សួន ពិសិដ្ឋ អ្នកនិពន្ធខ្មែរដំបូងចារឈ្មោះជាប្រវត្តិសាស្ត្រនៅកាណាដា!
និយាយពីប្រជាប្រិយភាពក្នុងប្រទេសទស្សនិកជនភាគច្រើនប្រហែលជាបានស្គាល់ លោក សួន ពិសិដ្ឋ រួចទៅហើយតាមរយៈសម្ដែងជាតួឯកក្នុងរឿង "ចៅពស់កេងកង" បទចម្រៀង "សឹកហួសព្រោះស្នេហ៍" ដែលដឹកនាំសម្ដែងដោយលោក ហ្វៃ សំអាង និង ម្ចាស់ពានជាអ្នកនិពន្ធឆ្នើមពីរឆ្នាំជាប់គ្នាពីកម្មវិធី អាណាចក្រតារា។
ទស្សនិកជនខ្លះប្រហែលជាមិនទាន់ស្គាល់ច្បាស់ដែរពីលោក ដែលជាអ្នកនិពន្ធបទភ្លេងល្បីឈ្មោះក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែបើនិយាយពីកេរ្តិ៍ឈ្មោះនៅក្រៅប្រទេស ជាពិសេសប្រទេសកាណាដា អ្នកនិពន្ធរូបនេះត្រូវគេផ្ដល់តម្លៃថាជាអ្នកនិពន្ធវ័យក្មេងឆ្នើមម្នាក់ បានចារឈ្មោះជាប្រវត្តិសាស្ត្រក្នុងប្រទេសនេះទៀតផងអំឡុងពេលលោកសិក្សានៅទីនោះ។
លោក សួន ពិសិដ្ឋ កំពុងលេង ព្យាណូ
ក្រៅតែពីមានឈ្មោះបោះសំឡេងជាអ្នកនិពន្ធវ័យក្មេងលេចធ្លោក្នុងប្រទេសកម្ពុជា ពេលនេះ លោក សួន ពិសិដ្ឋ ចាប់ផ្ដើមប្រឡូកវិស័យចម្រៀងមួយទៀតក្នុងផលិតកម្ម រស្មីហង្សមាស បន្ទាប់ពីលាក់ទុកទេពកោសល្យមួយនេះជាង ១០ឆ្នាំមក។
តើជីវិតរបស់អ្នកនិពន្ធឆ្នើមប្រចាំឆ្នាំរបស់កម្មវិធីអាណាចក្រតារា និង ជាសិល្បកររូបនេះមានប្រវត្តិបែបណាអាចធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកគេកោតសរសើរបែបនេះ? តោះ! អានជីវប្រវត្តិរបស់អ្នកនិពន្ធលោក សួន ពិសិដ្ឋ ដូចខាងក្រោម។
ឈ្មោះ
ថ្ងៃខែឆ្នាំ
កំណើត
ទីកន្លែងកំណើត
កម្ពស់
ទម្ងន់
ឈ្មោះFacebook
សួន ពិសិដ្ឋ
Soun Piseth
១២ ធ្នូ ១៩៨០
ភ្នំពេញ
១៧៨ សង់ទីម៉ែត្រ
៦៨
គីឡូក្រាម
https://www.facebook.com/piseth.soun.90?fref=ts
ស្ថានភាពគ្រួសារ
លោក សួន ពិសិដ្ឋ ជាកូនទីពីរនៅក្នុងបន្ទុកគ្រួសារដែលមានបងប្អូនបួននាក់ស្រីបី ប្រុសមួយ។ ឪពុករបស់លោកឈ្មោះ អ៊ុយ សាខន ជាមន្ត្រីរាជការ និងជាអ្នកនិពន្ធបទភ្លេងល្បីឈ្មោះមួយរូបអំឡុងពេលលោកនៅមានជីវិត។ លោកមានម្ដាយឈ្មោះ សួន សូភី បច្ចុប្បន្នជាស្ត្រីមេផ្ទះ។ តាំងពីតូចរហូតដល់ធំការរស់នៅរបស់លោកមិនសូវជាជួបការលំបាកប៉ុន្មានទេ ព្រោះឪពុកម្ដាយរបស់លោកមានជីវភាពអាចរស់នៅបានសមរម្យ។
ប្រវត្តិការសិក្សា
