• 2021-11-30 04:27:05
  • ព័ត៌មាន

ថ្ងៃនេះ កាលពី៥ឆ្នាំមុន ប្រិយមិត្ដនៅចាំព្រឹត្ដិការណ៍​ "ចាប៉ីដងវែង”អត់?

  • 2021-11-30 04:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី៣០ ខែវិច្ឆិកា នេះ គឺជាខួប៥ឆ្នាំ នៃការដាក់បញ្ចូល”ចាប៉ីដងវែង” ឬ”ឆក្ឆប៉ី” ជាសម្បត្ដិបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិពិភពលោក នៃអង្គការUNESCO។ នៅថ្ងៃនេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញវីដេអូ នៃការសម្ដែងចាប៉ីដងវែងមួយ ដើម្បីរំលឹកខួប អមដោយការសាទររបស់មហាជន។

ក្រសួង បានរំលឹកថា កាលពី ៥ឆ្នាំមុន នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី “ចាប៉ីដងវែង” ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នៅលើទំព័រFacebook ផ្លូវការរបស់ក្រសួងដដែលបន្ថែមថា៖”អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូល”ចាប៉ីដងវែង”ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២១”។

កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយ ដើម្បីអបអរសាទរ ដល់ព្រឹត្ដិកាណ៍ នៃ​ការដាក់បញ្ចូល"ចាប៉ីដងវែង"ខ្មែរ ទៅជាសម្បត្ដិមនុស្សជាតិពិភពលោក។ កាលណោះក៏មានការប្រគំតន្ដ្រី និងចាប៉ីដងវែង​យ៉ាងអស្ចារ្យដែរ។ ប៉ុន្ដែនៅឆ្នាំនេះ គេមិនឃើញមានពិធីធំដុំដូចមុន ប៉ុន្ដែគេឃើញក្រសួងវប្បធម៌ បញ្ចេញនូវវីដេអូឯកសារមួយ ទុកជាការរំលឹកខួបនេះ។

ការរំលឹកខួប នៃការដាក់បញ្ចូល”ចាប៉ីដងវែង” ជាសម្បត្ដិបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិពិភពលោក នៃអង្គការUNESCO ឆ្នាំ២០២១ នេះ គេឃើញមានមន្ដ្រីរាជការ និងអ្នកលេងបញ្ចេញសង្គមជាច្រើនបានចែករំលឹកសារ ឬបង្ហាញពីភាពអស្ចារ្យ នៃសិល្បៈ”ចាប៉ីដងវែង”។ ក្នុងនោះ គេក៏ឃើញលោក កែម សុវណ្ណា ដែលជាអ្នកថតរូបម្នាក់ បានសម្រាយអត្ថន័យ និងភាពអស្ចារ្យ នៃសិល្បៈមួយប្រភេទនេះ។

“ចាប៉ីដងវែង” មានមុខងារ សំខាន់៤យ៉ាងគឺ៖ ទី១ វាសំខាន់ក្នុងវង់ភ្លេងអារក្ស ដោយគេយកឧបករណ៍នេះទៅប្រគំចូលជាមួយឧបករណ៍ដទៃទៀតក្នុងពេលលៀងអារក្សម្ដងៗតាំងពីសម័យយូរលង់ណាស់មកហើយ។ ទី២ វាសំខាន់ក្នុងវង់ភ្លេងការបុរាណដែលជាប្រពៃណីរបស់ដូនតាយើងតាំងពីរាប់ពាន់ឆ្នាំមកហើយ។ ទី៣ វាសំខាន់សម្រាប់កំដរចម្រៀងបែបកំណាព្យ ដែលអ្នកច្រៀងត្រេះផងច្រៀងផងមានប្រជាប្រិយបំផុត។ និងទី៤ វាសំខាន់ក្នុងវង់ភ្លេងមហោរីសម័យដំបូងបង្អស់ ប៉ុន្ដែសម័យបច្ចុប្បន្ននេះ ចាប៉ីដងវែងគ្មានវត្ដមានក្នុងវង់ភ្លេងមហោរីនេះទៀតទេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់