• 2021-10-26 04:54:53
  • ព័ត៌មាន

បាត់បង់អ្នកដើរតាមស្ទើរគ្រប់ជំហាន ព្រះកាយច័ន្ទ ពោលពាក្យយ៉ាងក្ដុកក្ដួលនៅថ្ងៃនេះ!

  • 2021-10-26 04:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង រ៉ា សូនីតា ហៅព្រះកាយច័ន្ទ កំពុងជួបទុក្ខធ្ងន់ដោយឪពុកដែលជាបុរសម្នាក់តែងតែនៅកៀកកិតនាងរហូតមិនថាចេញទៅកម្មវិធីសិល្បៈផ្សេងៗ ឬក៏នៅផ្ទះនោះត្រូវឃ្លាតឆ្ងាយពីនាងលែងវិលត្រឡប់។

ដំណឹងដ៏ក្រៀមក្រំនេះ ត្រូវបានកញ្ញាបញ្ចេញតាមបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៦ ខែតុលាថា ចាប់ពីថ្ងៃនេះទៅនាងលែងបានឃើញមុខលោកឪពុកជារៀងរហូតហើយ។ នាងថា សូមពុកទៅឲ្យបានសុខ កុំបារម្ភពីកូនៗ និងភរិយាធ្វើអ្វី ព្រោះនាងអាចមើលថែជំនួសបានហើយ។

រ៉ា សូនីតា៖”លោកឪពុកជាទីស្រលាញ់របស់កូនអើយ! សូមប៉ាទៅឲ្យបានសុខទៅកាន់សុគតិភពកុំបារម្មគិតពីកូនៗ និងម៉ែអី…កូនអាចមើលថែគ្រួសារយើងបានណាប៉ា សូមប៉ាទៅបានសុខ”។

ក្រោយពីបញ្ចេញដំណឹងដ៏សោកសៅនេះ គេឃើញសិល្បករ-សិល្បការិនី ព្រមទាំងអ្នកគាំទ្រតារារូបនេះរាប់រយនាក់ បានសរសេររំលែកទុក្ខ ហើយសូមឲ្យនាងកាត់ចិត្ដ ព្រមទទួលយកការពិត។ ទោះជាយ៉ាងណា គិតត្រឹមម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែតុលា នេះ Sabay មិនទាន់អាចទាក់ទងសាមីខ្លួន ឬសាច់ញាតិរបស់តារាស្រីរូបនេះបញ្ជាក់ពីមូលហេតុ នៃការស្លាប់នេះនៅឡើយទេ។

សូមរំលឹកថា តារាសម្ដែងរាងតូចច្រឡឹង សម្ផស្សបាន រ៉ា សូនីតា ហៅព្រះកាយច័ន្ទ គឺជាតារាសម្ដែងស្រីតែម្នាក់គត់ដែលយកឪពុកដើរតាមពេលខ្លួនចេញថតរឿង ឬស្ពតផ្សេងៗ។ នាង ធ្លាប់ប្រាប់Sabay ថាឪពុក គឺជាបុរសម្នាក់ដែលនាងគោរព ស្រឡាញ់ និងទុកចិត្ដបំផុត រហូតដល់រឿងស្នេហាផ្ទាល់ខ្លួន ក៏តារាស្រីរូបនេះឲ្យឪពុកជាសម្រេចចិត្ដ ឬអនុញ្ញាតឲ្យនាងយកធ្វើជាគូរទើបនាងហ៊ាន៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី