• 2022-01-11 04:08:33
  • ព័ត៌មាន

Wang Yiren សមាជិកចិនរបស់ Everglow រងការរិះគន់ទក់សាច់ ព្រោះតែមិនព្រមលុតជង្គង់គោរព Fan

  • 2022-01-11 04:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wang Yiren ដែល​ជាសមាជិកជនជាតិចិនប្រចាំក្រុម​ចម្រៀង K-Pop Everglow ត្រូវ​រងនូវការ​វាយប្រហារយ៉ាងចាស់ដៃ ដោយសារមិនលុតជង្គង់គោរពអ្នកគាំទ្រដូចសមាជិករួមក្រុមជនជាតិកូរ៉េដទៃទៀតរបស់ខ្លួន។

កាលពីថ្ងៃទី០២ ខែមករា Everglow បាន​រៀបចំកម្មវិធីមួយ​ ដើម្បីស្វាគមន៍អ្នកគាំទ្រនៅក្នុង​ទីក្រុងសេអ៊ូល ហើយពេល​នោះសមាជិកទាំងអស់​បាន​លុតជង្គង់ចុះដល់ដី ដោយឱនក្បាលគោរព តាម​ទំនៀមទម្លាប់​របស់កូរ៉េ។ ស្របពេល​សមាជិកទាំងអស់អង្គុយចុះអស់ តែងាក​មើល Wang Yiren វិញ បែរជាគោរពតាមស្ទីលចិន ដោយក្ដាប់ដៃម្ខាង និងលាដៃម្ខាង ក្ដោបចូលគ្នា ជាការអបអរឆ្នាំថ្មី។

តាមការឲ្យដឹង​ ក្នុងទំនៀមទម្លាប់ចិន ការលុតជង្គង់ចុះ គឺ​ប្រៀបដូចជាកាយវិការបម្រើអ្នកណាម្នាក់ ហើយមិនត្រូវ​បាន​ចាត់ទុកថា​វា​ជា​ការគោរពបែបសមរម្យទេ។ ប៉ុន្តែ​នៅ​ប្រទេស​កូរ៉េខាងត្បូង វាគឺជាកាយវិការគួរសមបំផុត ដែលអាច​សម្ដែង​ការគោរព និងអរគុណដោយស្មោះអស់ពីចិត្តចំពោះអ្នកណាម្នាក់។

ដោយសារ​មើលឃើញពីអាកប្បកិរិយាបែប​នេះរបស់ Yiren ប្រជាជន​ចិន​បាន​នាំគ្នាសរសើរពេញទំហឹងចំពោះនាង ស្របពេល​នៅប្រទេស​កូរ៉េ នាងត្រូវ​ក្លាយជាផ្ទាំងស៊ីប រងនូវការរិះគន់មិនធម្មតាឡើយពេលនេះ។

មហាជនទាំងនោះបាន​លើកឡើងស្រដៀងៗគ្នាថា៖

- «ទៅចិនវិញទៅ»

- «កុំយកលុយនៅកូរ៉េទៅចាយឲ្យសោះ ប្រាប់ឲ្យហើយ»

- «កុំនៅទីនេះ (កូរ៉េ) ទៀត ទៅចិនវិញទៅ»

ដោយឡែក​បើងាកមកជនជាតិចិនវិញក៏បាន​ចេញការពារ និងគាំទ្រនាងដែរថា៖

- «ជនជាតិចិនមិនលុតជង្គង់ទេ»

- «ខ្ញុំរំភើបណាស់​ដែល Idol ម្នាក់នេះរក្សាតម្លៃទំនៀមទម្លាប់របស់ចិន»

- «បើអ្នកលុតជង្គង់អ្នកនឹងត្រូវចិនស្ដីឲ្យ តែបើមិនលុតជង្គង់បែរជាត្រូវមាត់ជនជាតិកូរ៉េ! ធ្វើតារាមិនស្រួលទេ!»។

ទាក់ទង​នឹង​បញ្ហានេះ ទាំង Yiren និងផលិតកម្ម Yue Hua របស់​នាង​មិនទាន់​ចេញមុខនិយាយអ្វី​ឡើយ ប៉ុន្តែនៅ​ថ្ងៃច័ន្ទ (ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២) ផលិតកម្មបាន​ចេញសេចក្ដីប្រកាសមួយទាក់ទង​នឹង​ការវិលទៅ​កាន់ប្រទេសចិនវិញរបស់ Yiren

«Yiren ត្រូវ​ត្រឡប់ទៅកាន់ប្រទេសចិនវិញ ចាប់ពីពាក់កណ្ដាលខែមករា ដល់ចុងខែកុម្ភៈ ដើម្បី​បន្តការសិក្សា ដូច្នេះ​នាង​នឹង​សម្រាក​មួយរយៈនៅទីនោះ ស្របពេល​ត្រូវ​ចំណាយ​ពេលជាមួយនឹងគ្រួសារ ដែល​នាង​ឃ្លាតឆ្ងាយ មិនបានជួបមុខយូរមក​ហើយ ព្រោះ​តែការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ១៩»

ប្រភព៖ Scmp

មតិយោបល់
អត្ថបទពេញនិយម