• 2022-08-25 05:38:13
  • ព័ត៌មាន

សៀវភៅកត់ត្រាស្នាដៃសិល្បៈសហសម័យខ្មែរ «ទីប្រសព្វ» របស់លោក ឡារី ស្ត្រេង ដាក់តាំងបង្ហាញផ្លូវការ

  • 2022-08-25 05:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ទីប្រសព្វ៖ សមុច្ច័យសិល្បៈសហសម័យខ្មែររបស់ លោក ឡារី ស្ត្រេង» ដែលកត់ត្រានូវស្នាដៃសិល្បៈជាច្រើនដែល លោក ឡារី បានប្រមូលជាវនៅកម្ពុជាតាំងពីឆ្នាំ ២០០៤ ត្រូវបានគម្រោងសិល្បៈស-ស ដាក់តាំងបង្ហាញ នៅទីតាំងវិចិត្រសាលរបស់ខ្លួនកាលល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ។

លោក ឡារី ស្រ្តេង(កណ្តាល)ឈរឳបដៃ ថតរួមជាមួយសិល្បករខ្មែរម្ចាស់ស្នាដៃដែលលោកបានប្រមូល និងជាវក្នុងថ្ងៃកម្មវិធី រូបថត៖ ផ្តល់ឲ្យដោយគម្រោងសិល្បៈស-ស

ស្នាដៃសិល្បៈដែល លោក ឡារី ស្ត្រេង បានប្រមូលជាវរួមមានស្នាដៃសិល្បករ ឈឹម សុធី, លាង ស៊ីកន, មាស សុខន, វង្ស រ៉ាវ៉េត, ចាន់ ដានី,ខ្ចៅ ទូច, ឡុង កុសល, ម៉ិល ចាន់ក្រឹម, អឿ សុគន្ធទេវី, សៅ ស្រីម៉ៅ, ពេជ្រ សុភាព, ខ្វៃ សំណាង, វណ្ឌី រតនា, ម៉ន ជា, ប្រាក់ ដាលីន, រឿន សុខុម, ចូវ ធានលី, ស្វាយ គីន, វ៉ាន់ ចាន់វ៉ន។ សមុច្ច័យរបស់លោក ឡារី ស្ត្រេង ដែលបានយកមកតាំងបង្ហាញក្នុងពិព័រណ៍នេះរួមមានស្នាដៃរបស់សិល្បករ ពេជ្រ សុភាព, ចាន់ ដានី, ចូវ ធាលី, គល់ បញ្ញា, កុល គិរីវ៉ាត់, ឡារីន លីដា, ឡុង ឡាវី, ម៉ិល ចាន់ក្រឹម, ម៉ន ជា, ប្រាក់ ដាលីន និងវ៉ាន់ ចាន់វ៉ន។ ស្នាដៃរបស់សិល្បករទាំងអស់គ្នានេះ បានផ្តល់នូវរូបភាពប្រព័ន្ធអេកូឡូស្ស៊ីនៃសិល្បៈសហសម័យនៅកម្ពុជាមួយតូច តែកំពុងរីកលូតលាស់។

លោក ឡារី បញ្ជាក់ថា «ខ្ញុំចាប់ផ្តើមទិញស្នាដៃសិល្បៈតាំងពីឆ្នាំ ២០០៤ មកម្លេះ។ ពេលនោះខ្ញុំមិនដឹងថា តាមពិតខ្ញុំមិនមែនគ្រាន់តែជាវស្នាដៃសិល្បៈដែលខ្ញុំស្រលាញ់ប៉ុណ្ណោះទេ គឺខ្ញុំកំពុងតែសន្សំនិងកសាងនូវ សមុច្ច័យសិល្បៈ មួយ។ ហើយខ្ញុំក៏មិននឹកស្មានដែរថា សិល្បករដំបូងៗដែលខ្ញុំជាវស្នាដៃពីគាត់ដូចជា លោក ពេជ្រ សុភាព, លោក លាង ស៊ីកន និងលោក ខ្វៃ សំណាង ជាដើម ប្រមាណជា ១ ទសវត្សន៍ក្រោយមក បានក្លាយទៅជាសិល្បករល្បីឈ្មោះលើឆាកអន្តរជាតិ និងក្លាយជាមិត្តរបស់ខ្ញុំនោះទេ។»

ស្នាដៃនៅក្នុងសមុច្ច័យសិល្បៈរបស់ លោក ឡារី ស្រ្តេង ហាក់ដូចជាការប៉ាន់ប្រមាណសង្ខេបមួយនៃសិល្បៈសហសម័យពីកម្ពុជាដូច្នេះដែរ។ ថ្វីត្បិតតែស្នាដៃនៅក្នុងសមុច្ច័យកំពុងតែពង្រីកនេះ មិនមែនជាទិដ្ឋភាពទូទៅទាំងស្រុងនៃសិល្បៈសហសម័យពីកម្ពុជាក្តី ក៏វានៅតែឆ្លុះបញ្ចាំងអំពីដំណើរនៃការវិវត្តន៍សិល្បៈសហសម័យនៅកម្ពុជា ចាប់តាំងពីពេលដែលវិស័យនេះបានរីកលូតលាស់ពីទសវត្សរ៍ឆ្នាំ ១៩៩០ រហូតមកដល់ពេលបច្ចុប្បន្ន។ សិល្បករសិល្បការិនីនៅក្នុងសមុច្ច័យនេះ តំណាងឲ្យការបន្តចំណេះដឹង និងការកសាងសហគមន៍ជាច្រើនជំនាន់ តាមរយៈការបណ្តុះបណ្តាលរបស់ពួកគេ ឬក៏គ្រឹះស្ថានអប់រំដែលបានសម្រួចការងារសិល្បៈរបស់គេ ក៏ដូចជាការចូលរួមចំណែករបស់ពួកគេនៅក្នុង វិស័យនេះ។

សៀវភៅ «ទីប្រសព្វ» របស់លោក ឡារី ស្ត្រេង តាំងបង្ហាញក្នុងវិចិត្រសាលក្នុងថ្ងៃកម្មវិធី រូបថត៖ ផ្តល់ឲ្យដោយគម្រោងសិល្បៈស-ស

នៅពេលដែលយើងគិតអំពីប្រសព្វ នៅពេលដែលយើងគិតអំពីសិល្បៈខ្មែរ យើងគួរនឹកដល់ទន្លេចតុមុខ ដែលមានកម្លាំងនៃទន្លេទាំងបួនភពប្រសព្វគ្នា និងបង្កបង្កើតជីវិតឲ្យគ្នាជាថ្មី។ នោះហើយជាអ្វីដែលធ្វើឲ្យទីក្រុងភ្នំពេញក្លាយជាទីក្រុងពិសេសមួយ ដែលនៅតែស្ថិតក្នុងដំណើរការកកើត និងផ្លាស់ប្តូរជានិច្ច។ វាដូចគ្នាដែលទៅនឹងសិល្បៈសហសម័យនៅកម្ពុជាដែរ គឺវាមានដំណើរបត់បែនយឺតៗ ប៉ុន្តែពោរពេញទៅដោយកម្លាំងថាមពល។ សំខាន់ជាងនេះទៅទៀតនោះ វាគឺជាការបេ្តជ្ញាចិត្ត និងបទពិសោធន៍រៀនសូត្ររបស់សិល្បករនិងអ្នកធ្វើការក្នុងវិស័យវប្បធម៌ទាំងនេះ ដែលបានចូលរួមផ្លាស់ប្តូរនិងកសាងបន្តគ្នា ព្រមទាំងវិធីសាស្រ្តដែលពួកគេភ្ជាប់និងជម្រុញគ្នាពីជំនាន់មួយទៅជំនាន់មួយទៀត ដែលធ្វើឲ្យស្នាដៃរបស់ពួកគេនិងសហគមន៍របស់ពួកគេក្លាយទៅជាទីប្រសព្វ។

លោក ឡារី បន្ថែមថា «សមុច្ច័យ និងសៀវភៅ ទីប្រសព្វ ពិតជាមានសារៈសំខាន់ណាស់ ហើយក៏ជាការអបអរសាទរចំពោះសិល្បករសហសម័យកម្ពុជា និងស្នាដៃរបស់គាត់ ដែលភាគច្រើនអាចសម្រេចទៅបានដោយត្រូវពុះពារឧបសគ្គ។ វាក៏ជាការអបអរសាទរចំពោះមោទនភាពក្នុងការជាវស្នាដៃរបស់ពួកគាត់ និងមិត្តភាពដែលខ្ញុំមានជាមួយពួកគាត់។»

សម្រាប់ទស្សនិជនចង់ទស្សនាពិព័រណ៍ផ្ទាល់អាចទៅទីតាំងនៃគម្រោងសិល្បៈស-ស ផ្ទះលេខ៤៧ ផ្លូវលេខ៣៥០ (ជិតកែង ផ្លូវ៩៥) ភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២៕




រូបថត៖ ផ្តល់ឲ្យដោយគម្រោងសិល្បៈស-ស

មតិយោបល់
អត្ថបទថ្មី