• 2021-04-06 08:18:22
  • ព័ត៌មាន

គ្រូ​ពេទ្យ​សៀមរាប​ពូកែ​មែន ថ្ងៃ​នេះ ក្ដិប ធូរ​ច្រើន ទឹក​មុខ​ស្រស់ស្រាយ ហើយ​ឆ្លៀត​តែង​ចម្រៀង​ជូន​គ្រូ​ពេទ្យ​១បទ​ទៀត

  • 2021-04-06 08:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុម​គ្រូ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប ថ្ងៃ​នេះ ឌីជេ ក្ដិប បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ធូរ​ស្រាល​ពី​ជំងឺ​ច្រើន ទឹក​មុខ​ញញឹមញញែម​ស្រស់​ស្រាយ ហើយ​ឆ្លៀត​និពន្ធ​បទ​ចម្រៀង​មួយ​បទ​នៅ​ក្នុង​កន្លែង​សម្រាក​ព្យាបាល​ផ្ញើ​ជូន​ក្រុម​លោក​គ្រូ​ពេទ្យ​ថែម​ទៀត។

ស្ថានភាព​របស់​លោក ចាន់ សំណាង ឬ ឌីជេ ក្ដិប នៅ​ថ្ងៃ​នេះ គឺ​ខុស​ស្រឡះ​នឹង​សភាព​របស់​នាយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ រូបភាព​ជា​ច្រើន​សន្លឹក ឌីជេ​រូប​នេះ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាយ​នា​ថ្ងៃ​នេះ គឺ​នាង​មាន​ទឹក​មុខ​ស្រស់​ថ្លា ញញឹម​ញញែម។ ជាមួយ​គ្នា​នឹង​នាយ ឆ្លៀត​និយាយ​លេង​សើច​ជាមួយ​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម​ថែម​ទៀត ដោយ​ចោទ​សួរ​ថា នាយ​ពេល​នេះ សង្ហា​ទេ? ស្រប​ពេល​ប្រិយមិត្ត​របស់​នាយ បាន​ចូល​មក​ជូន​ពរ​បន្តបន្ទាប់។

ចំណុច​គួរ​ចាប់​អារម្មណ៍ ឌីជេ ក្ដិប បាន​តែង​បទ​ចម្រៀង​មួយ​បទ​ច្រៀង​ផ្ញើ​ជូន​ក្រុម​គ្រូ​ពេទ្យ ពិសេស​ក្រុម​គ្រូ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​រូប​គេ​ឲ្យ​មាន​សង្ឃឹម​ជា​ថ្មី។ បទ​នោះ​នាយ​ដាក់​ចំណង​ជើង​ថា "អរគុណ​មនុស្ស​ល្អ​គ្រប់​គ្នា"។នាយ​បាន​ច្រៀង​ចម្រៀង​មួយ​នេះ​រហូត​ដល់​ចប់ មុន​​ពេល​បន្ថែម​ការ​អធិប្បាយ​អរគុណ​ដល់​កង​ទ័ព​អាវស។

ឌីជេ ក្ដិប បាន​រង​ការ​សង្ស័យ​អំពី​ជំងឺ​កូវីដ១៩ ក្រោយ​ពី​នាយ​មាន​អាការ​ក្អក ហត់ និង​អស់​កម្លាំង​ដែល​ជា​រោគសញ្ញា​មួយ​ផ្នែក​នៃ​ជំងឺ​កាច​សាហាវ​នេះ។ នាយ ​បាន​ជិះ​ម៉ូតូ​កង់​បី​ទៅ​រក​ការ​ព្យាបាល និង​យក​សំណាក​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី ២៩ មីនា ២០២១ និង​បាន​ក្រុម​គ្រូ​ពេទ្យ​ទទួល​យក​ព្យាបាល​ពី​ពេល​នោះ​​រហូត​មក។

លុះ​មក​ដល់​ថ្ងៃ​ទី ២ នាយ​បាន​ចេញ​មុខ​ម្ដង​ទៀត​តាម​រយៈ​វីដេអូ​ខ្លី​មួយ។ ក្នុង​ពេល​នោះ គេ​មើល​ឃើញ​ថា នាយ​មាន​អាការ​មិន​ទាន់​ប្រសើរ ដោយ​មាន​ទុក​មុខ​ស្លេកស្លាំង ពិសេស​គឺ​នៅ​​តែ​ហត់​ខ្លាំង មិន​អាច​និយាយ​បាន​ច្រើន​ឡើយ ខុស​ពិ​ពេល​នេះ ដែល​នាយ​មាន​សភាព​ស្រស់​ស្រាយ និង​អាច​ច្រៀង​ចម្រៀង​បាន​១​បទ​ថែម​ទៀត។ យ៉ាង​មក​ទល់​នឹង​ពេល​នេះ គេ​មិន​ទាន់​ដឹង អាការ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ទុក្ខ​នាយ​ពី​មុន​មក​នេះ ជា​រោគ​សញ្ញា​អ្វី​ពិត​ប្រាកដ​នៅ​ឡើយ។

រូបភាព៖ ហ្វេសប៊ុកឌីជេ

តែ​អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ គឺ​នាយ​មិន​មាន​ការ​រក​ឃើញ​វិជ្ជមាន​កូវីដ១៩​ទេ សម្រាប់​ការ​តេស្ត​ចំនួន​២​ដង​កន្លង​មក។ ចាន់ សំណាង ហៅ ឌីជេ ក្ដិប ប្រាប់​នៅ​ក្នុង​វីដេអូ​ចេញ​នៅ​ថ្ងៃ​នេះ​ថា នៅ​ពេល​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ មាន​ឱកាស នាយ​នឹង​ធ្វើ​បទ​ចម្រៀង​មួយ​បទ​ដែល​នាយ​ច្រៀង​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នា​ថ្ងៃ​នេះ ឲ្យ​ចេញ​ជា​រូបរាង​ពិត​ប្រាកដ ដើម្បី​ជា​ការ​ដឹង​គុណ​លោក​គ្រូ អ្នក​គ្រូ​ពេទ្យ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​អស់៕

អត្ថបទ៖ ទារិកា

មតិយោបល់