• 2022-11-02 04:03:51
  • ព័ត៌មាន

ខកខានចេញបទឡើងយូរ តែពេល នូ ឧសភា ចេញសា្នដៃថ្មីភ្លាម Fan មកពីគ្រប់ទិសទី ពេញចិត្តស្ដូក

  • 2022-11-02 04:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តច្បាស់ជាបានជ្រាប​ស្រាប់​ហើយថា ក្រៅពីជា​តារា​សម្ដែង និង​ម៉ូដែល នូ ឧសភា ក៏ជា​តារាចម្រៀង Original Song ដែល​មាន​សមត្ថភាព​អាច​តែងទំនុកភ្លេង និងប៉ារ៉ូល​បទចម្រៀងខ្លួនឯង ផ្អែកលើទេពកោសល្យសិល្បៈពេញខ្លួនគួរឲ្យសរសើរ។

ជាក់ស្ដែង ក្រោយស្ងាត់ពីការចេញផ្សាយបទចម្រៀងទោលផ្ទាល់ខ្លួន (មិនគិតពីបទចម្រៀងក្នុងរឿង) ពេលនេះ តារាពហុជំនាញ នូ ឧសភា បាន​វិលមកវិញជាមួយនឹង​ស្នាដៃថ្មី​មានចំណងជើងថា «ទោះបីឈឺក៏ព្រម»

អាច​លើកឡើងបាន​ថា នេះគឺជារសជាតិតន្ត្រី​ថ្មីមួយបែប​ផ្សេងទៀតរបស់លោក ហើយសម្រាប់ស្នាដៃថ្មី​ ក្រៅពីជាអ្នកច្រៀង ឧសភា ក៏មាន​ចំណែកក្នុងការសរសេរប៉ារ៉ូលបទចម្រៀង និងរចនារូបភាព​បង្កើតជាវីដេអូជូនអ្នកទស្សនាទៀតផង។

យ៉ាងណាមិញ ក្នុងនោះ​ក៏មាន​ចំណែករបស់ WK PLENG ក្នុងការនិពន្ធបទភ្លេង ហើយការងារថតគឺ មាន THYROO និង PIE_CREWW ជាអ្នកចាត់ចែង រហូត​វីដេអូសម្រេច​ចេញដោយជោគជ័យ។

សម្រាប់ម្ចាស់បទ គឺ លោក នូ ឧសភា​ ផ្ទាល់ បាន​ឲ្យដឹង​ក្នុង​បទសម្ភាសជាមួយក្រុមការងារ Sabay អំឡុងពេល​ចូលរួមសម្ពោធរឿង «ជួបស៊យ​ វគ្គ ៣» កាលពីថ្ងៃទី០១ ខែវិច្ឆិកា កន្លងទៅដែរថា លោកពិតជាមិននឹកស្មានថា ប្រិយមិត្តនៅតែបន្តការ​ស្រឡាញ់ និងគាំទ្រចំពោះ​ស្នាដៃបទរបស់លោក ហើយនេះក៏ជាពេលវេលាដ៏រីករាយសម្រាប់លោកដែលជាម្ចាស់បទដែរ។

បន្ថែមពីលើនេះ ឧសភា នៅ​បាន​បញ្ជាក់​ដែរថា ទាំងគម្រោងការងារសម្ដែង និងការផលិតបទចម្រៀង លោក​នឹង​បន្តធ្វើតទៀត ហើយសន្យានឹង​បង្ហាញអ្វី​ដែល​ថ្មី ក៏ដូចជាពិសេសៗជូនដល់អ្នកគាំទ្រ​ជា​ទីស្រឡាញ់ ដោយមិនឲ្យគ្រប់គ្នាខកចិត្តឡើយ៕

អត្ថបទ៖ ធារី

មតិយោបល់