- 2023-05-15 02:12:13
- ព័ត៌មាន
នៅមិនសុខ សួន ពិសិដ្ឋ ចេញមកស្នើថ្នាក់ដឹកនាំ យកចម្រៀងលោក១បទ ចាក់ក្នុងកម្មវិធីបិទស៊ីហ្គេមផង
- 2023-05-15 02:12:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅមិនសុខ សួន ពិសិដ្ឋ ចេញមកស្នើថ្នាក់ដឹកនាំ យកចម្រៀងលោក១បទ ចាក់ក្នុងកម្មវិធីបិទស៊ីហ្គេមផង
ចន្លោះមិនឃើញ
លោក សួន ពិសិដ្ឋ ដែលជាអ្នកនិពន្ធចម្រៀងល្បីឈ្មោះមួយរូប ថ្មីៗនេះបានចេញមកត្អូញត្អែរ ពាក់ព័ន្ធនឹងបទចម្រៀងស្នាដៃរបស់លោកមួយបទ មានចំណងជើងថា "មោទនភាពជាតិខ្មែរ" ដែលមិនមានអ្នកអើពើសម្រាប់យកទៅចាក់នៅស៊ីហ្គេម ខណៈបទនេះធ្លាប់ល្បីកាលពីប្រមាណជាង ១០ឆ្នាំមុន។
ការត្អូញត្អែររបស់អ្នកនិពន្ធរូបសង្ហារូបនេះ ចំពេលដែលកម្ពុជាកំពុងដំណើរការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ ក្នុងនោះលោកចង់ឲ្យបទចម្រៀងរបស់លោកមួយបទនេះ បានចូលខ្លួនទៅបម្រើអារម្មណ៍ប្រជាពលរដ្ឋខ្មែរក្នុងឱកាសដ៏ពិសេសនេះផង។
លោក ថ្លែងថា "ខ្ញុំសង្ឃឹមថានឹងមាន..! បើសិនជាអាច..សូមថ្នាក់ដឹកនាំមេត្តាអនុគ្រោះជួយបញ្ចូលបទ “មោទនភាពជាតិខ្មែរ” ចូលក្នុងថ្ងៃបិទកម្មវិធី CAMBODIA SEA Games ផង! សូមកុំបំភ្លេច ឬ បោះបង់បទបេតិកភណ្ឌរបស់ខ្មែរយើងមួយនេះចោល!”។
លោកបន្តថា បទនេះគឺនៅតែគង់ស្ថិតនៅក្នុងបេះដូងដួងចិត្តដួងវិញ្ញាណរបស់កូនខ្មែរគ្រប់ៗរូប ហើយបទមួយនេះ គឺស័ក្តិសមបំផុតសម្រាប់ព្រឹត្តិការណ៍ថ្នាក់ជាតិធំៗក្នុងការបង្ហាញទៅសកលលោក ដែលលោកយល់ថា ពុំគួរមើលរំលងនោះឡើយ។
បទ "មោទនភាពជាតិខ្មែរ" និពន្ធដោយលោក សួន ពិសិដ្ឋ និងច្រៀងដោយតារាចម្រៀងផលិតកម្មរ៉ក់ បានចេញនៅឆ្នាំ ២០១៩។ បទនេះ ល្បីណាស់កាលណោះ ក្នុងនាមជាបទចម្រៀងបណ្ដុះស្មារតីជាតិនិយម។
ដូច្នេះហើយ ទើបម្ចាស់និពន្ធថ្លែងថា "បទនេះគឺពិតណាស់គឺបានគាស់បង្ហាញនូវដួងចិត្ត ដួងវិញ្ញាណស្មារតីរួមជាធ្លុងមួយរបស់ខ្មែរ ភាពអស្ចារ្យរបស់ខ្មែរ វប្បធម៌ អរិយធម៌ ទឹកដីសុវណ្ណភូមិ ជាតិខ្មែរ តាំងតែពីសម័យកាលភាពរុងរឿងនៃសម័យអង្គររហូតមកដល់សម័យកាលនៃភាពរុងរឿងដ៏អស្ចារ្យ និងមានសន្តិភាពរបស់ខ្មែរនាពេលបច្ចុប្បន្នកាល!។ ហើយលោកថាបទ “មោទនភាពជាតិខ្មែរ” នេះគឺស័ក្តិសមបំផុតសម្រាប់ព្រឹត្តិការណ៌ CAMBODIA SEA Games នេះ!។
ជាចុងក្រោយលោកថា លោកជឿជាក់ថា កូនខ្មែរគ្រប់ៗរូបក៏មានចិត្ត មានឆន្ទៈ ចង់ឃើញ ចង់ឮ ចង់ស្ដាប់ បទ “មោទនភាពជាតិខ្មែរ” ក្នុងព្រឹត្តិការណ៌ CAMBODIA SEA Games ដ៏ធំសម្បើមអស្ចារ្យរបស់ខ្មែរយើងក្នុងសម័យថ្មីដ៏រុងរឿង និងមានសន្តិភាពនាពេលបច្ចុប្បន្នកាលនេះផងដែរ៕