• 2022-01-11 07:57:58
  • ព័ត៌មាន

មកដល់ភ្នំពេញដំបូងតែពីរនាក់បងប្អូនម៉ង់ៗ តែ នាង គន្ធា ទទួលបានភាពកក់ក្ដៅនេះជានិច្ចពីបងប្រុស

  • 2022-01-11 07:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មសាន់ដេ នាង គន្ធា បន្ដអាជីពសិល្បៈយ៉ាងស្វាហាប់ បើទោះបីជាពេលនេះនាងពុំមានបងប្រុសជួយមើលថែ និងផ្ដល់កម្លាំងចិត្ដដូចមុន។ ប៉ុន្ដែតារាស្រីរូបនេះ នៅមិនទាន់អស់អាល័យពីពាក្យទូន្មាន និងការមើលថែនាងពីសំណាក់បងប្រុសជំនួសឪពុក-ម្ដាយអស់រយៈពេលជាង៥ឆ្នាំ កន្លងទៅនោះនៅឡើយទេ។

បន្ទាប់ពីបងប្រុសឈ្មោះ នាង ប្រាក់សុគន្ធ ដែលជាអ្នកចម្រៀងដូចគ្នាបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នាង គន្ធា តែងតែនិយាយលួងចិត្ដខ្លួនឯងថាត្រូវតែរឹងមាំ ព្រោះនាងជឿថាព្រលឹងបងប្រុសនៅតែតាមជួយមើលថែនាងដដែល។

កញ្ញា នាង គន្ធា រំលឹកអនុស្សាវរីយ៍ជាមួយបងប្រុសតាមរយៈSabay នៅរសៀលថ្ងៃទី១១ ខែមករា នេះថា កញ្ញា និងបងប្រុស នាង ប្រាក់សុគន្ធ បានចេញពីស្រុកកំណើតនាខេត្ដបាត់ដំបង មករស់នៅផ្ទះជួល ម្ដុំសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦។ កាលណោះ​ នាងពុំមានមិត្ដភក្ដិ ឬសាច់ញាតិណាម្នាក់ជាពំនាក់អាស្រ័យទេ គឺមានតែការមើលថែគ្នាតែពីរនាក់បងប្អូនប៉ុណ្ណោះ។

កញ្ញា នាង គន្ធា៖ “អនុស្សាវរីយ៍ជាមួយគាត់(នាង ប្រាក់សុគន្ធ) មានច្រើន មានគ្រប់យ៉ាង គាត់ជាបងប្រុសល្អបំផុត គាត់មើលថែខ្ញុំ ពេលមកដល់ភ្នំពេញ…នៅផ្ទះជួលតែពីរនាក់បងប្អូន ហើយគាត់តែងតែធ្វើជាមេផ្ទះសម្រាប់ខ្ញុំ”។

សូមរំលឹកថា តារាចម្រៀងប្រុស នាង ប្រាក់សុគន្ធ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៥ ខែធ្នូ។ ពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ត្រូវ​បាន​ធ្វើកាលពីថ្ងៃទី៣០ ខែធ្នូ ដោយ​មាន​ការ​ចូល​រួម​មរណៈទុក្ខពីសំណាក់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នូវទឹកប្រាក់១០លានរៀលទៀតផង។ បន្ទាប់ពីធ្វើបុណ្យជូនបងរួចរាល់ នាង គន្ធា បានវិលមកបន្ដអាជីពសិល្បៈ និងរស់នៅភ្នំពេញតែម្នាក់ឯង៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម