• 2021-08-09 04:51:36
  • ព័ត៌មាន

លោក ហ៊ុយ យ៉ាឡេង អាចនឹងផលិតរឿងថ្មីទៀត បើរោងកុនបើកដំណើរការ ទោះបីមានវត្តមានកូវីដក៏ដោយ

  • 2021-08-09 04:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករភាពយន្តខ្មែរឆ្នើម លោក ហ៊ុយ យ៉ាងឡេង ដែលគ្រប់គ្នាស្គាល់តាមរយៈសាច់រឿងល្បីៗជាច្រើន ក្នុងចំណោមផលិតករក្នុងស្រុកផ្សេងៗទៀត ឃើញថាបន្ទាប់ពីស្ងប់ស្ងាត់គ្មានស្នាដៃថ្មីៗបញ្ចេញលើទីផ្សារដោយសារបញ្ហាកូវីដ១៩នៅកម្ពុជា ពេលនេះ ផលិតករភាពយន្តរឿង «ដើម្បីកូន» កំពុងតែរងចាំឲ្យរោងកុនដំណើរការឡើងវិញ ហើយថ្មីៗនេះលោកក៏មានបំណងផលិតរឿងថ្មីមួយទៀតផងដែរ។

កាលពីពេលថ្មីៗនេះ លោក ហ៊ុយ យ៉ាឡេង បានបង្ហោះរូបថតមួយសន្លឹកអមដោយសារសុំយោបល់ពីអ្នកគាំទ្រ ដើម្បីសម្រេចចិត្តផលិតភាពយន្តថ្មីដែលមានចំណងជើងថា «ប្តីខ្ញុំងារឧកញ៉ា» ឆ្លើយតបនឹងរឿងនេះដែរ លោក ហ៊ុយយ៉ាឡេង បានប្រាប់ Sabay ថា ចំពោះរឿងនេះ លោកអាចនិងធ្វើវាឡើង ហើយការធ្វើរឿងនេះក៏ត្រូវចាំមើលពេលវេលាដែរ ព្រោះលោកក៏ត្រូវមានរឿងជាច្រើនដែលត្រូវធ្វើដែរ តែដោយសារកូវិដ១៩ទើបលោកធ្វើអត់បាន ។

លោក ហ៊ុយយ៉ាឡេង បន្ថែមទៀតថា ពេលនេះលោកមានរឿងមួយដែលមិនទាន់ចាក់បញ្ចាំងនៅឡើយ គឺរឿង«គ្រោះជីវិតកូវិដ១៩» ប្រសិនបើរោងភាពយន្តដំណើរការឡើងវិញ លោកនឹងចាក់បញ្ចាំងហើយ។ បន្ទាប់ពីរឿងនេះ លោកនឹងអាចធ្វើរឿង «ប្តីខ្ញុំងារឧកញ៉ា» បន្តបន្ទាប់ទៀត ព្រោះភាពយន្តនេះយក តាមលំនាំរឿងពិតក្នុងសង្គម និយាយពីជីវិតប្តីប្រពន្ធ១គូ ដែលខំតស៊ូស្រឡាញ់គ្នាតាំងពីនៅក្ររហូតដល់ក្លាយជាអ្នកមាន ហើយនៅពេលដែលប្តីក្លាយទៅជាឧកញ៉ា ជីវិតគ្រួសារក៏ចាប់ផ្តើមក្រឡាប់ចាក់ ។

លោក បានបន្ថែមទៀតថា ឲ្យតែរោងកុនបើកដំណើរការពេលណា លោកនឹងធ្វើការចាក់បញ្ចាំងភ្លាម ក្នុងន័យនេះលោកចង់បញ្ជាក់ថា រោងកុនបើក ចង្វាក់ផលិតកម្មអាចដើរ ហើយលោកក៏អាចមានចំណូលខ្លះៗក្នុងការផលិតរឿងផ្សេងៗទៀត បើទោះបីកូវិដ១៩ចប់ ឬមិនចប់ក៏ដោយ ក៏លោកត្រូវតែដំណើរការដែរ។

លោក ហ៊ុយយ៉ាឡេង បានបញ្ជាក់ឲ្យដឹងថា ពីមួយរឿងទៅមួយរឿងមានអ្នកគាំទ្រកាន់តែច្រើនៗឡើង ហើយបើរាប់តាំងពីជំនាន់ឆ្នាំ២០០០មក លោកផលិតបាន២០រឿង ហើយរឿងដែលគេស្គាល់កាលពីឆ្នាំ២០០៥ គឺរៀងផ្ទះខ្មោចទិញ និងរឿងផ្ទះខ្មោចដើមចេកជ្វា។ បន្ទាប់មកឆ្នាំ២០១៣ ទើបលោកល្បីម្តងទៀតក្នុងរឿង «វិកលចរិក» «ធ្មប់» «ទារុណកម្មខ្មោច» និងចុងក្រោយបំផុតគឺរឿង «ដើម្បីកូន»ក្រៅពីរឿងទាំងនេះ ក៏នៅមានរឿងជាច្រើនផ្សេងទៀតដែលលោកផលិតហើយទទួលបានការគាំទ្រពីទស្សនិកជនដូចគ្នាដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម