• 2021-06-01 09:06:18
  • ព័ត៌មាន

ការពិត ១០យ៉ាងចេញពីទម្លាប់ជាប្រពៃណីប្រចាំពិភព K-Pop

  • 2021-06-01 09:06:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្ធឹក​នៃ​ការ​គាំទ្រវិស័យ K-Pop ពិតជា​មិនមែន​ជា​រឿង​ធម្មតា​ទេ​នា​ពេលបច្ចុប្បន្ននេះ។ ចំនួន​អ្នកគាំទ្រកើនឡើង​ឥតឈប់ អាស្រ័យ​លើ​បទចម្រៀង និង​ក្បាច់រាំ ផ្សំ​នឹង​ការបង្ហាញ​សមត្ថភាព​ផ្សេងៗ ក៏ដូចជា​រឿងរ៉ាវ​ពីក្រោយជា​ច្រើន។

ងាក​មក​ពេល​នេះ​ សូមបង្ហាញជូន​នូវ​ការពិត​ ១០យ៉ាង​ពីក្នុង​វិស័យ​នេះ ដែល​សុទ្ធ​តែ​បាន​កើតឡើង​កន្លងមកជា​ច្រើន​ឆ្នាំ។

១. ថ្លៃក្នុង​ការ​ហ្វឹកហាត់

សំដៅ​ដល់ទុន​ដែល​ផលិតកម្ម ឬ​ក្រុមហ៊ុន​នីមួយៗបាន​ចំណាយសម្រាប់​តារា​ក្មេងៗដែល​ទើប​សម្រិតសម្រាំងមក​ថ្មីៗ។ នេះ​មានន័យ​ថា​ Trainee ដែល​ទើបជាប់​បាន​ចូល​ផលិតកម្ម​នោះ​ មិន​បាច់ត្រូវចំណាយទេ ហើយវគ្គ​សិក្សា​ដែល​ពួកគេ​ទទួល​បាន​មាន រាំ ច្រៀង ភាសា និង​ជំនាញ​ផ្សេង​ទៀត។ ប៉ុន្តែបើសិន​ជា​ Trainee ណា​សម្រេចបញ្ចប់ការហ្វឹកហាត់នោះ គេ​នឹងត្រូវ​សង​ថ្លៃ​ទាំង​ប៉ុន្មាន​មក​ឲ្យក្រុមហ៊ុន​វិញ។

នៅពេល​ណា​បាន​ចេញ​មុខ​ហើយ ក៏ដូចជា​អាចរក​លុយ​បាន​លើកដំបូង តារា​ទាំង​នោះ​នឹង​ត្រូវ​បែងចែក​ចំណូលជាមួយ​នឹង​ក្រុមហ៊ុន។ ជា​ឧទាហរណ៍ JYP បាន​បែង​ចែក​លុយ​ដែល​រក​បាន​ជាមួយ​នឹង​តារាៗ ៥០ភាគរយ​ម្នាក់។

២. បញ្ហា​អាយុ

នៅប្រទេស​កូរ៉េ អាយុ​ត្រូវ​បាន​លើក​មក​គិត​មុន​គេ​បង្អស់។ នៅពេល​ណា​ដែល​និយាយពី​រៀមច្បង​ណា​ម្នាក់ អ្នក​ត្រូវ​ប្រើភាសាសមរម្យ​ និង​ផ្លូវការ លើកលែង​និយាយជាមួយអ្នក​ដែល​មាន​អាយុ​ប្អូន ឬ​សិស្សប្អូន​ជំនាន់​ក្រោយប៉ុណ្ណោះទើប​អាច​និយាយវាយស្មើបាន។

៣. Comeback

ពេលត្រូវ​ Comeback ម្ដងៗ តារា​ K-Pop ត្រូវ​រវល់ខ្លាំង​បំផុត ព្រោះ​ត្រូវ​ទទួលការងារ​ច្រើន ទាំង​ផលិតបទចម្រៀង និង​ការងារ​បន្ទាប់​ពី Comeback ផ្សេង​ទៀតដូចជា​បង្ហាញ​មុខ​លើ​កម្មវិធីផ្សេងៗទាំង​ក្នុង និង​ក្រៅ​ស្រុក។

៤. ការ​ជ្រើសរើសតារា

មាន​រឿងកើតឡើង​ផ្សេងៗគ្នាក្នុងពិភព K-Pop ទាក់ទង​នឹង​ការ​ជ្រើសរើសតារាម្ដងៗ ហើយតារាៗក៏​ជួប​បទពិសោធខុសៗគ្នាដែរ។

-Minho (SHINee) ត្រូវ​បានគេ​ជ្រើសរើស​នៅ​ Resort លេងស្គីមួយកន្លែង តែ​ពេលនោះ​លោក​បដិសេធ។ ទោះជាយ៉ាងណា អ្នក​ចាត់ការ​របស់ SM ជាប់ចិត្តពេក ក៏ខំ​តាម​ Minho គ្រប់កន្លែង តាំង​ពីសាលាដល់ផ្ទះ រហូត​លោក​យល់ព្រម។

-Sehun (EXO) កំពុង​តែ​ញ៉ាំ Tteokboki យ៉ាង​ឆ្ងាញ់​មាត់ ស្រាប់តែ​ត្រូវ​អ្នក​ចាត់ការ​របស់ SM តាម​ប្រកិត​។ Sehun ដែល​កាល​នោះ​នៅក្មេង​ពេក ណាមួយ​ភ័យខ្លាច​មនុស្សប្លែក​មុខផងក៏ខំ​រត់ចេញយ៉ាង​លឿន។ ប៉ុន្តែ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់អ្នក​ចាត់ការ​របស់ SM ទើប Sehun ព្រម​នៅទីបំផុត។

