• 2022-10-05 03:06:10
  • ព័ត៌មាន

ឃើញកូន ត្រូវបានជ្រើសជាតួសម្ដេចពីក្មេង តើឪពុកម្ដាយរបស់ ប៉ាន់ ខែមម៉ានូ លើកឡើងយ៉ាងណាខ្លះ?

  • 2022-10-05 03:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចនិយាយបានថា សម្រាប់ឆ្នាំ ២០២១ និង ២០២២ គឺជាឆ្នាំនាំសំណាង និភាពចម្រុងចម្រើនកាន់តែខ្លាំង​សម្រាប់លោក ប៉ាន់ ខែមម៉ានូ ដែលជាតារា​ប្រុសគ្រប់គ្នា​ស្គាល់ច្បាស់ថាជា សិល្បករចម្រៀងបុរាណដ៏មាន​សមត្ថភាព តាំងពីក្មេង។ អ្វីដែលសំខាន់ លោកត្រូវបានអ្នកដឹកនាំរឿង ជ្រើសមក​ក្លាយជាតួឯកដ៏ធំ ពោលគឺ ដើរជាតួ «សម្ដេចតេជោ ហ៊ុនសែន» សម្រាប់ភាពយន្តបទចម្រៀង «ជីវិតក្មេងវត្ត» និងរឿងភាគខ្នាតធំ «កូនប្រុសក្រោមពន្លឺព្រះច័ន្ទបេញបូណ៌មី»

ជាក់ស្ដែង ស្នាដៃទី ១ គឺ ភាពយន្តបទចម្រៀង «ជីវិតក្មេងវត្ត» ដែល​មានឯកឧត្តម ហ្វៃ សំអាង ជាអ្នកដឹកនាំ បាន​ចេញផ្សាយជាផ្លូវការហើយ ដោយមាន​ការគាំទ្រច្រើនលើសលប់ និងទទួល​បាន​ការកោតសរសើរមិនដាច់ពីមាត់ នូវការដឹកនាំរឿង ពិសេស​ការសម្ដែង​ដ៏ប៉ិនប្រសប់របស់តួអង្គទាំងអស់ ពិសេសតួឯក ប៉ាន់ ខែមម៉ានូ

ដោយឡែក ក្នុងពិធីសម្ពោធជាផ្លូវការក្នុងការចាក់ផ្សាយស្នាដៃនេះ ក៏មាន​វត្តមាន​ដ៏កក់ក្ដៅរបស់ ឪពុកម្ដាយរបស់ ម៉ានូ ដែរ គឺលោក ប៉ាន់ សេរីវុឌ្ឍ និងលោកស្រី ឡុង សុផា

នាមជាឪពុកម្ដាយ តើមានអារម្មណ៍បែបណា ពេល​កូនប្រុសរបស់ខ្លូនទទួល​បាន​ឱកាសពិសេស និងសម្រេចបាននូវសមទ្ធិផលអស្ចារ្យនៅពេលនេះ?

លោក ប៉ាន់ សេរីវុឌ្ឍ បាន​មាន​ប្រសាសន៍ថា៖ «បាទ! និយាយពីក្នុងអារម្មណ៍គឺរំភើប រីករាយណាស់ ហើយជាមហាកិត្តិយសដ៏ឧត្តុងឧត្តមណាស់ ដែលកូនប្រុសមានភ័ព្វវាសនា បានសម្ដែងតួ វីរបុរសខ្មែរគឺ សម្ដេចតេជោ ដែលជាប្រមុខនៃរាជរដ្ឋាភិបាល អ៊ីចឹងជាសំណាងដ៏ខ្ពង់ខ្ពស់ណាស់ សម្រាប់កូនប្រុស ហើយពួកយើងជាឪពុកម្ដាយគឺ រំភើបណាស់ រំភើបមែនទែនតែម្ដង»

សម្រាប់លោកស្រី ឡុង សុផា ដែលជាអ្នកម្ដាយ​ក៏មិនខុសពីស្វាមីដែរ ដោយបានសម្ដែងទឹកចិត្តរំភើបឥតឧបមា និងមានកិត្តិយសបំផុត។

ងាកចូលមករឿងភាគ «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» វិញ ម៉ានូ ត្រូវចូលព្រៃ និងជួបឧបសគ្គលំបាកផ្សេងៗជា​ច្រើន។ ចុះសម្រាប់លោកទាំង ២ គិតយ៉ាងណាដែរ?

លោកឪពុក បាន​លើកឡើងថា លោកពិតជាអាណិតស្រឡាញ់ ប៉ុន្តែយ៉ាងណានេះក៏ជាបំណងលោកដែរ ដែលចង់បណ្ដុះបណ្ដាលកូន ឲ្យរៀនសូត្រតាមគំរូវីរភាពរបស់សម្ដេច ដែល​លោកបានតស៊ូ ក្នុងនាមជាកូនកសិករ។

បញ្ជាក់ផងដែរថាភាពយន្តបទចម្រៀង «ជីវិតក្មេងវត្ត» បាន​ចាក់ផ្សាយជាផ្លូវការលើទំព័រហ្វេសប៊ុក របស់ សម្ដេចតេជោ ហ៊ុន សែន និង FRESHNEWS។ ឯភាពយន្តភាគ «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» ក៏កំពុង​ដំណើរការថតយ៉ាងសស្រាក់សស្រាំដែរ ហើយក្រុមការងារទាំងអស់ ព្រមទាំងតួអង្គ ពិតជាប្រឹងប្រែងទាំងព្រម ដើម្បីឲ្យលទ្ធផលចេញមកគួរជាទីគាប់ចិត្ត៕

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម