• 2021-11-22 01:32:37
  • ព័ត៌មាន

អស់​ទាស់បាត់មុខយូរ ពិធីការិនី ស៊ិន នារីរត្ន័ ចេញមកវិញ បោះទុនប្រមាណ ៨០ម៉ឺនដុល្លារ

  • 2021-11-22 01:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតពិធីការិនីមានទេពកោសល្យល្អ ម្នាក់ប្រចាំទូរទស្សន៍បាយ័ន ស៊ិន នារីរត្ន័ បានបាត់វត្តមានពី វេទិកាសិល្បៈ និងនៅលើកញ្ចក់ទូរទស្សន៍ អស់ជាច្រើនឆ្នាំមកហើយ ដោយទើបតែលេចមុខវិញ ក្នុងថ្ងៃសម្ពោធអាជីវកម្មធំមួយរបស់នាង។

ស៊ិន នារីរ័ត្ន បានបាត់មុខពីកញ្ចក់ទូរទស្សន៍ប្រមាណជាង២ឆ្នាំមកហើយ ចាប់តាំងពីនាងជួបប្រសព្វគ្នាជាមួយស្វាមី ជាអ្នកជំនួញមួយរូប ដោយ អ្នកនាងសុខចិត្តផ្តាច់ចេញពីការងារចាស់មកវិនិយោគលើមុខជំនាញវិញម្ដង។ តាមការឲ្យដឹង រយៈពេលនេះ អ្នកនាង ស៊ិន នារីរ័ត្ន បានសិក្សារស្វែងយល់ រហូតអាចបង្កើតមុខរបរធំៗបាន២កន្លែង។

ជំនួញនោះ គឺការបម្រើសេវាកម្មផ្នែកម្ហូបអាហារ សង្កត់ធ្ងន់លើសាច់អាំង និងអាហារបែបជប៉ុន ដោយជំនួញទី២នេះ ទើបនឹងបានបើកដំណើរ កាលពីថ្មី​ៗនេះ ដែលមានទុនវិនិយោគដល់ទៅ ៨០ម៉ឺនដុល្លារអាមេរិកឯណោះ។ ក្នុងឱកាសនោះ គេឃើញ ស៊ិន នារីរត្ន័ និងស្វាមី បានអញ្ជើញអតីតមិត្តរួមការងារជាច្រើនមកចូលរួម ក្នុងនោះមានដូចជា សុខ សោម៉ាវត្តី ហ៊ិន ច័ន្ទនីរ័ត្ន លោក អេង រិទ្ធី ប៉ែន ចំរុង និង ហេង កែវនីតាជាដើម។

ត្បិតថា ដកខ្លួនចេញពីការងារសិល្បៈ ព្រមទាំងមានស្វាមី និងកូន២នាក់ហើយក្ដី ប៉ុន្តែក្នុងឈុតរ៉ូបពណ៌ខ្មៅដ៍ប្រណិត អ្នកនាង ស៊ិន នារីរត្ន័ នៅរំលេចភាពស្រស់ផូរផង់ដដែល។ នារីរ័ត្ន ប្រាប់ថា ក្នុងរយៈពេលឃ្លាតពីការងារសិល្បៈ នាងនឹករលឹកការងារធ្លាប់ធ្វើ និងមិត្តភ័ក្ដិ ណាស់ ប៉ុន្តែនាងពិតជារវល់ក្នុងមុខជំនួញខ្លាំង ពិសេសក្នុងវេលាទើបដំណើរការបែបនេះ។ ដូច្នេះហើយ នាងមិនទាន់គិតរឿងវិលត្រឡប់មកការងារពីមុនវិញនោះទេ។

វិលមកការឈានមកបើកអាជីវកម្មប្លែកគេក្នុងចំណោមសិល្បករ នារីរ័ត្ន ប្រាប់ថា នាងសម្រេចវិនិយោគលើអាជីវកម្មម្ហូបអាហារបែបជប៉ុន ព្រោះមើលឃើញឱកាសទីផ្សារធំ។ ម្យ៉ាង ស្វាមី គឺជាអ្នកជំនាញម្ហូបជប៉ុនម្នាក់ ដែលចេះរូបមន្តពិសេសសម្រាប់ធ្វើ ដូចជាទឹកជ្រលក់ និងអ្វីៗជាច្រើនទៀត។

ដូច្នេះហើយ ទើបឯកភាពគ្នា វិនិយោគលើអាជីវកម្មនេះ ហើយជាក់ស្ដែង ឃើញថា អ្វីៗ ដំណើរល្អ រហូតអាចឈានមកពង្រីកសាខានាពេលនេះទៀត។ អតីតពីធីការិនី បញ្ជាក់ថា ក្នុងផែនការ អ្នកនាង និងស្វាមី គ្រោងនឹងពង្រីកសាខាឲ្យបានច្រើនបន្ថែមទៀត ប្រសិនបើជំហាននីមួយៗទទួលបានលទ្ធផលដូចការរំពឹងទុក៕

រូបភាព៖ ផ្ដល់​ជូន​ដោយ​សាមីខ្លួន(ក្រេឌីត៖ De like Studio)

អត្ថបទ៖ ទារិកា

មតិយោបល់