-Sana (TWICE) ត្រូវ​បានគេ​ចាប់អារម្មណ៍​និងជ្រើសមក​ធ្វើជា​តារា ពេល​នាង​កំពុង​ដើរផ្សារទិញឥវ៉ាន់។ គ្រាន់តែ​ដឹង​ថា​ក្នុង​ក្រុមហ៊ុន​នោះ​មាន​ Idol សំណព្វ​ចិត្តរបស់ខ្លួននាង​ក៏យល់ព្រម។

៥. Fanchants

Fanchants ឬ​អាច​ហៅបាន​ថា​ជា​សម្រែក​បន្ទររបស់ក្រុមអ្នក​គាំទ្រ ដែល​បន្លឺ​ឡើង​ពេល​តារាៗសម្ដែង​ម្ដងៗនោះ គឺ​សុទ្ធ​តែ​មាន​ចង្វាក់​ខុសៗគ្នាពីមួយ​ក្រុម​ទៅ​មួយក្រុម។

៦. ការគាំទ្ររបស់ Fan

នេះជា​រឿងសំខាន់បំផុត ហើយ​បើ​គ្មាន​ចំណុច​នេះ​ទេ ក្រុម​ចម្រៀង ឬតារា​ដែល​បង្ហាញ​មុខប្រាកដ​ជា​ឈរ​ជើងមិនបាន​យូរ​ទេ។ Fansites ឬបណ្ដាញ​សង្គម​ដែលបង្កើត​ឡើង​ក្នុងបំណង​គាំទ្រតារា K-Pop គឺជាមធ្យោបាយ​ដ៏​សំខាន់បំផុតក្នុងវិស័យនេះ។ ពេល​ខ្លះ​ក្រុម​អ្នកគាំទ្រក៏​បាន​បង្កើតជា​ក្រុម និងប្រមូល​លុយ​ធ្វើការងារមួយចំនួន​ដើម្បីប្រកាស​ពីដំណឹង Comeback ឬ​គម្រោងអ្វី​មួយ​របស់ Idol។ ខ្លះទៀតធ្វើជាផ្ទាំងបដាគាំទ្រ អំឡុងពេលប្រគុំតន្ត្រី​ពេល​ Fan Meeting ពេល​ខួប​កំណើត Idol ផ្ទាំងពាណិជ្ជកម្មផ្សេងៗ។

៧. Fandom

Fandomសំដៅដល់​ក្រុមអ្នកគាំទ្ររបស់ Idol ម្នាក់ ឬ១ក្រុម ហើយឈ្មោះក្រុមនីមួយៗដែល​ត្រូវ​បាន​បង្កើតឡើងពិតជាមានន័យសម្រាប់ Idol និងអ្នកគាំទ្រណាស់។

៨. របស់របររបស់ K-Pop

នេះ​សំដៅដល់សម្ភារៈទាំងឡាយ​របស់ K-Pop តាំង​ពីអាល់ប៊ុម រូបភាព និងទំនិញផ្សេងទៀតដែលអាចធ្វើឲ្យហោប៉ៅរបស់ Fan រលុង ប៉ុន្តែ​វា​ជា​រឿង​មានន័យបំផុត​សម្រាប់ Fan ដែលពិតជា​ស្រឡាញ់តារារបស់ខ្លួនពិតៗ។ ដូចនេះ​ពួកគេ​មិន​ស្ដាយ​ក្នុងការ​ចំណាយ​ទេ។

៩. Streaming

រាល់ពេល​ Idol ចេញ​បទ​ចម្រៀងថ្មី​ម្ដងៗ​ ក៏មាន​ន័យ​ថា​វីដេអូបទ​ចម្រៀងផ្លូវការ​នឹង​ត្រូវ​បង្ហាញ​មុខ​លើ YouTube ដែរ ហើយពេល​នោះ​ហើយដែលក្រុមអ្នកគាំទ្រនាំគ្នា​ Stream គោលបំណង​ដើម្បី​កេណ្ឌបាន​ចំនួន​ចូលមើល ឬ View ឲ្យបាន​ច្រើន ជាហេតុអាច​នាំតារា​របស់ពួកគេ​ឡើងដល់ចំណុចកំពូលបាន។

១០. ក្រៀមភាសារបស់ K-Pop

ប្រសិន​អ្នក​មិន​មែន​ជា​អ្នកគាំទ្រ​ K-Pop នោះ​ប្រាកដ​ជា​មិន​ទាន់ជ្រាប​ច្បាស់​ពី​អត្ថន័យ​របស់ពាក្យ​ទាំង​នេះ​ឡើយ។

ឧទាហរណ៍ដូចជាពាក្យថា «OT» ដែល​មក​ពីពាក្យពេញថា «One True» គឺ​ចង់សំដៅ​ដល់ចំនួន​សមាជិកដែល​នៅក្នុង​ក្រុមនីមួយៗ។

ពាក្យថា​ «Stan» មានន័យ​ថា​អ្នកគាំទ្រ និង «Bias» មានន័យ​ថា​ជាសមាជិកសំណព្វ​ណាមួយ​ក្នុងក្រុម៕

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី