• 2021-05-28 06:35:59
  • ព័ត៌មាន

ធ្លាប់បាក់ទឹកចិត្តរហូតចង់សម្លាប់ខ្លួន គឺជាផ្នែកមួយនៃរឿងពិត ១០យ៉ាងរបស់ Kitty Chicha

  • 2021-05-28 06:35:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្ទុះ​នៃការគាំទ្រចំពោះ​តារា​ថៃ Kitty Chicha ឬគ្រប់គ្នា​ស្គាល់ច្បាស់ថាជា Nanno ពីក្នុងរឿង «Girl From Nowhere» ពិតជា​មិនធម្មតា​ឡើយនៅពេល​នេះ។ ប៉ុន្តែ​ទម្រាំ​មាន​ថ្ងៃ​នេះ​ ជីវិតពិត​របស់​នាង​ក៏​មិន​មែន​ដើរលើ​ផ្លូវស្រួល​ដែរ ព្រោះ​ Kitty បាន​ជួប​រឿង​ច្រើន​ណាស់​ក្នុងជីវិត។ ដើម្បី​ស្គាល់តួស្រី Nanno កាន់តែ​ច្បាស់ សូម​មក​ដឹង​រឿង​ពិត​ ១០ចំណុច​របស់នាង៖

១. Kitty Chicha កើតនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៣ នៅក្នុងទីក្រុងបាងកក ប្រទេស​ថៃ។

ឈ្មោះ Kitty គឺឪពុកជា​អ្នកដាក់​ឲ្យ មិនមែន​នាងដាក់ដោយខ្លួនឯងទេ។ បើតាម​ការបញ្ជាក់ក្នុង​កម្មវិធី Loukgolf’s English Room តារា​ស្រីរូបនេះ​បាន​បកស្រាយថា៖ «នៅពេល​ម៉ាក់ កើតខ្ញុំ ប៉ាពេល​នោះ​នៅជប៉ុននៅឡើយទេ ហើយពេល​គាត់ត្រឡប់មក​វិញ គាត់​ក៏ខំ​រក​មើល​កាដូទិញឲ្យកូន។ ពេល​នោះ​ប៉ាដឹង​ថា Hello Kitty ពិតជា​ពេញ​និយម​ខ្លាំង ដូចនេះ​គាត់ក៏សម្រេច​ថា ល្អណាស់​បើដាក់ឈ្មោះ​នេះ​ឲ្យក្មេង​ស្រី»។ ដូចនេះ​ទើប​ឈ្មោះ Kitty ត្រូវ​បាន​ជ្រើសជា​ឈ្មោះ​របស់កូនបែបនេះ។

២. និយាយពីការសិក្សា Kitty ក៏រៀនបានខ្ពស់​មិនធម្មតាដែរ ដោយ​ទទួល​បានក្រិតក្រមសិក្សាថ្នាក់វិទ្យាល័យ ក្រោម​កម្មវិធីសិក្សា ចក្រភពអង់គ្លេស British Curriculum (IGCSE) នៅអាយុ ១៥ឆ្នាំ តាំងពីមុនពេល​នាង​ចូល​រៀនថ្នាក់ឧត្តមសិក្សានៅមហាវិទ្យាល័យ Faculty of Business Assumption University  និង Faculty of Law Ramkhamhaeng University។

៣. ឃើញទើប​ល្បីៗឥលូវមែន​ ប៉ុន្តែ Kitty ចូល​សិល្បៈចូល​ដែរតាំង​ពីឆ្នាំ ២០១០ ដែល​ដំបូង​គឺ​ជា​តារា​ចម្រៀងក្នុង​ក្រុម Kiss Me Five ដោយមាន​តាំងពី Bow Maylada, Bam Pakakanya, Gail Natcha និង Mild Krittiya ជាដើម។

៤. តាមពិត Kitty មាន​ជំនាញច្រើន មិនមែន​ត្រឹម​តែ​សម្ដែង​ និងច្រៀងរាំទេ ព្រោះនាង​ក៏មាន​ជំនាញ​ក្នុង​ការសរសេរ Script ដែរ។

៥. Kitty ធ្លាប់​ដកខ្លួនចេញពីបណ្ដាញសង្គមដល់ទៅជិត១ខែ ព្រម​ទាំងធ្លាប់គិតចង់សម្លាប់ខ្លួនដោយសារបាក់ទឹកចិត្ត

មូលហេតុដែលនាងផ្អាកលេងបណ្ដាញសង្គម ដូចជា Instagram ជាដើមនោះគឺ ដោយសារនាង​ចង់សម្រាក​ពីអ្វី​គ្រប់យ៉ាង ជាពិសេសមិនចង់ឃើញអ្វី​ដែល​អ្នក​លេង​បណ្ដាញសង្គម​បង្ហោះពីនេះពីនោះ។ ធ្វើបែប​នេះ​នាង​មាន​អារម្មណ៍ថា​បាន​សម្រាក​ខួរក្បាល ព្រោះ​មិនចង់ស្មុគស្មាញដោយសារអ្វី​ដែល​បាន​កើតឡើងលើបណ្ដាញសង្គម។ ម្យ៉ាង វាក៏​ផ្ដល់ផលល្អបំផុត​ដល់នាង ព្រោះ​នាង​មិនចាំបាច់​ឆែកទូរសព្ទញឹក ហើយចំណាយពេល​សម្រាប់ខ្លួនឯងដូចជា លេងជាមួយឆ្មា ឬមើលរឿងលើ Netflix និងធ្វើអ្វី​ផ្សេង​ទៀតដែល​មិនអាច​រំខានអារម្មណ៍។

យ៉ាងណា​មិញក៏មាន​ពេល​មួយ​នាង​ធ្លាប់តូចចិត្ត និងបាក់ទឹកចិត្តខ្លាំង ដោយសារតែបណ្ដាញសង្គម និងដោយសារសម្ដីអ្នក​លេងបណ្ដាញ​សង្គម។ ពាក្យខ្លះ​ធ្វើឲ្យនាង​គិតច្រើន​រហូតចង់សម្លាប់ខ្លួន​ ព្រោះទាំង​អ្វី​ដែល​បាន​កើតឡើង និង​អ្នក​ដែល​ចាំ​ថា​ឲ្យនាង​បំបាក់នាង​សាហាវពេក។ ប៉ុន្តែ​ក្រោយមក Kitty ក៏​បាន​គិតសាជាថ្មី ព្យាយាមបន្តជីវិតជាមួយ​នឹង​រឿងល្អៗ និងបំភ្លេចចោលនូវអតីត ឬ រឿងរ៉ាវ​ដែល​មិនល្អ​សម្រាប់នាង​កាលពីមុន ហើយយ៉ាងហោចណាស់ ក៏នៅមានអ្នកស្រឡាញ់នាងពិតប្រាកដដែរ។

៦. ចរិតពិតរបស់ តួ​ស្រីក្នុងរឿង «Girl From Nowhere» រូបនេះគឺជា​មនុស្សម្នាក់ដែល​ពូកែ​លេងសើច ញ៉ោះគេឯង (ប៉ុន្តែចំពោះអ្នក​ដែលនាងស្និទ្ធជាមួយប៉ុណ្ណោះ) ហើយពេលខ្លះ​នាង​ក៏ពូកែលេងសើចឈឺៗដែរ។ ប៉ុន្តែ​ជារួមនាងគឺជាមនុស្សរួសរាយ និងចូលចិត្តបង្កបរិយាកាសរីករាយ។

៧. ក្នុងមួយជីវិតនេះ Kitty មិនចូល​ចិត្តអ្នកណា​ដែល​មាន​អំនួតលើខ្លួនឯងជ្រុលពេកទេ។ នាង​មាន​អារម្មណ៍ថា​ពិបាក​ណាស់ ពេល​ត្រូវរាប់អានមនុស្សបែបនេះ ព្រោះ​ពួកគេ​គិតតែពីខ្លួនឯង​មិនចេះគិតដល់អ្នកដទៃ។

៨. ពាក្យមួយឃ្លាដែល Kitty ចង់​និយាយទៅកាន់​អ្នកគ្រប់គ្នាគឺ ធ្វើជាខ្លួនឯង បើទោះ​បី​ថ្ងៃណា​មួយមានអ្នក​ចង់បំបាក់អ្នកក៏ដោយក៏មិនអាចទៅរួចដែរ ព្រោះ​អ្នក​មាន​ភាពអស្ចារ្យជា​ខ្លួនឯងស្រាប់ហើយ។

៩. នាង​ជាមនុស្ស​ម្នាក់ដែលស្រឡាញ់សត្វឆ្មាបំផុត ដល់ថ្នាក់សាក់រូបជើងឆ្មានៅសៀតផ្កា គៀនត្រចៀកទៀតផង។

១០. តារាស្រី ២រូបដែល Kitty សរសើរ និងគោរពបំផុតគឺ Ploy Cherman និង Tai Penpak

ប្រភព៖ YouTube | Cosmopolitan ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី