• 2022-05-23 06:25:45
  • ព័ត៌មាន

Gatick ត្រូវពិធីករ Noom Kanchai ហៅមកសម្ភាស ក្រោយបែកធ្លាយរូបថ្មីរបស់ Tangmo លើទូក

  • 2022-05-23 06:25:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ​ រូបភាព​ និងវីដេអូជា​ច្រើនលើទូករបស់ Tangmo ក្នុងថ្ងៃកើតហេតុត្រូវបាន​បង្ហោះចេញជាបន្តបន្ទាប់ ធ្វើឲ្យមហាជននាំគ្នា​ឆ្ងល់ថា អ្នកណាជា​អ្នកធ្វើរឿងទាំងនេះ ព្រោះ​គ្រប់គ្នាដឹងហើយថា Tangmo បាន​លាចាកលោកទៅហើយតាំងពីថ្ងៃទី២៤ ខែកុម្ភៈ។ ជុំវិញ​រឿងនេះ​ ក៏ត្រូវ​បាន​ប៉ូលីសជំនុំជម្រះអស់ហើយដែរថា ជាករណីឧប្បត្តិហេតុ ពោលគឺកើតពីការធ្វែសប្រហែសរបស់អ្នកជិះទូកជាមួយ Tangmo ដែលមិនបាន​មើលខុសត្រូវការពារគ្នាឲ្យបានល្អ រហូតមាន​រឿងបែបនេះ។

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ពិធីករ Noom Kanchai បាន​អញ្ជើញ Gatick មក​សម្ភាសផ្ទាល់ ដើម្បីជជីកសួរនូវអ្វី​ដែល​បាន​កើតឡើង។ ពេលបានអង្គុយចំពោះមុខគ្នា ពិធីករ Noom​ បានសួរថា មានអារម្មណ៍យ៉ាងណាដំបូង ពេលបាន​ឃើញរូបទាំងនោះ?

Gatick ក៏ឆ្លើយថា៖ «ខ្ញុំគ្រាន់តែឆ្ងល់ ថាអ្នកណាជាអ្នកធ្វើ? អាចថាអ្នកខ្លះជាអ្នកធ្វើ ប៉ុន្តែឆ្ងល់ថា ពួកគេអាចធ្វើវាបាន​ដោយរបៀបណា? ដំបូងអ្នកម៉ែ (ម្ដាយ Tangmo) សង្ស័យថាជា Gatick អ្នកធ្វើ តែខ្ញុំតបវិញថាមិនបានធ្វើទេ អាចឲ្យប៉ូលីសស៊ើបខ្ញុំបាន។»។

ងាកមក ពិធីករវិញ បាន​លើកឡើងថា៖ «លោក Achariyak គិតថាការស្លាប់របស់ Tangmo ជាអំពើឃាតកម្ម ឯអ្នកម៉ែវិញពីដំបូង មិនបានគិតដល់រឿងនេះទេ តែពេលរូបភាពត្រូវបាន​បង្ហោះជាបន្តបន្ទាប់ អ្នកម៉ែក៏សង្ស័យដូចលោក Achariyak ដែរថាជាអំពើឃាតកម្ម»។

ប៉ុន្តែងាកទៅ Gatick ដូចជាមិនសូវជាភ័យបារម្ភអ្វីទាំងអស់ ដោយបង្ហាញមុខលើកនេះ នាង​និយាយដោយចិត្តក្លាហាន លាយទាំងសើចទៀត មិនខ្វល់អ្នកណាចោទឡើយ។ នាង​បាន​តប ដោយបាន​លើកឡើងថា៖ «បើសិនមានអ្វីធ្វើឲ្យខ្ញុំមិនសប្បាយចិត្ត ខ្ញុំ​នឹង​ប្ដឹងភ្លាម»។

Noom លាន់មាត់ថា «អូហូ ខ្ញុំ​មាន​អារម្មណ៍ថា​អ្នកប្រែខ្លាំង​មែនទែន ដូចបាតដៃខ្នងដៃអ៊ីចឹង គឺប្លែកខុសពីពេលសម្ភាសដំបូងកាល​ពី ៣ ខែមុន គឺឆ្ងាយតែម្ដង»

ជាក់ស្ដែង ករណីដែល​ទើបកើតឡើងថ្មីៗនេះ​ ពិតជាធ្វើឲ្យគ្រប់គ្នាវិលវល់អស់ហើយ ទាំងមិនដឹងថាតើការពិតយ៉ាងណាឲ្យប្រាកដ ពិសេស​ក្រោយពេល​លេចរូបភាពជាច្រើនចេញពីថ្ងៃកើតហេតុ ដែលសុទ្ធតែជារូបមិនធ្លាប់ឃើញមានអ្នកណា Post ពីមុនមក៕

មតិយោបល់