- 2023-03-30 05:06:15
- ព័ត៌មាន
គិតរាប់ឆ្នាំទីបំផុត ឧកញ៉ាម្នាក់ជួយ រតនៈ វិបុល ឲ្យសម្រេចបំណងរកស៊ីក្នុងវិស័យមង្គលការ
- 2023-03-30 05:06:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតរាប់ឆ្នាំទីបំផុត ឧកញ៉ាម្នាក់ជួយ រតនៈ វិបុល ឲ្យសម្រេចបំណងរកស៊ីក្នុងវិស័យមង្គលការ
ចន្លោះមិនឃើញ
បន្ទាប់ពីជោគជ័យលើយូធូប រតនៈ វិបុល បានសម្លឹងឃើញឱកាសរកស៊ីថ្មីមួយទៀតក្នុងវិស័យមង្គលការ ប៉ុន្តែអ្វីៗបានត្រឹមសម្លឹង និងគិតទុកជាច្រើនឆ្នាំ មុនពេលអាចធ្វើចេញជារូបរាងថ្មីៗនេះក្រោមជំនួយពីឧកញ៉ាមួយរូប ដែលលោកហៅថាជាឧកញ៉ាចិត្តធម៌។
ជំនួញថ្មីនោះ គឺសម្អាងការដែលទើបនឹងបើកសម្ពោធកាលពីថ្ងៃទី ២៥ កុម្ភៈ ២០២៣នេះ ដោយដាក់ឈ្មោះថា "រវស ឬ រតនៈ វិបុលសម្អាងការ"។ វិបុល ប្រាប់ថា មុខជំនួញនេះ លោកស្រឡាញ់ ព្រមទាំងឃើញឱកាសនៅក្នុងទីផ្សារថែមទៀត ទើបលោកគិតទុក និងប៉ងជាយូរឆ្នាំមកហើយ។ តែបញ្ហាចម្បងដែលរាំងស្ទះ គឺជាដើមទុន ដែលតាមការបង្ហើបឲ្យដឹង មុខជំនួញមួយនេះ ត្រូវការដើមទុនធំ។
ជាក់ស្ដែងក្រោយពីបានធ្វើវាលេចរូបរាងផ្លូវការមក វិបុល ប្រាប់ថា លោកដាក់ទុនវិនិយោគអស់ប្រមាណជាង ១០ម៉ឺនដុល្លារអាមេរិក គិតពីការវិនិយោគលើការធ្វើទីតាំងនៅក្នុងក្រុងបាត់ដំបង ទិញសំលៀកបំពាក់ និងរបស់ប្រើប្រាស់ដែលពាក់ព័ន្ធជាច្រើនទៀត។ តួលេខនៃទុនវិនិយោគខាងលើ រតនៈ វិបុល ប្រាប់ថា ដើមឡើយលោកមិនមានលុយគ្រប់គ្រាន់ឡើយ។
លោកបញ្ជាក់ថា លោកខំសន្សំជាច្រើនឆ្នាំ ប៉ុន្តែនៅតែមិនអាចគ្រប់គ្រាន់ រហូតទាល់ឧកញ៉ាស្រីម្នាក់ជួយផ្ចុងផ្ចើម។ តាមអតីតតារាប្រុស នោះឧកញ៉ា ម៉ែន ចិន្តា ដែលថ្មីៗនេះបានជួយសិល្បករជាច្រើន។ "គាត់ដឹងថាខ្ញុំស្រឡាញ់ និងចង់បើកមុខរបរសម្អាងការនេះ អីចឹងគាត់បើពិតជាស្រឡាញ់ចង់ធ្វើវាមែន ធ្វើទៅចឹងគាត់ជួយ...និយាយទៅ បើគាត់មិនជួយ ខ្ញុំពិតមិនទាន់អាចធ្វើបានទេ"។
រតនៈ វិបុល ជាអតីតតារាសម្ដែង ប៉ុន្តែក្រោយមកលោកបានហក់ទៅប្រឡូកធ្វើមាតិកាវីដេអូដាក់លើយូធូបមានឈ្មោះ "រតនៈ វិបុល"។ លោកបានចាប់ផ្ដើមតាំងពី ៧ឆ្នាំមុន ដោយប្រមូលយកក្មួយៗដែលពីមុននៅជាកុមារា កុមារីនៅឡើយ មកផលិតវីដេអូកំប្លែងបង្កប់ការអប់រំ ឆក់យកការគាំទ្រភ្លូកទឹកភ្លូកដី។ គិតមកដល់ពេលនេះ ឆាណែលយូធូបរបស់លោកមាន Subscriber ជា៣លាន ខណៈក្មួយៗរបស់លោក ក៏ធំពេញកំលោះ ពេញក្រមុំអស់ហើយដែរ។
ការចម្រើនវ័យរបស់ក្មួយ ក៏ត្រូវនឹងមុខជំនួញថ្មីរបស់លោកខាងផ្នែកសម្អាងការ។ វិបុស ប្រាប់ថា ម៉ូដែលសម្អាងការទាំងអស់ សុទ្ធជាក្មួយរបស់លោក ដែលពីមុនប្រិយមិត្តមើលឃើញថាជាកុមារា កុមារីនោះឯង។ លោកថា ពួកគេបានក្លាយជាអ្នកជំនាញរៀងខ្លួនការងាររបស់ពួកគេ ដែលផ្ដល់លក្ខណៈងាយស្រួលសម្រាប់លោកក្នុងការដឹកនាំ។
ដោយសារមានកេរ្តិ៍ឈ្មោះស្រាប់ វិបុល ប្រាប់ថា ជំនួញថ្មីរបស់លោក បាន និងកំពុងទទួលផ្លែផ្កាល្អ។ លោកចាប់ពីថ្ងៃបើកសម្ពោធ មកដល់បច្ចុប្បន្ន មានអតិថិជនមកជាវសេវាសម្អាងការលោកឥតដាច់។ លោកថា ថ្ងៃខ្លះ ៣រោងក៏មាន។ អតីតតារាប្រុសប្រាប់ថា អតិថិជនពេញចិត្ត ចំពោះសំលៀកបំពាក់ និងគ្រឿងប្រើប្រាស់ថ្មីៗ និងស្អាត ស្របជាមួយទស្សនវិស័យផ្ទាល់ខ្លួនរបស់លោកថា ធ្វើឲ្យកូនកំលោះកូនក្រមុំ ស្រស់ស្អាតបំផុតក្នុងថ្ងៃពិសេសរបស់ពួកគេ។
“ឥឡូវនេះ មានថ្ងៃសល់ខ្លះ ប៉ុន្តែសម្រាប់ឆ្នាំក្រោយបានពេញតែម្ដង គឺអាចចេញរាល់ថ្ងៃ ព្រោះគេចង់អស់ហើយបង!”។ បច្ចុប្បន្នសម្អាងការ រតនៈ វិបុល មានទីតាំងនៅក្នុងក្រុងបាត់ដំបងដែលជាស្រុកកំណើតរបស់លោក។ ប៉ុន្តែថៅកែរូបនេះ បញ្ជាក់ថា រយៈកាលកន្លងមកនេះ លោកផ្ដល់សេវាជូនអតិថិជនស្ទើរគ្រប់ ២៥ ខេត្ត ក្រុងហើយ៕