• 2021-04-16 04:00:00
  • ព័ត៌មាន

តារា K-Pop ៦រូបរាប់ចូលជា «សេដ្ឋីអចលនទ្រព្យវ័យក្មេង» មាន​សមត្ថភាពធ្វើជាម្ចាស់អគារថ្លៃកប់ពពក

  • 2021-04-16 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន សុទ្ធ​តែ​ដឹង​ហើយថា​ តម្លៃអគារ ឬអចលនទ្រព្យនៅប្រទេសកូរ៉េថ្លៃខ្ពស់ៗកម្រិតណា។ ជាលទ្ធផល​អាចនិយាយ​បាន​ថា​សម្រាប់ប្រជាជន​ទូទៅដែល​មាន​ជីវភាពសមល្មមក៏នៅតែ​មិនអាចធ្វើជាម្ចាស់អគារដ៏ប្រណីតតម្លៃរាប់លានដុល្លារនោះដែរ។

ទោះជាតម្លៃអចលនទ្រព្យទាំងនោះ ហក់ខ្ពស់យ៉ាងណា ក៏សម្រាប់តារា K-Pop មួយចំនួន​នៅ​តែ​មាន​សមត្ថភាព​អាចចំណាយលុយ ទិញនៅ ឬមកធ្វើជាម្ចាស់បាន​ដោយគ្មាន​បញ្ហា។ ដោយឡែក​នៅក្នុងអត្ថបទពេល​នេះ​ យើងសូមលើកយកតែតារា K-Pop ដែលសុទ្ធ​តែ​ស្ថិតនៅវ័យជាង ២០ ឬ៣០ឆ្នាំស្ដើង មកបង្ហាញ​ប៉ុណ្ណោះ ស្របពេល​ពួកគេ​ពេល​នេះ​ត្រូវ​បាន​មហាជនលើកថា​ជា​សេដ្ឋីវ័យក្មេង ដែល​ជា​ម្ចាស់អគារស៊ីវីល័យ​តម្លៃរាប់ពាន់លានវ៉ុន។

១. YoonA (Girls’ Generation)

នាងចេញមុខលើសិល្បៈនៅអាយុ ១៧ឆ្នាំ កាលពីឆ្នាំ ២០០៨ ជាសមាជិក Girls’ Generation ហើយបាន​ប្រឡូកពេញ​ទំហឹជាតារាចម្រៀង និងសម្ដែង។ ជោគជ័យ​សម្រាប់ YoonA មាន​ជាបន្តបន្ទាប់ ហេតុនេះ​ចំណូលវិញ​ក៏មិនតិចដែរ។

នាង​បាន​ទិញអគារនៅតំបន់ Cheongdam-Dong ស្រុក Gangnam ក្នុងក្រុងសេអ៊ូល ក្នុង​តម្លៃ ១០ពាន់លានវ៉ុន (ខ្ទង់៩លានដុល្លារ) កាល​ពីខែតុលា ឆ្នាំ២០១៩។

២. Jungkook (BTS)

ប្រជាប្រិយភាពរបស់តារា​ប្រុស​រូបនេះ​មិនលែងសើចទេ ព្រោះ​កេរ្តិ៍ឈ្មោះ​របស់លោក ពិតជាល្បីខ្លាំង​ទូទាំងពិភពលោក។ Jungkook ចេញមុខលើសិល្បៈដំបូង​ពេល​មាន​អាយុ១៥ឆ្នាំ មកដល់ពេល​នេះ​ ត្បិតស្ថិតនៅវ័យ​ ២៤ស្ដើង ប៉ុន្តែលោកមាន​លុយ​ក្នុង​ដៃរាប់លានដុល្លារបាត់ទៅហើយ។

តាម​ការ​ចុះផ្សាយ​ពីវិបសាយព័ត៌មាន​ជា​ច្រើន​កន្លងមក Jungkook មាន​លទ្ធភាព​បង់ផ្ទះនៅតំបន់ Itaewon-Dong ក្នុង​ក្រុងសេអ៊ូល ក្នុង​តម្លៃ ៧,៦ពាន់លានវ៉ុន (៦,៨៣លានដុល្លារ)​ កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ជាក់ស្ដែង Jungkook ក៏ធ្លាប់ទិញអគារស្នាក់នៅ ដែលស្ថិតនៅ Seoul Forest ក្នុង​តម្លៃ ១,៩៥ពាន់លានវ៉ុន (ខ្ទង់ ១,៨លានដុល្លារ) កាលពីឆ្នាំ ២០១៨ ប៉ុន្តែ​លក់ទៅវិញនៅខែតុលា ឆ្នាំ២០២០ ក្នុងតម្លៃ ២,៥ពាន់លានវ៉ុន (ខ្ទង់ ២,២៦លានដុល្លារ)

៣. Sehun (EXO)

ចូល​ប្រឡូក​សិល្បៈនៅអាយុ ១៤ឆ្នាំ និង​ចេញ​មុខជា​ផ្លូវការ​នៅឆ្នាំ ២០១២ ហើយបើគិត​មក​ដល់ឆ្នាំ ២០២១ ដំណើរជីវិត​របស់ Sehun លើ​វិស័យនេះ​មាន​អាយុកាល ៩ឆ្នាំហើយ។

ផ្អែក​លើ​ការខិតខំ​ប្រឹង​ប្រែង​ធ្វើការ​តាំងពីក្មេង​មក Sehun អាច​សន្សំ​ទ្រព្យ​បាន​ច្រើនគួរសម។ ដោយក្នុង​នោះ​លោក​អាច​មាន​លទ្ធភាព​ទិញអគារស្នាក់មួយ​នៅ​ស្រុក Dongjak-Gu ក្រុងសេអ៊ូល កាលពីខែធ្នូ ឆ្នាំ២០១៩។ អគារ​នោះ​មាន​តម្លៃ ៣,៣៥ពាន់លានវ៉ុន (ខ្ទង់ ៣លានដុល្លារ)

៤. Lee Chanhyuk (AKMU)

Chanhyuk ចូល​សិល្បៈនៅអាយុ ១៧ឆ្នាំ ពេលDebut ជាមួយប្អូន​ស្រី Lee Suhyun។ លោកត្រូវ​បាន​គេ​ឲ្យរហស្សនាមថា «Copyright-Rich Idol» ដោយសារលោករក​បាន​លុយ​ច្រើន តាមរយអាជីពជាតារា K-Pop នេះ។

លោកបាន​ទិញ​អគារស្នាក់មួយកន្លែងនៅក្នុង Mapo-Gu ក្រុងសេអ៊ូល ក្នុងតម្លៃ ៤,៧៥ពាន់លានវ៉ុន (ខ្ទង់ ៤,៣លានដុល្លារ)។

៥. IU

IU ចេញមុខលើសិល្បៈតាំងពីអាយុ ១៥ឆ្នាំ ដោយចាប់ផ្ដើម​ផ្សងព្រេងដោយដៃទទេ រហូត​ក្លាយជាតារាស្រីទោល​ល្បីឈ្មោះ ទាំង​លើអាជីព​ជាតារាចម្រៀង និង​តារាសម្ដែង។

អរគុណដល់ការខិតខំ​ប្រឹង​ប្រែង​កន្លងមក​នេះ​ IU អាចទិញផ្ទះមួយកន្លែងនៅក្នុង​តំបន់ Yangpyeong ស្រុក Gyeonggi-Do​ ដែល​មាន​តម្លៃ ៤,៦ពាន់លានវ៉ុន (ខ្ទង់ ៤,២លានដុល្លារ)។ បន្ថែម​ពីលើ​នេះ​ ខាងក្រុមហ៊ុន​របស់​នាង​ក៏ធ្លាប់បាន​ទម្លាយ​ដែរថា IU ​ទិញផ្ទះ​នេះទុក​សម្រាកលម្ហែកាយ ជាមួយគ្រួសារនៅពេល​ចុងសប្ដាហ៍។

៦. Zico (Block B)

អ្នក​ដែល​មិនអាច​ខ្វះ​បាន​ក្នុង​ Team សេដ្ឋីអចលនទ្រព្យ​នេះ​គឺ Zico តារា​ប្រុសដែល​ល្បី​ខាង​និពន្ធ​បទ​ចម្រៀង និង​ផលិត​ដោយខ្លួន​ឯង​យ៉ាង​ច្រើនកន្លងមក។

តាមការ​ឲ្យដឹង កាលពីខែមេសា ឆ្នាំ ២០១៨ Zico បាន​ទិញ​អគារមួយកន្លែង​តម្លៃ ៤,៨ពាន់លានវ៉ុន (ខ្ទង់ ៤,៣លានដុល្លារ) ក្នុង​ក្រុងសេអ៊ូល។ ក្នុងរយៈពេល​ ២ឆ្នាំ ក៏មាន​សេចក្តីរាយការណ៍មក​ថា​ ​អគារ​នេះ​ អាច​ឲ្យ Zico ចំណេញ​បាន​ ១,២ពាន់លានវ៉ុន (ខ្ទង់ ១,១លានដុល្លារ) ឯណោះ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់