញ​សង្គមFacebook ថា៖"ដឹង​អត់​ថា​នៅ​ក្នុង​រូប​ខ្ញុំ​កំពុង​ធ្វើ​អី? គឺ​ខ្ញុំ​កំពុង​អង្គុយ​មើល​បង​ស្រី​ដែល​យក​សម្ភារៈ​ប្រើប្រាស់ និង​អាហារ​បន្តិចបន្តួច​មក​ផ្ញើ​នាង​ខ្ញុំ។ ពួក​យើង​បាន​ត្រឹម​ឃើញ​គ្នា​ពី​ចម្ងាយ លើក​ដៃ​បក់​ហៅ​គ្នា​ប៉ុណ្ណោះ"។

តារា​ចម្រៀង​ស្រី​រូប​នេះ​បញ្ជាក់​ថា បងប្អូន​របស់​នាង​ផ្សេង​ទៀត ក៏​ត្រូវ​បាន​ធ្វើ​ចត្តាឡីស័ក គឺ​ស្ថិតនៅ​ក្នុង​ដំណាក់​កាល​តាម​ដាន​សុខភាព​រយៈ​ពេល​១៤​ថ្ងៃ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

ចំណែក​អ្នកនាង សុគន្ធ នីសា វិញ​ក៏​ធ្លាប់​បង្ហាញ​សកម្មភាព​ដ៏​កណ្ដោចកណ្ដែង​ស្រដៀង​ទៅ​នឹង​កញ្ញា វី ឌីណែត នេះ​ដែរ។ នោះ​គឺ​សកម្មភាព​ដែល​នាង​លើក​ដៃ​លា​អ្នក​ផ្ទះ​មុន​ចេញ​ដំណើរ​ទៅ​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅ​សណ្ឋាគារ Great Duke។

នៅ​មុន​ឡើង​ឡាន​ពេទ្យ​ចេញ​ទៅ​ព្យាបាល​ជំងឺ បន្ទាប់​ពី​ធ្វើតេស្ត​រក​ឃើញ​ថា​វិជ្ជមាន​ជំងឺ-១៩ កាល​ពី​រសៀល​ថ្ងៃ​ទី១០ ខែ​មីនា តារា​ចម្រៀង​សំឡេង​ស្រទន់​ប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​រូប​នេះ បាន​លើក​ដៃ​លា​អ្នក​ផ្ទះ​ក្នុង​សំលៀកបំពាក់​ពណ៌ស ខណៈ​ក្រុម​ជំនាញ​កំពុង​បើក​ទ្វា​ឡាន​ផ្នែក​ខាង​ក្រោយ​រង់ចាំ​ឲ្យ​នាង​ឡើង​ជិះ ដើម្បី​ដឹក​ចេញ​ទៅ​ព្យាបាល។ ទិដ្ឋភាព​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង មាន​អារម្មណ៍​ក្ដុកក្ដួល និង​ខ្លោចចិត្ត​អាណិត​នាង។

បន្ទាប់​ពី​ភ្លាត់​ខ្លួន​ឆ្លង​ជំងឺ​កូវីដ-១៩ ហើយ​ស្ថិតនៅ​ក្នុង​ដំណាក់​កាល​សម្រាក​ព្យាបាល​នេះ ទាំង​កញ្ញា វី ឌីណែត និង​សុគន្ធ នីសា បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​បង្កើន​ការ​ប្រុងប្រយ័ត្ន​ទាំង​អស់​គ្នា​ចំពោះ​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​មួយ​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម