ចំរើន សុភ័ក្រ និងបងស្រី ជាប់ឈ្មោះទៅដណ្ដើមពាន Grammy Awards
កញ្ញា ចំរើន សុភា ដែលជាបងស្រីរបស់តារាចម្រៀង ចំរើន សុភ័ក្រ បានថ្លែងមកកាន់ Sabay ថាខ្លួន និងប្អូនស្រី ជាមួយក្រុមតន្ត្រី ៣នាក់ទៀតកំពុងត្រៀមខ្លួនចេញទៅអាមេរិកដណ្ដើមពាន Grammy Awards ដែលជាកម្មវិធីប្រកួតប្រជែងពានរង្វាន់ធំបំផុតក្នុងវិស័យតន្ត្រី បន្ទាប់ពួកគេជាប់ឈ្មោះក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ។
(ចំរើន សុភ័ក្រ)
ព័ត៌មានពីបងប្អូនតារាចម្រៀងទាំងពីរជាប់ឈ្មោះក្នុងការប្រកួតកម្មវិធី Grammy Award នេះ ត្រូវចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកជាភាសាអង់គ្លេសមួយ(KhmerTimeKh)។ បញ្ហានេះ កញ្ញា ចំរើន សុភា បានទទួលស្គាល់ ហើយថា ការដែលចេញទៅប្រកួតនោះ គឺទៅលក្ខណៈជាក្រុម ដោយសារនាងមានក្រុមមួយឈ្មោះថា "KROM” មានសមាជិក៥នាក់។
"ពួកយើងមានចម្រៀង១បទដើម្បីចូលរួមប្រកួត ហើយអ្វីដែលពិសេស ជាមូលហេតុយើងអាចចូលរួមបាន ដោយសារបទចម្រៀងយើងជាបទខ្មែរ តែស្តង់ដាបរទេសទើបខាង Grammy គេចាប់អារម្មណ៍"។ មិនត្រឹមតែប៉ុណ្ណោះ "KROM” ក៏បានសហការជាមួយក្រុមហ៊ុន Music/Radio Promotion របស់អាមេរិកដើម្បីផលិតជា អាល់ប៊ុម ចម្រៀងផងដែរ។
សុភា បន្ថែមថា "វាជាជោគជ័យមួយរបស់ "KROM” យើងមានមោទនភាពដែលយើងក្លាយជាក្រុមទី១របស់កម្ពុជាបានទៅប្រកួតនៅ Grammy ទោះបីយើងមិនទាន់ដឹងលទ្ធផលក៏យ៉ាងណាដោយ យើងសង្ឃឹមថា "KROM” នឹងអាចធ្វើឲ្យបរទេសកាន់តែស្គាល់ច្បាស់ពីតន្ត្រីរបស់កម្ពុជា"។
ការចេញទៅប្រកួតនេះ គឺប្រកួតយកពានពីរទម្រង់ ទី១ "Best World Music Album” និងទី២ "Song of the Year”។ ចំណែកឯពេលពេលវេលាក្នុងការចេញទៅ កញ្ញា ចំរើន សុភា មិនទាន់អាចបញ្ជាក់នៅឡើយទេ។
(ចំរើន សុភា)
Grammy Awards គឺជាកម្មវិធីលំដាប់កំពូលក្នុងការប្រកួតពានរង្វាន់ផ្នែកសិល្បៈតន្ត្រី ដែលតែងតែប្រារព្ធឡើងនៅសហរដ្ឋអាមេរិក កម្មវិធីនេះដែរវង់តន្ត្រីរបស់អាស៊ីមិនច្រើននោះទេដែលមានឱកាសបានទៅចូលរួម សម្រាប់កម្ពុជានេះជាលើកទី១ផងដែរ៕
អត្ថបទ៖ SAMEDY
រូបភាព៖ Facebook