• 2022-07-20 08:41:11
  • ព័ត៌មាន

វីរសិល្បករជើងចាស់បួនរូបលើកទឹកចិត្តកូនខ្មែរជំនាន់ក្រោយឲ្យជួយផលិតកម្មវិធីសិល្បៈបុរាណឱ្យបានច្រើន

  • 2022-07-20 08:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការគាំទ្រ ស្រឡាញ់ទៅលើវិស័យសិល្បៈបុរាណជារឿងសំខាន់ណាស់សម្រាប់កុលបុត្រខ្មែរគ្រប់រូប ហើយការស្រឡាញ់គាំទ្រនេះគឺមិនគួរបានតែត្រឹមនិយាយទេ គឺការចូលរួមធ្វើសកម្មភាពដោយផ្ទាល់ មានអភិរក្ស និងអភិវឌ្ឍដោយចេញពីក្រអៅបេះដូង ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ការផលិតកម្មវិធីសិល្បៈបុរាណ ការរៀបចំមហោស្រព ការស្វែងយល់ពីតម្លៃពិតនៃវប្បធម៌សិល្បៈបុរាណជាដើម។

នៅក្នុងកិច្ចសម្ភាសមួយរវាងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ជាមួយវីរសិល្បករបួនរូប ដែលជាព្រឹទ្ធាចារ្យចាស់ទុំលើផ្នែកសិល្បៈបុរាណ លោកទាំងបួនបានលើកឡើងស្រដៀងគ្នាទាក់ទិនទៅនឹងការជំរុញឱ្យផលិតកម្មវិធីសិល្បៈបុរាណ។

ឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង

ឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង បានមានប្រសាសន៍ថា៖ កម្មវិធីប្រកួត ឬមហោស្រពប្រៀបបីដូចជាសាលារៀន ដើម្បីជាគម្រូ ណែនាំឱ្យក្រុមសិល្បៈទាំងអស់ជ្រួតជ្រាបនូវបច្ចេកទេសលម្អិតតទៅទៀត ដើម្បីឱ្យឃើញតម្លៃពិតនូវរបាំក្បាច់បុរាណនេះ។ បើយុវជនគាំទ្រ ហើយនាំគ្នាធ្វើចលនា មានពីរគឺចូលរួមនិងគាំទ្រ នោះព្រលឹងជាតិ អត្តសញ្ញាណជាតិអត់ស្លាប់ទេ។.

លោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី

រីឯលោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី បានមានអនុសាសន៍ថា៖ ការបង្កើតកម្មវិធីសិល្បៈបុរាណ ជាការមួយ ដែលល្អត្រឹមត្រូវ ដែលធ្វើឲ្យយុវជនខ្មែរយើងមានគំនិតផ្ដួចផ្ដើម ច្នៃប្រឌិតធ្វើឲ្យរស់ឡើងវិញនូវទម្រង់ល្ខោនខ្មែរ ដែលជាមរតករបស់វប្បធម៌ជាតិយើង ដ្បិតបច្ចុប្បន្នមានទម្រង់មួយចំនួនដែលផុយស្រួយ ងាយនឹងបាត់បង់។ លោកជំទាវបានបន្តថា៖ សូមមេត្តាយុវវ័យ ការស្រឡាញ់គាំទ្រពិតមែនហើយ តែសូមថែរក្សានូវទម្រង់ដើម ច្នៃប្រឌិត អភិវឌ្ឍទម្រង់ថ្មី ហើយចំពោះទម្រង់ដើម សូមកុំបំផ្លើសបំភ្លៃ កែកាឡៃ កាលណាធ្វើអ៊ីចឹង យើងបាត់អត្តសញ្ញាណ និងពុំគប្បីជាមួយបុព្វបុរស ខាងប្រាជ្ញព្រឹទ្ធបណ្ឌិតសិល្បៈ។

លោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន

ចំពោះលោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន បានមានប្រសាសន៍ថា ការផលិត និងផ្សព្វផ្សាយកម្មវិធីសិល្បៈបែបបុរាណតាមទូរទស្សន៍នេះ គឺជាការល្អណាស់ ព្រោះរបាំបុរាណនេះ នៅលើពិភពលោកនេះ គេទទួលស្គាល់ ហើយផ្សព្វផ្សាយនេះធ្វើឲ្យកូនខ្មែរស្គាល់ពីក្បាច់របាំ ដ្បិតសព្វថ្ងៃ ការផ្សព្វផ្សាយពីសិល្បៈសម័យតាមទូរទស្សន៍ មានច្រើនជាងបុរាណ។ ព្រឹទ្ធាចារ្យរូបនេះបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ការចាប់អារម្មណ៍របស់យុវជនទៅលើវប្បធម៌បុរាណមានច្រើន ជាក់ស្ដែងតាមរយៈល្ខោនបុរាណរឿងព្រះអនរុទ្ធ ព្រះនាងឱស្សា ក្មេងៗមានការភ្ញាក់ផ្អើល ទៅទិញសំបុត្រ ចង់មើល ចង់ដឹង។ អ្នកគ្រូមានការអបអរសាទរដែរ ដែលឃើញយុវជនជំនាន់ក្រោយជួយលើកតម្លៃសិល្បៈរបាំក្បាច់បុរាណ។

លោកស្រីសាស្ត្រាចារ្យ សំ សត្យា

ចំណែកឯលោកស្រីសាស្ត្រាចារ្យ សំ សត្យា បានលើកឡើងថា កម្មវិធីប្រឡងសិល្បៈបុរាណ ជាវេទិកាមួយសម្រាប់រៀនសូត្រ ហើយយើងចែកបទពិសោធន៍រវាងយុវជនម្នាក់និងយុវជនម្នាក់ នោះហើយធ្វើឱ្យវប្បធម៌កាន់តែរីកដុះដាល ព្រោះយើងចង់អភិរក្ស ហើយក៏អភិវឌ្ឍ ពីរហ្នឹងដើរទន្ទឹមគ្នា ហើយកាលណាយុវជនយើងស្វែងយល់ពីវប្បធម៌យើងបានច្រើន ធ្វើឲ្យយើងមានធនធានរឹតតែច្រើន ជាអ្នកបន្តវេនពីគ្រូចាស់ៗ។ ជាចុងក្រោយ លោកស្រីក៏សំណូមពរឱ្យប្អូនៗ យុវជនជំនាន់ក្រោយចូលរួមគ្រប់កម្មវិធីវប្បធម៌ សិល្បៈបុរាណឲ្យបានច្រើន ដើម្បីឱ្យវប្បធម៌យើងកាន់តែរីកដុះដាលទៅមុខទៀត។

មតិយោបល់