• 2021-03-23 01:00:00
  • ព័ត៌មាន

តារាស្រីទោល K-Pop ទាំងនេះ ត្រូវបានលើកថាជានារីក្លាហាន ហ៊ានធ្វើអ្វីខុសគេមិនខ្លាចការបរាជ័យ

  • 2021-03-23 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពអស្ចារ្យដូចគ្នាប្រចាំវិស័យ K-Pop​​ គឺជា​អ្វី​ដែល​ទាក់ចិត្តមនុស្ស​ជា​ច្រើន​លាននាក់ទូទាំងពិភពលោក ប៉ុន្តែ​ភាគ​ច្រើន​បទ​ចម្រៀង​ចេញ​មក មាន​លក្ខណៈស្រដៀងៗគ្នា​ទាំងចង្វាក់ និង​ Style ព្រម​ទាំងក្បាច់រាំ។

ទោះជាយ៉ាងណា​​ ក៏​នៅ​មាន​តារា​មួយចំនួន​ព្យាយាម​ដើរ​ចេញ​បន្តិច​ពី​រសជាតិ K-Pop ដោយសម្រេច​បង្កើត​អ្វី​ថ្មី​ដោយខ្លួន​ឯង ជាមួយ​នឹងភាពជឿជាក់ តាមរយៈការ​បង្ហាញ​សារក្នុង​បទ​ចម្រៀង រូបភាព​ផ្សេងៗ និង​ចរិតដែល​ស៊ី​នឹង​អ្វី​ដែល​ពួកគេ​ចង់​ឲ្យ​ប្លែក​ពី​បទ K-Pop ទូទៅ។ ទាញ​សរុប​មក​វិញ​ តើ​តារា​ស្រី​ណាខ្លះ​ដែល​ក្លាហាន​ហ៊ាន​ប្រថុយ​ និង​ប្រឈម​នឹង​ឧបសគ្គ បង្កើតស្នាដៃថ្មីដែល​ពួកគេ​បង្ហាញ​ឲ្យប្លែក​ពីគេ?

១. CL - អំណាច និងឯករាជ្យ

នេះ​គឺជាតារា​ K-Pop នារី​ដែល​មានចិត្ត​រឹង​មាំ និង​ប្រកាន់ជំហរឯករាជ្យ ហើយ​តាំង​ពី​ក្រុម 2NE1 បំបែក​មក​ CL តែង​ចាប់​យក​ភាព​រឹង​ប៉ឹង​ ធ្វើ​ជា​តារា​ K-Pop ដែល​មិន​ខ្លាច មិនចុះញម​នឹង​ពេល​លំបាក​ដាច់ខាត។ នាង​តែង​តម្រង់ទិស​ខ្លួន​ឯង​ ចាប់​យក​អ្វី​ដែល​ប្លែកពីគេ ធ្វើឲ្យ​គ្រប់គ្នា​ភ្ញាក់​ផ្អើល​ខ្លាំង​នឹង​សមត្ថភាព ក៏ដូចជា​អ្វី​ទាំងឡាយ​ដែល​បាន​បង្ហាញ។ មិន​ត្រឹម​តែគាំទ្រ​ទេ មាន​តារា​ខ្លះ​ឈាន​ដល់​យក​គំរូ​តាម​នាង​ក្នុង​ការ​លេង​ស្ទីល និង​រសជាតិ​បទ​ចម្រៀង​ទៀត។

ក្រៅ​ពី​នេះ​ បើ​និយាយ​ពី​សារ​ក្នុង​បទ​ដែល​នាង​ធ្វើ​នីមួយៗ​សុទ្ធ​តែ​លើក​ទឹក​ចិត្ត​ ឲ្យមាន​ការជឿជាក់​លើ​ខ្លួន​ឯង​ ព្រម​ទាំង​កុំ​ចុះចាញ់​នឹង​ពាក្យ​រិះគន់ទាំងអស់​ដែល​បាញ់​មក​រក​យើង។ អ្នក​ស្អប់នៅ​តែ​ស្អប់ ធ្វើយ៉ាងណា​ក៏ពួកគេ​គ្មាន​ថ្ងៃពេញ​ចិត្ត ដូច្នេះ​ហេតុអ្វី​យើងត្រូវ​ខ្វល់? រស់នៅជាខ្លួន​យើង​ល្អជាង គ្មានអ្នកណា​អាច​បំបាក់យើងបាន​ឡើយ

២. Jessi - សិចស៊ី និង​មាន​មោទកភាពលើខ្លួនឯង

តារា​ស្រីរូបនេះ​ជ្រើសយកភាពសិចស៊ីជា​ Unique ប្រចាំ​ខ្លួន។ Jessi មិន​ដែល​ខ្វល់​ថា​នាង​ត្រូវ​ធ្វើ​យ៉ាង​ណាតបចំពោះ​អ្នក​ស្អប់ភាពសិចស៊ីនេះ​ទេ ព្រោះជាសិទ្ធិរបស់នាង។ ដូចប្រិយមិត្តមួយចំនួន​បាន​ជ្រាប​ស្រាប់​ថា​ មហាជន​ ជាពិសេសជនជាតិ​កូរ៉េ​មិនចូលចិត្តតារាណា​ដែល​ស្លៀកពាក់សិចស៊ីពេក​ទេ ព្រោះ​វា​បង្ហាញ​នូវរូបភាព​មិនល្អ។ ពួកគេ​ព្យាយាម​រិះគន់យ៉ាង​ចាស់ដៃ ជាពិសេស​អ្នក​ដែល​មាន​ស្នាមសាក់ អ្នកនិយាយស្ដី​មិនសមរម្យ (ឈ្លើយ) និងអ្នកដែល​មាន​សម្រស់មិនត្រូវស្តង់ដារជា​តារាកូរ៉េ។

សម្រាប់ Jessi មិន​បាន​ឈឺក្បាល​នឹង​ពាក្យ​ទាំងនោះឡើយ ព្រោះ​នាង​ស្គាល់​ខ្លួនឯង​ច្បាស់ នាងគោរពខ្លួនឯង ហើយ​ព្យាយាម​ធ្វើ​អ្វី​ដែល​ជា​ខ្លួនឯង និង​បង្ហាញ​អ្វី​ដែល​មាន​ឲ្យអាជីព​សិល្បៈ រសជាតិតន្ត្រី​បែបបរទេសលាយនឹងកូរ៉េរបស់​នាង​កាន់តែ​រះចែងចាំង។

៣. HA:TFELT - ចូលចិត្តធ្វើអ្វី​មួយ​ត្រង់ៗ និង​មិនចេះរអា

តារា​ចម្រៀង​ដែល​មាន​ឈ្មោះ​ដើម​ Ye Eun កាល​ពីនៅ​ក្រុម Wonder Girls បាន​អភិវឌ្ឍខ្លួន​ក្លាយជា​តារា​ K-Pop ទោល ដោយ​ផ្សងវាសនាច្រើន​ដំណាក់កាលណាស់។ ចំណែក​បទ​ចម្រៀង​ដែល​នាង​ធ្វើ សុទ្ធ​តែ​រៀបរាប់​ចំៗពី​អ្វី​ដែល​នាង​បាន​ជួប​ប្រទះ ទាក់ទង​នឹង​បទពិសោធជីវិតនៃ​ភាព​ឈឺចាប់ ការបែកបាក់ ការងើបឈរមើលពិភពលោកជាថ្មី ការ​ពង្រឹង​ខ្លួនឯង​ឲ្យរឹងមាំ​ឈរ​លើ​វិថីជីវិត និងការជម្នះផ្សេងៗ។

ជាទូទៅតារាចម្រៀង K-Pop តែង​បង្ហាញ​នូវ​បទចម្រៀង​ រៀបរាប់ពីការ​ឈឺចាប់ ប៉ុន្តែន័យ​បញ្ឆិតបញ្ឆៀង ប្លែកអីតែ Ye Eun ព្រោះ​នាង​ចូល​ចិត្ត​រៀបរាប់​ចំៗ និង​បង្ហាញ​នូវអត្ថន័យ​ចាក់ដោតយ៉ាង​ស៊ីជម្រៅបំផុត។ នាង​បាន​ព្យាយាម​ខ្លាំង​ដើម្បីរើបម្រះពីស្ថានភាពលំបាក​ក្នុង​ជីវិត និង​យកអ្វី​ដែល​បាន​កើតឡើង​មកលាតត្រដាងតាមរយៈតន្ត្រី ហើយជាលទ្ធផល​ វា​ពិតជា​ជួយ​នាង​ឲ្យ​ជោគជ័យ​ខ្លាំង​ដូចពេល​នេះ

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Soompi ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់