• 2021-04-28 02:31:56
  • ព័ត៌មាន

វិបសាយថៃផ្សាយប្រវត្តិវណ្ណដា ថាពីក្មេងត្រូវគ្រូមើលងាយ ក្លាយជាតារារ៉េបដ៏ល្បីនាំយកវប្បធម៌ខ្មែរឲ្យពិភពលោកស្គាល់

  • 2021-04-28 02:31:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមុខមាត់ថ្មីមួយទៀតសម្រាប់ វណ្ណដាលើឆាកអន្តរជាតិ កើតចេញពីជោគជ័យដ៏ធំរបស់លោក ក្រោយចេញបទ «Time To Rise» ដោយពេល​នេះវិបសាយថៃ The People បាន​លើកសរសើរកប់ៗមាត់ពីសមត្ថភាព និងប្រវត្តិខ្លះៗរបស់លោកនាពេល​បច្ចុប្បន្ន។

លើទំព័រហ្វេសប៊ុកផ្លូវការ The People បាន​លើកសរសើរដល់ម្ចាស់បទ «Time To Rise» ដែល​មាន​គំនិតថែរក្សាមរតកដូនតា ដោយបាន​អញ្ជើញលោកព្រឹទ្ធាចារ្យ គង់ ណៃ មករួមធ្វើបទជាមួយ ដោយ​ Mix បញ្ចូលគ្នា​រវាង​ទម្រង់ភ្លេងចាប៉ី និងទម្រង់សម័យហ៊ីបហប បង្កើតជាបទចម្រៀងដ៏អស្ចារ្យបំផុត។ វិបសាយ​ដដែល​បាន​បន្តទៀត ដោយទទួលស្គាល់ថាបទ​ចម្រៀងនេះពិតជា​ល្បីខ្លាំងបំផុត ជាពិសេសលើ TikTok រហូតនាំចិត្តអ្នកនិយមលេងបណ្ដាញសង្គម​មួយ​នេះ បង្កើត Content ថ្មីៗច្រើនខុសៗគ្នា លើសពី ៧ពាន់ដងទៅទៀត។

The People នៅបាន​បញ្ជាក់ទៀតថា បើទោះបី​មាន​ឈ្មោះ​ជាតារារ៉េបវ័យក្មេង​ស្រករក្រោយ ប៉ុន្តែ វណ្ណដា មាន​ស្ទាយល៍រ៉េបពិសេស​ប្លែក និងគួរឲ្យចាប់អារម្មណ៍បំផុត។ តាំងពីចូលសិល្បៈមក​ កេរ្តិ៍ឈ្មោះ​របស់លោកដើរមកសន្សឹមៗតាមលំហូរ ប៉ុន្តែស្រាប់តែហក់ឡើងគួរឲ្យភ្ញាក់ផ្អើលនៅពេល​ចេញបទ «Time To Rise» នេះឯង ព្រោះ​បាន​បង្ហាញ​នូវវប្បធម៌ុរាណ​ខ្មែរ ឲ្យពិភពលោកបាន​ស្គាល់។ ងាកមក​អ្នក​លេង​បណ្ដាញសង្គម Facebook វិញ ក៏បាន​នាំគ្នា​ចូលខមមិនសាទរនឹងជោគជ័យនេះ ជាពិសេសជនជាតិថៃតែម្ដង ដោយបង្ហាញ​ក្ដីស្រឡាញ់ និងគាំទ្រពេញទំហឹងដល់កម្ពុជា និងវណ្ណដា ម្ចាស់បទ «Time To Rise»

ជាក់ស្ដែង អត្ថបទក្នុងវិបសាយក៏បាន​ បង្ហាញនូវប្រវត្តិរូបខ្លះៗរបស់តារាប្រុសរូបនេះ ដោយផ្ដើមពីដំបូងថា វណ្ណដា កើតនៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៧ ក្នុងគ្រួសារដែលមានជីវភាពមិនសូវធូរធាទេ ហេតុនេះទើបដល់ពេលមួយលោក និងឪពុកម្ដាយត្រូវទៅសុំអាស្រ័យវត្តមួយនៅក្រុងព្រះសីហនុ ដើម្បីស្នាក់។

និយាយពីក្ដីស្រមៃកាលពីតូចវិញ ពេលមានអ្នកសួរថាចង់ធ្វើអ្វីពេលធំឡើង? វណ្ណដាតបវិញយ៉ាងលឿនថា​ ចង់ក្លាយជា «តារា»«តារារ៉េប» ប៉ុន្តែពេលនោះបែរជាគ្រូ និងមិត្តភ័ក្តិមួយចំនួន​សើចចម្អក មើលងាយទៅវិញ។ ទោះជាយ៉ាងណាក្មេងប្រុសម្នាក់នេះនៅតែជម្នះទាល់តែបាន និងស៊ូរហូតបាន​សម្រេចជោគជ័យ ទោះត្រូវប្រឈម​នឹងអ្វីក៏មិនរាថយដែរ៕

ប្រភព៖ The People

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី