• 2022-10-17 08:11:47
  • ព័ត៌មាន

ជិតចូលដល់វ័យជរា គ្រត បង្ហាញមោទនភាពចំពោះសកម្មភាពការងារក្រៅសិល្បៈ

  • 2022-10-17 08:11:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងជើងចាស់ អុន សុភឿន ហៅនាងគ្រត នៅតែរក្សាទីផ្សារការងារសិល្បៈបានល្អ ហើយថ្មីៗនេះអ្នកស្រីក៏បានបង្ហាញតួនាទី និងសកម្មភាពការងាររដ្ឋដ៏មមាញឹកមួយនៅខេត្ដកណ្ដាល ប៉ុន្ដែអ្នកស្រីមានមោទនៈភាពដែលបានបម្រើជាតិក្នុងនាមជាសិល្បការិនីផង និងជាមន្ដ្រីរាជការផង។

ក្នុងឱកាសសម្ពោធខ្សែភាពយន្ដរឿង “លោកគ្រូប្រពន្ធល្អ"ដែលមានវត្ដមានអ្នកនាងជាតួអង្គសំខាន់ម្នាក់ក្នុងសាច់រឿង នាផ្សារទំនើបអ៊ីអន១ កាលពីពេលថ្មីៗកន្លងទៅ គ្រត បានប្រាប់Sabay ថា ក្រោយពីកែសម្រួលការងារនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដកណ្ដាល អ្នកស្រីត្រូវបានថ្នាក់ដឹកនាំផ្លាស់ឲ្យទៅបំពេញការងារនៅស្រុកមុខកំពូលវិញ ក្នុងនាមជាអនុប្រធានការិយាល័យវប្បធម៌ស្រុកមុខកំពូល។

បើទោះបីជាឈានជិតដល់វ័យជរា អ្នកស្រី អុន សុភឿន នៅតែមមាញឹកក្នុងការងារសិល្បៈតាមរយៈអាជីពសម្ដែង ហើយតួដែលអ្នកស្រីសម្ដែងច្រើនជាងគេ គឺតួម្ដាយ ឬប្រពន្ធអ្នកមានទ្រព្យធន់ដែលមានចរិកកោងកាច។ ចំពោះការងារសិល្បៈអ្នកនាង អាចបត់បែន ឬទទួលយកតួអង្គសម្ដែងយ៉ាងណាក៏បានឲ្យតែផលិតករ ឬម្ចាស់ផលិតកម្មតម្រូវ។

ដោយឡែកការងារជាមន្ដ្រីរាជការ អ្នកស្រីត្រូវអនុវត្ដដោយហ្មតចត់ដោយខ្លួនឯង ដោយពេលខ្លះក៏មានការចង្អុលបង្ហាញពីថ្នាក់លើក្នុងការចុះពិនិត្យ ឬសិក្សាពីទួលបុរាណ ព្រមទាំងចុះពិនិត្យមើលការរៀបចំពិធីបុណ្យតាមប្រពៃណីនានានៅទូទាំងស្រុកមុខកំពូលទៀតផង។ អ្នកស្រី អុន សុភឿន បានចូលបម្រើការងាររដ្ឋ និងប្រឡូកក្នុងអាជីពសម្ដែងតាំងពីដើមទសវត្ស៨០ ប៉ុន្ដែគិតមកដល់ឆ្នាំ២០២២ អ្នកស្រីនៅតែបំពេញការងាររដ្ឋ និងសិល្បៈមិនចេះជិនណាយឡើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់