• 2022-08-25 02:45:43
  • ព័ត៌មាន

ចំរើន សុភ័ក្ដ្រ ស្រក់ទឹកភ្នែកលើពាន ព្រោះមានអ្នកមើលរំលងសមត្ថភាពខ្លួន

  • 2022-08-25 02:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង ចំរើន សុភ័ក្ដ្រ ដែលគេមើលឃើញថាកញ្ញាមានសមត្ថភាពច្រៀងបានពីរោះស្ទើរគ្រប់ទម្រង់ ក្នុងអាជីពចម្រៀង ប៉ុន្ដែបែរជាស្រក់ទឹកភ្នែកលើពានទាំង៤ ដែលខ្លួនទទួលបានដោយសមត្ថភាពពិតៗនាពេលកន្លងមកទៅវិញ។

កំពុងជិះទូក កណ្ដាលទន្លេ ក្នុងសម្លៀកបំពាក់បុរាណអមដោយមិត្ដសិល្បៈខ្លះចាំជួយផ្ដល់កម្លាំងចិត្ដផង ចំរើន សុភ័ក្ដ្រ បានពោលទាំងអួលដើមកថា រូបកញ្ញាផ្ទាល់ធ្លាប់ទទួលបានកោតសរសើរជាច្រើនពីអ្នកនៅជុំវិញខ្លួនលើទឹកដមសំឡេង និងសមត្ថភាពក្នុងការឡើងឆាកច្រៀង ប៉ុន្ដែប្រជា ប្រិយភាពវិញមិនដើរទៅមុខ ដូចអ្នកមិនសូវមានសមត្ថភាព តែរូបសម្បត្ដិល្អក៏ចេះតែល្បីកាន់តែខ្លាំង។

ចំរើន សុភ័ក្ដ្រ៖ “សព្វថ្ងៃពាន មានដល់ទៅ៤ តែខ្ញុំមានអារម្មណ៍ថាអត់មានអីគេសោះហ្មង! ពេលខ្លះមានអារម្មណ៍ថាពានហ្នឹងមិនដឹងថាយកមកធ្វើអីទេ ព្រោះខ្ញុំសង្កេតមើលថាសិល្បៈយើងបើមានភាពបុរាណនៅក្នុងខ្លួន វាពិបាកធ្វើឲ្យខ្លួនឯងល្បីខ្លាំង”។

ចំរើន សុភ័ក្ដ្រ គឺជាម្ចាស់ជយលាភី “The Mask Cambodia” រដូវកាលទី១។ ក្រៅពីនេះកញ្ញា ក៏ទទួលបានពានចំនួន ៣ផ្សេងទៀតដែរ ដែលពានទាំងអស់កើតចេញពីសមត្ថភាពច្រៀងរបស់នាង។

ស្រដៀងគ្នានិងការបង្ហាញពីការតូចចិត្ដរបស់ ចំរើន សុភ័ក្ដ្រ នេះ កាលពីឆ្នាំមុនគេនៅចាំបានថា ម្ចាស់ពាន Cambodian Got Talent ម្នាក់ គឺលោក យឿន ពិសី ក៏ធ្លាប់កាន់ពាន ហើយទ្រហោរយំតាមបណ្ដាញសង្គមដែរ។ លោកថា ខ្លួនមានសមត្ថភាព និងពាន ប៉ុន្ដែពុំមានប្រជាប្រិយភាព ឬមានឱកាសបានឡើងឆាកដូចតារាដទៃឡើយ។

ចំពោះតារាចម្រៀងសំឡេងផ្អែមពីរោះ ចំរើន សុភ័ក្ដ្រ វិញ បន្ទាប់ពីមិត្ដភក្ដីទម្លាយវីដេអូ នៃការត្អូញត្អែរបស់កញ្ញានេះទៅក៏មានអ្នកគាំទ្រជាច្រើនបានឈឺឆ្អាល ដោយអ្នកខ្លះចោទជាសំនួរថា៖ “ហេតុអ្វីអ្នកដែលមានសមត្ថភាពពិត ច្រើនតែគេមើលរំលងបែបនេះ?”៕

ជិន សុភ័ក្ដ្រ

មតិយោបល់