លោក សួន ពិសិដ្ឋ ចាប់ផ្ដើមការសិក្សាថ្នាក់ទីមួយនៅសាលាបឋមសិក្សាសន្ធរមុក តែចូលថ្នាក់ទី៤លោកបានប្ដូរទៅរៀននៅសាលាបឋមសិក្សា វត្តកោះ។ ឆ្នាំ១៩៩១ លោកបានប្រឡងចូលរៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មហាវិទ្យាល័យដូរ្យតន្ត្រី ជំនាញ Piano។
ឆ្នាំ ១៩៩៦ លោក សួន ពិសិដ្ឋ ទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសកាណាដាតាមរយៈ Mr Arne Sahlen ប្រធានអង្គការគាំទ្រកម្ពុជា CSG (Cambodia Support Group)។ នៅក្នុងឆ្នាំ១៩៩៨ លោកទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកដូរ្យតន្ត្រី ជំនាញនិពន្ធបទភ្លេង និង Pianoពីប្រទេសនេះ។
សួន ពិសិដ្ឋ ក្នុងថ្ងៃទទួលពានពីកម្មវិធីអាណាចក្រតារាកាលពីពេលកន្លងទៅ
ការការតស៊ូរៀននិពន្ធបទភ្លេងក្នុងប្រទេស
ការបោះជំហានទៅសិក្សាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មិនមែនជាការងាយស្រួលទេសម្រាប់លោក សួន ពិសិដ្ឋ ជាពិសេសគឺផ្នែកដូរ្យតន្ត្រីនេះតែម្ដង។ នៅឆ្នាំ១៩៩១ ឆ្នាំដែលលោកបោះជំហានទៅសិក្សាផ្នែកដូរ្យតន្ត្រីនេះមានសិស្សដាក់ពាក្យប្រឡងពី ៥ ពាន់ ទៅ ៦ ពាន់ នាក់ ប៉ុន្តែជាលទ្ធផលគេជ្រើសរើសយកតែ៤០នាក់ប៉ុណ្ណោះក្នុងនោះក៏មានលោកម្នាក់ផងដែរ។
លោក សួន ពិសិដ្ឋ បាននិយាយថាការសិក្សាផ្នែកដូរ្យតន្ត្រីនេះទាមទារត្រូវការទេពកោសល្យខ្ពស់ខ្លាំង ទើបអាចរៀនជំនាញនេះប្រកបដោយជោគជ័យបាន។ ចាប់តាំងពីលោកចូលរៀនដំបូង ទោះជាមានមុខវិជ្ជាខ្លះលំបាកយ៉ាងណាក៏ដោយលោកនៅតែព្យាយាមសិក្សាដោយមិនរុញរាទេ។ ម្យ៉ាងទៀតដោយមានការជំរុញលើកទឹកចិត្តពីឪពុកម្ដាយធ្វើឱ្យលោក សួន ពិសិដ្ឋ កាន់តែមានកម្លាំងចិត្តបន្ថែមទៀតក្នុងការសិក្សា។
លោកនិយាយទៀតថាមានពេលខ្លះលោករកពេលញ៉ាំបាយ ឬដេកគ្មានទេដោយសារតែខិតខំរៀនពេកព្រោះខ្លាចប្រឡងធ្លាក់។ លោកបានយកចិត្តទុកដាក់ក្នុងការរៀនអក្សរភ្លេង និងវិជ្ជាផ្សេងៗទៀតដែលពាក់ព័ន្ធ។ លោក សួន ពិសិដ្ឋ ខិតខំយ៉ាងខ្លាំងក្នុងការហាត់រៀនលេងឧបករណ៍ Piano ក្នុងមួយថ្ងៃ ៤ទៅ៨ម៉ោងក្នុងមួយថ្ងៃ មានពេលខ្លះលោករៀន Piano រហូតដល់គ្រុនក្ដៅ ថ្ងៃខ្លះសន្លប់ក៏មាន។
លោកបានបន្តថាដោយសារតែមានទេពកោសល្យ និងការលើកទឹកចិត្តពីឪពុកម្ដាយការសិក្សានៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈលោកតែងរៀនជាប់ចំណាត់ថ្នាក់លេខមួយរហូតរៀងរាល់ឆ្នាំ ហើយទទួលបានការកោតសរសើរជាខ្លាំងពីសាស្ត្រាចារ្យដែលបង្រៀនលោកទាំងខ្មែរ និងបរទេស។ លទ្ធផលបែបនេះហើយទើបនាំឱ្យលោក សួន ពិសិដ្ឋ ទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសកាណាដា។
ការពុះពារនៅប្រទេសកាណាដា
ការទៅសិក្សានៅប្រទេសកាណាដាដំបូងមានពេលខ្លះលោក សួន ពិសិដ្ឋ មិនសូវជាមានអារម្មណ៍រៀនប៉ុន្មានទេ ព្រោះលោកនឹកស្រុកកំណើត ឪពុកម្ដាយ បងប្អូន និងមិត្តភ័ក្ដិរបស់លោកនៅកម្ពុជា។ ប៉ុន្តែដោយសារតែមានការតាំងចិត្តខ្ពស់ក៏ដូចជាការលើកទឹកចិត្តពី Mr Arne Sahlen ត្រូវជាឪពុកធម៌ និងជាគ្រូបង្រៀនផង បញ្ហាទាំងនេះលោកព្យាយាមបំភ្លេច ហើយខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យ។
លោកអះអាងថាមានសិស្សជាច្រើនមកពីបណ្ដាប្រទេសជាច្រើននៅលើពិភពលោកមករៀនជុំគ្នានៅកាណាដា។ ប៉ុន្តែលោកនៅតែអាចរៀនបានលេខមួយដដែលនៅប្រទេសនេះលើជំនាញ Piano ដោយទទួលបានការកោតសរសើរជាខ្លាំងពីសាស្ត្រាចារ្យដែលបង្រៀននៅទីនោះ។
សួន ពិសិដ្ឋ កាលនៅជាអ្នកនិពន្ធ និងដឹកនាំក្នុងផលិតកម្ម Rock
នៅក្នុងឆ្នាំ១៩៩៨ លោក សួន ពិសិដ្ឋ ល្បីឈ្មោះពេញប្រទេសកាណាដាដោយគេឱ្យរហ័សនាមថាជាកុមារអច្ឆរិយដែលមានទេពកោសល្យខ្ពស់នៅក្នុងការលេងឧបករណ៍ Piano ជាតួអង្គ Solo។ កោតសរសើរខ្លាំងដោយសារតែលោកអាចលេងភ្លេងនៅក្នុងវង់តន្ត្រី Orchestra ដែលជាវង់តន្ត្រីបស្ចិមប្រទេសមានមនុស្សលេងរាប់រយនាក់។
មនុស្សអាចលេងក្នុងវង់តន្ត្រីនេះបានទាល់តែកម្រិត អនុបណ្ឌិត និងបណ្ឌិតដូរ្យតន្ត្រីទើបអាចមានសមត្ថភាពលេងបានប៉ុន្តែលោក សួន ពិសិដ្ឋ អាចប្រគំក្នុងវង់តន្ត្រីនេះបានជាមួយបណ្ឌិតដូរ្យតន្ត្រីដទៃទៀតបានទាំងខ្លួននៅក្មេង និងមិនទាន់រៀនចប់ផ្នែកដូរ្យតន្ត្រីនេះនៅឡើយ។
ដោយហេតុតែសមត្ថភាពខ្ពស់បែបនេះហើយទើបលោក សួន ពិសិដ្ឋ ត្រូវគេចារឈ្មោះជាអ្នកលេងភ្លេងឆ្នើមក្នុងប្រទេសកាណាដាឆ្នាំ១៩៩៨។ នៅប្រទេសកាណាដាចាប់តាំងពីឆ្នាំ១៩១២មក ប្រសិនណាបើមានតន្ត្រីករណាឆ្នើមគេនឹងចារឈ្មោះនៅលើផ្ទាំងមាសនៃពានរង្វាន់ថ្នាក់លេខ១ជារៀងរាល់ឆ្នាំថាជាអ្នកឆ្នើមបំផុតផ្នែកដូរ្យតន្ត្រីក្នុងប្រទេសរបស់គេ លុះដល់ឆ្នាំ១៩៩៨ លោកបានជាប់ឈ្មោះជាប្រវត្តិសាស្ត្រក្នុងប្រទេសនេះ ដោយគេចារឈ្មោះលោក សួន ពិសិដ្ឋ និងប្រទេសកម្ពុជា ព្រមទាំងកាន់ពានមាសរយៈពេលមួយឆ្នាំ។
រយៈពេលពីរឆ្នាំដែលលោកសិក្សានៅប្រទេសកាណាដាលោកបានដើរប្រគំតន្ត្រីគ្រប់ទិសទីពេញប្រទេសកាណាដាដើម្បីស្វែងរកមូលនិធិមកជួយការងារសប្បុរសធម៌ក្នុងប្រទេសកម្ពុជាដើម្បីជួយមកដល់កុមារកំព្រា ចាស់ជរា និងជនពិការ។ ក្នុងរយៈពេលពីរឆ្នាំនេះដែរលោករកចំណូលមូលនិធិបានជាង២០ម៉ឺនដុល្លារពីការប្រគំតន្ត្រីសប្បុរសធម៌នោះ។
នៅក្នុងឆ្នាំ ១៩៩៨ នោះផងដែរឯកអគ្គរដ្ឋទូតរបស់ប្រទេសកាណាដាបានសរសេរលិខិតមកជូន Mr Arne Sahlen ដែលត្រូវពុកធម៌ និងជាអ្នកនាំលោក សួន ពិសិដ្ឋ ទៅសិក្សានៅទីនោះដោយបានកោតសរសើរចំពោះស្មារតី និងទឹកចិត្តរបស់លោក សួន ពិសិដ្ឋ មានឆន្ទៈធ្វើការងារមនុស្សធម៌ និងវិលត្រឡប់មកកម្ពុជាវិញដើម្បីពាំនាំចំណេះដឹងខ្លួនបានរៀនមកចែករំលែក ព្រមទាំងលើកស្ទួយវិស័យសិល្បៈក្នុងប្រទេសកម្ពុជា។
ដោយហេតុតែចង់ពង្រឹងវិស័យដូរ្យតន្ត្រីក្នុងប្រទេសកម្ពុជា ព្រមទាំងជួយលើកកម្ពុជាវិស័យនេះឱ្យល្បីដូចជាបណ្ដាប្រទេសនានានៅលើសកលលោក សួន ពិសិដ្ឋ បានជម្នះបញ្ហាទាំងនេះដើម្បីត្រឡប់មកប្រទេសកម្ពុជាវិញ ទោះជារដ្ឋមន្ត្រីប្រទេសនេះចង់ឱ្យរស់នៅកាណាដាក៏ដោយ។
សួន ពិសិដ្ឋ ក្នុងបន្ទប់និពន្ធបទចម្រៀងជាមួយលោក ព្រាប សុវត្ថិ
ការវិលត្រឡប់មកប្រទេសកម្ពុជាដើម្បីចាប់អាជីពជាអ្នកនិពន្ធ
នៅដើមឆ្នាំ១៩៩៨ លោក សួន ពិសិដ្ឋ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ អ្វីៗមិនដូចជាលោកគិតទេផលិតកម្មជាច្រើននៅក្នុងប្រទេសកម្ពុជាមិនសូវផ្ដល់តម្លៃការបង្កើតស្នាដៃថ្មីនោះទេ គឺគេចូលចិត្តតែរឿងលួចចម្លងទាំងស្រុងពីបរទេស។ ប្រការនេះធ្វើឱ្យលោកបាក់ទឹកចិត្តជាខ្លាំងដោយខំរៀនបានសិក្សាខ្ពង់ខ្ពស់រហូតដល់ថ្នាក់បរទេសគេទទួលស្គាល់តែមកដល់ប្រទេសកំណើត បែរជាគេមិនទាន់ផ្ដល់តម្លៃទៅវិញ។
ទោះជាមានពេលខ្លះផលិតករខ្លះនៅក្នុងប្រទេសកម្ពុជាសំណូមពរឱ្យលោកធ្វើភ្លេងឱ្យគេដោយចំលងស្នាដៃពីបរទេសយ៉ាងណាក៏ដោយលោក សួន ពិសិដ្ឋ មិនធ្វើតាមទេ។ អះអាងថាប្រសិនណាបើលោកធ្វើដូច្នេះនោះតម្លៃដែលលោកបានសិក្សា និងការទទួលស្គាល់កន្លងនៅឯបរទេសកន្លងមកនឹងប្រែទៅជាគ្មានន័យ។
