• 2021-04-12 01:23:29
  • ព័ត៌មាន

ក្រុមការងាររឿង «Time» បង្ហើបពីចរិត Kim Junghyun និងទង្វើមួយធ្វើឲ្យ Seohyun យំស្រស់ៗកណ្ដាលទី

  • 2021-04-12 01:23:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេល​ដែល​តារាសម្ដែង​ Kim Jung Hyun កំពុង​មាន​ជម្លោះជាមួយ​នឹងក្រុមហ៊ុន​របស់ខ្លួនគឺ O& Entertainment រឿងល្អក់កករពីមុនរបស់​លោកទាក់ទង​នឹង​ចរិតមិនសមរម្យក៏ស្រាប់​តែត្រូវបាន​គេ​សើរើមក​ពិភាក្សាជាថ្មី ដោយក្នុង​នោះ​ក៏មាន​ពាក់ព័ន្ធ​ Seohyun (Girls' Generation) ដែរ។

យោងតាម​ការចេញផ្សាយរបស់ SBS Celebrity News បាន​ឲ្យដឹង​ថា​ Kim Jung Hyun បាន​សម្រេចដកខ្លួន​ចេញ​ពី​រឿង «Time» ស្របពេល​នៅ​សល់តែ ៤​ភាគ​ទៀត​ត្រូវ​ថត​បញ្ចប់រួចរាល់។ អ្នក​នាំពាក្យពី​ក្នុង​រឿង​នេះ​ បាន​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ថា តារាប្រុសរូបនេះ​មានអារម្មណ៍មិនស្រណុក​ក្នុង​ចិត្ត ជាមួយ​នឹង​ដៃគូសម្ដែងដែលត្រូវ​ថត​រួមគ្នាក្នុងរឿង​នេះទេ។

ដោយឡែក​ផ្អែកលើការ​ធ្វើសន្និសីទកាសែត Kim Jung Hyun បាន​បង្ហើបថា ដូចជាមិនសូវ​មាន​ចូលតួខ្លាំងជាមួយ​នឹង​ដៃគូរួមសម្ដែងដែរ ហើយថែមទាំងស្នើសុំតាមរយៈ​ Agency របស់ខ្លួន ឲ្យកាត់បន្ថយ​ឈុតស្នេហាឲ្យបាន​ច្រើនតាម​ដែល​អាចធ្វើបានផង។

នៅពេល​នោះ​ដែរ អ្នកនិពន្ធ​របស់រឿង «Time» ក៏ត្រូវ​ជួប​រឿង​ក្រពល់មុខ​ដែរ ដោយសារត្រួវប្រញាប់កែសម្រួល Script ជា​ច្រើន​ដងឲ្យទាន់ពេល ដើម្បីឲ្យបានសម​តាមបំណង​របស់ Kim Jung Hyun។ នៅទីបំផុត តារាប្រុស​ដដែល​បែរជា​សម្រេចដើរចេញពីការថតរឿងនេះ ជាហេតុបណ្ដាល​ឲ្យអ្នក​និពន្ធកាន់​តែលំបាក ដែល​ត្រូវ​ផ្លាស់ប្ដូរសាច់រឿង​ជាថ្មីទៀត។

ងាកមកក្រុមការងារ​ដែលត្រូវទទួលខុសត្រូវចំពោះ Seohyun នៅកាលនោះវិញក៏បាន​បង្ហើបប្រាប់​បណ្ដាញផ្សព្វផ្សាយដែរថា សាច់រឿង​ដើមនោះ ដំបូងតម្រូវ​ឲ្យតួ Kim Jung Hyun លង់ស្នេហ៍ ឬមាន​ទំនាក់ទំនងស្នេហាជាមួយនឹងតួឯក​ស្រី Seohyun។ ប៉ុន្តែទោះជាយ៉ាងណា ក្រុម​ការងារ​អះអាងថា Kim Jung Hyun មិនទាំងមើលចំភ្នែក Seohyun ផង នេះ​ហើយជា​លទ្ធផល​ដែលត្រូវ​នាំផល​ពិបាក​ពេល​ថត។

បន្ថែម​ពីលើនេះ ត្រង់ឈុតមួយ​នោះ Jung Hyun បាន​ជូតដសរបស់ខ្លួន​ដោយកន្សែង​សើម បន្ទាប់ពីថតឈុត​ប៉ះដៃ Seohyun ហើយ។ ក្រុមការងារថតបាន​បង្ហើបថា ដោយសារឃើញទង្វើបែប​នេះហើយ Seohyun លួច​យំ​ទៀតផង។

ដោយឡែកជុំវិញ​អ្វី​ដែល​បាន​រាយការណ៍ពីបណ្ដាញសារព័ត៌មាន​កន្លងមក​ ពេល​មាន​មិត្តរួមការងារលើកឡើងពី​អាកប្បកិរិយារបស់ Jung Hyun ​ពី​បញ្ហាផ្ទាល់ខ្លួនពាក់ព័ន្ធនឹងទង្វើ​ដាក់​នារីៗនោះ សាមី​ខ្លួន​ក៏បាន​ច្រានចោល​ដែរ។

ទាក់ទង​នឹង​រឿងរ៉ាវ​ទាំងអស់ដែល​បាន​កើតឡើង​ចំពោះ​មុខនៅពេល​នេះ Kim Jung Hyun ក៏មិនទាន់ចេញមុខបកស្រាយឲ្យជ្រះស្រឡះដែរ៕​​​

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់