• 2023-01-28 06:43:21
  • ព័ត៌មាន

តារាចម្រៀង ៤ដួង ប្រតិកម្មចំពោះការចោទដោយគ្មានមូលដ្ឋាន ថាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើជំនួញមិនស្អាតស្អំ

  • 2023-01-28 06:43:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងជួរមុខរបស់ផលិតកម្មGalaxy ៣ដួង បានប្រតិកម្មចំពោះការចេញផ្សាយរបស់កាសែត The Cambodia Daily ដោយចោទអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើជំនួញមិនស្អាតស្អំ ឬលាងលុយកខ្វក់ឲ្យអ្នកមានអំណាចនៅកម្ពុជា។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពីម្ចាស់ផលិតកម្មGalaxy គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រងនូវការចោទប្រកាន់ ហើយក៏បានបកស្រាយច្បាស់ជុំវិញជំនួញរបស់លោកដើម្បីបំភ្លឺមហាជន។

១/តារាចម្រៀង ព្រាប សុវត្ថិ។ លោកបានលើកឡើងថា វាជារឿងមួយ អយុត្តិធម៌សម្រាប់ ក្រុមហ៊ុន Galaxy Navatra Group ហើយធ្វើឲ្យប៉ះពាល់ជីវភាពបុគ្គលិករាប់ពាន់នាក់ និងអ្នកដែលរស់ក្រោមការផ្គត់ផ្គង់រាប់ម៉ឺននាក់។ លោកក៏សូមអ្នកធ្វើព័ត៌មាន ត្រូវគិតពិចារណាឲ្យបានត្រឹមត្រូវ មុនចេញផ្សាយ ឬដាក់ការចោទប្រកាន់។

២/តារាចម្រៀង ខេមរៈ សិរីមន្ត យល់ថាប្រសិនបើបុគ្គលអ្នកធ្វើព័ត៌មានបំភ្លៃការពិត ដកចិត្តច្រណែនចេញតែបន្តិច គាត់នឹងមើលឃើញភាពត្រឹមត្រូវសុច្ចរឹតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ តារាចម្រៀងរូបនេះ ក៏ស្នើឲ្យកាសែតមួយនេះ គួរឈប់ធ្វើការចោទប្រកាន់ដោយពុំមានមូលដ្ឋាន ធ្វើឲ្យប៉ះពាល់កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកឧកញ៉ា។

៣/តារាចម្រៀង ខេម ក៏បានប្រើបណ្ដាញសង្គមផ្ទាល់ខ្លួន ដើម្បីបង្ហោះវីដេអូព័ត៌មានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ញើជូនទៅកាសែត The Cambodia Daily អំពីការចោទប្រកាន់ដោយពុំមានមូលដ្ឋាននោះដែរ។ ស្រដៀងនឹង ខេម ដែរ កញ្ញា តន់ ចន្ទសីម៉ា បានបង្ហោះសារបង្ហាញមតិយោបល់ ថា ឲ្យបានមើល និងយល់អំពីការខិតខំប្រឹងប្រែងរកស៊ីរបស់អ្នកឧកញ៉ាតាំងពីដើមរហូតដល់ពេលនេះទម្រាំបានជោគជ័យ គឺឆ្លងកាត់ការលំបាកច្រើនណាស់។

គេសង្កេតឃើញថា រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ក្រោយមានការចោទប្រកាន់លើមុខជំនួញរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពីសំណាក់សារព័ត៌មាន និងអ្នកវិភាគនៅខាងក្រៅប្រទេសនោះ មានអ្នកគាំទ្រអ្នកឧកញ៉ា និងតារាចម្រៀងផ្សេងទៀត បានសម្ដែងការមិនពេញចិត្ដចំពោះការចោទប្រកាន់នេះ។ ដើម្បីការពារភាពស្អាតស្អំ អ្នកឧកញ៉ា ក៏បានធ្វើការបកស្រាយច្បាស់ៗទៅកាន់មហាជនរឿងមុខជំនួញនេះ តាមរយៈបណ្ដាញសង្គមរួចហើយដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់