លោក សួន ពិសិដ្ឋ បានកែប្រែកាលៈទេសៈនៅពេលនោះទៅបង្កើតអាជីវកម្មផ្ទាល់ខ្លួនវិញ ដោយទុកចំណេះដឹងដែលបានសិក្សាកន្លងមកមួយអន្លើសិន ទម្រាំមានផលិតកម្មណាដែលផ្ដល់តម្លៃលើការបង្កើតថ្មីនោះលោកនឹងប្រឡូកឡើងវិញ។
ជាលទ្ធផលនៅឆ្នាំ២០០៧ ផលិតកម្ម Rock បានបង្កើតឡើងដោយផ្ដល់តម្លៃទៅលើការបង្កើតស្នាដៃថ្មីរបស់កូនខ្មែរក្រោមការគ្រប់គ្រង និងដឹកនាំរបស់អ្នកឧកញ៉ា គិត ធាង។ ពេលវេលានោះហើយធ្វើឱ្យកេរ្តិ៍ឈ្មោះជាអ្នកនិពន្ធរបស់លោក សួន ពិសិដ្ឋ ល្បីពាសពេញប្រទេសតាមរយៈការនិពន្ធបទចម្រៀង និងភ្លេងថ្មីឱ្យតារាចម្រៀងដូចជាលោក ខាន់ ជេមន៍ លោក ញឹម ចំរើន និងតារាផ្សេងៗទៀតក្នុងផលិតកម្មនេះ។
សួន ពិសិដ្ឋ ក្នុងឈុតរឿង ចៅពស់កេងកង ជាមួយ ចន ច័ន្ទលក្ខិណា
ពានរង្វាន់ទទួលបាន
ក្រៅតែពីការរៀនជាប់ចំណាត់ថ្នាក់លេខ១រហូតនៅក្នុងប្រទេសកម្ពុជា នៅឯប្រទេសកាណាដាឯណោះវិញរយៈពេលពីរឆ្នាំលោក សួន ពិសិដ្ឋ ទទួលលិខិតសរសើរចំនួន១៨ មេដាយមាសចំនួន៦ និងពានមាស៣ ពីការប្រកួតប្រជែង Pianoនៅប្រទេសនេះ។
ដោយឡែកនៅក្នុងស្រុកវិញអ្នកនិពន្ធបទភ្លេងថ្មីរូបនេះទទួលបានពានបីផ្នែកអ្នកនិពន្ធឆ្នើមប្រចាំប្រទេសគឺពីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈមួយ និងពានពីរទៀតពីកម្មវិធីអាណាចក្រតារានៅឆ្នាំ២០១២ និងឆ្នាំ២០១៣នេះ។
បច្ចុប្បន្នអ្នកនិពន្ធបទភ្លេងឆ្នើមរូបនេះកំពុងតែនិពន្ធបទភ្លេង និងទំនុកច្រៀងថ្មីឱ្យតារាមួយចំនួនក្នុងផលិតកម្មរស្មីហង្សមាស ដូចជាលោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណារាជ កញ្ញា ពេជ្រ សោភា កញ្ញា សួស វីហ្សា និងផលិតកម្មថ្មីមួយចំនួនទៀត។
បទចម្រៀងថ្មី និង ល្បីតាក់តែងកន្លងមក
រយៈពេល៦ឆ្នាំនៃការក្លាយជាអ្នកនិពន្ធតាំងពីប្រឡូកក្នុងផលិតកម្ម Rock មកលោក សួន ពិសិដ្ឋ បាននិពន្ធបទភ្លេង និងទំនុកភ្លេងថ្មីជាង១០០បទ ក្នុងនោះបទល្បីៗទទួលបានការគាំទ្រខ្លាំងមានដូចជាបទ "យុវជនខ្មែរ" “ខ្មែរដើម្បីខ្មែរ" “ ប្រាសាទព្រះវិហារមរតកខ្មែរ" សម្រែកបេះដូង" “ស្ដាយក្រោយ" “រយពាន់ផ្ញើសារ" “មោទនភាពជាខ្មែរ" “Cambodia Kingdom Of Wonder” “ស្រលាញ់ប៉ុណ្ណាដែលធ្វើឱ្យអូនមិនក្បត់បង" “យំមិនឆ្អែត" “លួចស្នេហ៍" “គ្មានលើកទីពីរ" សន្យាប្រយោល" “ស្អាតអី ស្អាតយ៉ាងនេះ!” “ស្រីកំសាក" “បងផឹកដើម្បីអូន" “អូនផឹកមិនឆ្អែត" “បើមិនស្រលាញ់ អាណិតធ្វើអ្វី?”
ចំណុចពិសេសដើម្បីរៀននិពន្ធភ្លេងបានល្អ
លោក សួន ពិសិដ្ឋ បានបញ្ជាក់ថាប្រសិនបើមិត្តយុវវ័យចង់រៀងជំនាញបទភ្លេងឱ្យបានល្អត្រូវតែមានការតាំងចិត្តខ្ពស់ ហាត់ដំផ្លូវចិត្តឱ្យបានល្អស្រលាញ់ និងចូលចិត្ត មានការតាំងចិត្តខ្ពស់ មិនចុះចាញ់រាល់ឧបសគ្គទាំងឡាយកើតមានចំពោះខ្លួន។
អ្វីដែលពិសេសត្រូវមានទេពកោសល្យខ្ពស់ទើបអាចរៀនជំនាញនេះបានលឿនចប់ចេះមានកម្រិតខ្ពស់។ ម្យ៉ាងការនិពន្ធបទភ្លេងបានល្អ លុះណាតែបុគ្គលនោះចេះលេង Piano ឱ្យបានច្បាស់ជាមុនសិន ទើបអាចចាប់ផ្ដើមរៀនតែងនិពន្ធបទភ្លេងបានល្អ។
គោលបំណងទៅថ្ងៃអនាគត
គោលដៅចម្បងទៅថ្ងៃអនាគតលោក សួន ពិសិដ្ឋ ចង់ធ្វើយ៉ាងណាជួយជំរុញលើកកម្ពស់វិស័យសិល្បៈឱ្យបោះជំហានទៅមុខកាន់តែខ្លាំងតាមរយៈការបង្កើតស្នាដៃថ្មីក្នុងវិស័យតែងនិពន្ធបទភ្លេង និងបទចម្រៀងថ្មី និងការប្រឡូកក្នុងវិស័យភាពយន្ត ជាតួសម្ដែង និងជាអ្នកដឹកនាំមួយរូបផងដែរ។ ម្យ៉ាងទៀតលោកក៏មានគម្រោងបើកបង្រៀនសាលាដូរ្យតន្ត្រីនៅក្នុងប្រទេសកម្ពុជាដែរ ប៉ុន្តែលោកមិនទាន់បង្ហើបពីកាលបរិច្ឆេទច្បាស់នៅឡើយទេ៕
អានអត្ថបទបន្ត៖ តោះ…មើលវីដេអូ ប៊ុត សីហា លើកពាន The Voice Cambodia យប់មិញ
អានអត្ថបទបន្ត៖ អ្វីនៅពីក្រោយភាពជោគជ័យរបស់ គង់ សុជាតិ ពីអ្នកលក់ចេកឆឹង ក្លាយជាពិធីការិនីល្បី និង ជាថៅកែហាងកែសម្ផស្ស?
អានអត្ថបទបន្ត៖ ជយោ…អ្នកកំពង់ស្ពឺឈ្នះពាន The Voice Cambodia ហើយ…!!!
អត្ថបទ៖ អ៊ីង សុឡា