• 2021-08-10 03:20:24
  • ព័ត៌មាន

មុន​បែក​គំនិត​ចេញ​រកស៊ី និង​កំណត់​ពេល​ដកឃ្លា​ពី​សិល្បៈ ផលិតករ ខាំ ភូរិ ឆ្លងកាត់​ផលិតកម្ម​ចំនួន៦

  • 2021-08-10 03:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជិត​២១​ឆ្នាំ ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក អ្នក​និពន្ធ និង​ដឹកនាំ​រឿង​លោក ខាំ ភូរិ បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ជា​ច្រើន​ខាង​ភាពយន្ត និង​ចម្រៀង។ លោក​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​ការងារ​ជាមួយ​ផលិតកម្ម​ល្បី​ៗ​ចំនួន​៦ ហើយ​គេ​អាច​និយាយ​បាន​ថា លោក​គឺ​ជា​ផ្នែក​មួយ​ជួយ​ជ្រោង​ឲ្យ​ផលិតកម្ម​ទាំង​នេះ​បាន​ល្បី​ល្បាញ​ទៀត​ផង។

លោក ខាំ ភូរិ បាន​ប្រាប់​Sabay ថា ដំបូង​ឡើយ​លោក​បាន​បញ្ចេញ​ស្នាដៃ​តាម​រយៈ​ផលិតកម្ម​តូច​មួយ​ដែល​ផលិត​បទ​ចម្រៀង​លក់​តាម​ផ្សារ គឺ​ផលិតកម្ម"ផ្កា​ឈូក"។ ក្រោយ​មក​លោក​បាន​ចូល​ប្រឡូក​ជាមួយ​ផលិតកម្ម​អាជីព និង​ល្បី​ខ្លាំង​ខាង​ចម្រៀង​ចំនួន​៤ផ្សេង​ទៀត គឺ​ផលិតកម្ម"រស្មី​ស្ទឹង​សង្កែ" ផលិតកម្ម"KH PROMOTION" ផលិតកម្ម"SSB" និង​ផលិតកម្ម"រស្មី​ហង្ស​មាស"។

លោក ខាំ ភូរិ៖"ដោយ​ឡែក​ចុង​ក្រោយ​គេ​បង្អស់​នេះ គឺ​ក្រុមហ៊ុន មេរ៉ា ប្រូដាក់សិន ដែល​យើង​ផ្ដោត​សំខាន់​ទៅ​លើ​ការងារ​ផលិត​ស្ពត​ពាណិជ្ជកម្ម ជា​ពិសេស​ផលិត​កម្មវិធី​អង្គរ​សង្ក្រាន្ដ...ហើយ​ចំពោះ​ស្នាដៃ​របស់​ខ្ញុំ​វិញ​មាន​ច្រើន អីចឹង​មិន​ដឹង​រ៉ាយរ៉ាប់​ពី​ណា​មក​មុន"។

បើ​ទោះ​បី​ជា​លោក​នៅ​តែ​ស្រឡាញ់​ ចូលចិត្ត​វិស័យ​សិល្បៈ ប៉ុន្ដែ​ថ្មីៗ​នេះ​លោក​បានព្រលយ​ពាក្យ​ថា​ លោកនឹង​ដក​ឃ្លា​ពី​អាជីព​និពន្ធ និង​ដឹកនាំ​សម្ដែង​ក្នុង​រយៈ​ពេល​ពី​៤​ទៅ​៥​ឆ្នាំ​ខាង​មុខ​ទៀត​នេះ ហើយ​លោក​នឹង​ងាក​មក​ជួយ​លក់ដូរ​ភរិយា​ឲ្យ​បាន​កាន់​តែ​ច្រើន ខណៈ​ដែល​"បុត្រ​កាហ្វេ"​ដែល​ជា​ហាង​លក់បាយ និងកាហ្វេតូចល្មមួយ ទើប​បើក​ថ្មីដោយរូបលោក និងភរិយា កំពុង​ទទួល​បាន​ការ​គាំទ្រ​ច្រើន។

អ្នក​និពន្ធ និង​ដឹកនាំ​ការ​សម្ដែង ខាំ ភូរិ ដែល​ជា​កូន​ប្រុស​បង្កើត​របស់​អតីត​អភិបាល​ខេត្ត​ក្រចេះ​លោក ខាំ ភឿន ទើប​តែ​ដាច់​ចិត្ត​ចេញ​រកស៊ី​ដោយ​នាំ​ភរិយា​បើក​ហាង​បាយ និង​កាហ្វេ​មួយ​កន្លែង​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​ខែ​មុន។ ដោយ​ការ​ស្រឡាញ់​ចូល​ចិត្ត​ខាង​ចម្រៀង ទើប​នៅ​ក្នុង​ហាង​ទើប​បើក​ថ្មី​នេះ មាន​ដាក់​តាំង​នូវ​ឧបករណ៍​ប្រើប្រាស់ និង​ឧបករណ៍​ភ្លេង​ចាស់ៗ ព្រម​ទាំង​ចម្រៀង​ជំនាន់​ដើម​ជា​ច្រើន ដើម្បី​បម្រើ​អារម្មណ៍​ភ្ញៀវ​ដែល​ភាគ​ច្រើន​ជា​អ្នក​សិល្បៈ​ស្គាល់​លោក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់