• 2023-05-22 02:33:29
  • ព័ត៌មាន

មោទនភាព​ទៀត​ហើយ Vannda ល្បី​ខ្លាំង រហូត​ទស្សនាវដ្ដី​អាមេរិក Forbes កត់​ចូល​បញ្ជី​

  • 2023-05-22 02:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​មោទនភាព​ថ្មី​មួយ​ទៀត​របស់​កម្ពុជា ខណៈ​ដែល​តារា​ចម្រៀង​រ៉េប​ដ៏​ល្បី​ វណ្ណដា ត្រូវ​បាន​ទស្សនា​វដ្ដី​ដ៏​ល្បី​របស់​អាមេរិក "Forbes" បានយកទៅ​​ចុះ​ផ្សាយ​នៅ​ក្នុង​មាតិការ​ព័ត៌មាន​របស់​ពួក​គេ​យ៉ាង​កម្រ។

តាម​មាតិការ​របស់​ទស្សនា​វដ្ដី​អាមេរិកនេះ បាន​ឲ្យ​ដឹង​ថា វណ្ណដា របស់​កម្ពុជា ត្រូវ​បាន​រាប់​បញ្ចូល​ទៅ​ក្នុង​បញ្ជី យុវជនមានឥទ្ធិពលបំផុតទាំង 30 នាក់ដែលមានអាយុក្រោមអាយុ 30 ឆ្នាំ​នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬហៅ​ថា “FORBES 30 UNDER 30 ASIA 2023"។

Forbes បាន​ពិព័ណនាទៀត​​ថា វណ្ណដា គឺ​ជា​តារា​ចម្រៀង​រ៉េបជាភាសាខ្មែរ និងអង់គ្លេស។ រូបគេបានប្រើប្រើប្រាស់ឧបករណ៍ភ្លេង​បុរាណខ្មែរ និង​បានលើកតម្កើងសិល្បករចាស់​ឱ្យមានភាពល្បីល្បាញក្នុងតំបន់ ដូច​ជា​ប្រទេសថៃ និងសិង្ហបុរី បន្ទាប់ពីបានចេញអាល់ប៊ុមទីពីររបស់គឺ Skull 2 (Season 1) កាលពីខែមិថុនា ២០២២។

អាស្រ័យ​លើ​ភាព​ល្បី​ល្បាញ​នេះ ឆាណែល​យូធូប VannDa ថ្មីៗនេះមានអ្នកចូលមើល ១០០(ឥឡូវ១០០០លាន)ដងទៅ​ហើយ ក្នុង​នោះ​បទមាន​សក្ដានុពល​បំផុត គឺ​បទ "Time to Rise" ដែលមានការ​ចូល​រួម​ពី​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង លោកតា គង់ ណៃ អ្នកឯកទេសផ្នែកភ្លេងបុរាណខ្មែរ និងជាតន្ត្រីករម្នាក់ក្នុងចំណោមតន្ត្រីករមួយចំនួន ដែល​នៅ​រស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ភាព​ល្បី​ល្បាញ​ឆ្លង​ទ្វីប​របស់​តារា​រ៉េប​មក​ពី​ខេត្តព្រះសីហនុ​នេះ បន្ទាប់ពី​លោក​ចុះកុងត្រាជាមួយផលិតកម្ម Baramey Production ក្នុងឆ្នាំ 2019។ មិន​យូរ​ប៉ុន្មាន​នេះ​ដែរ VannDa ក៏​បាន​ឈាន​ទៅ​បន្ត​ទៅ​ធ្វើ​សហប្រតិបត្តិការ​ឆ្លង​ប្រទេស​ទៀត​ជាមួយ តារារ៉េបថៃ OG Bobby និង F.HERO។ បទ "Bong Bong” របស់​ពួក​គេ ក៏​ទទួល​បាន​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​ដែរ ដែល​គិត​មក​ដល់​ពេល​នេះ​មាន​អ្នក​ចូល​ទស្សនា ៦៣លាន​ដង​ហើយ ក្រោយ​បាន​ចេញ​ផ្សាយ​រយៈ​ពេល ៧ខែ​មក​នេះ។

គួរ​បញ្ជាក់​ថា ទស្សនាវដ្ដី Forbes ជាទស្សនាវដ្ដីដ៏ល្បីមួយ ដែលមានការគោរពក្នុង USA និង ទូទាំងពិភពលោក។ ទស្សនាវដ្ដី​នេះ​ទទួលពានរង្វាន់ទស្សនាវដ្តីជាតិ(USA) និង​មានការបោះពុម្ពផ្សាយជាអន្តរជាតិ មាននៅអាស៊ី ក៏ដូចជាការបោះពុម្ពផ្សាយនៅក្រោមអាជ្ញាប័ណ្ណក្នុង​ប្រទេស​ចំនួន 27ជុំវិញពិភពលោក។ ទស្សនាវដ្ដី​នេះ ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​សម្រាប់​បញ្ជី​​កត់​ត្រា​ចំណាត់​នា​នា ក្នុង​នោះ​រួម​​មាន​បញ្ជី​អ្នក​មានបំផុត​នៅអាមេរិក (Forbes 400) បញ្ជី​ក្រុមហ៊ុន​កំពូល​ក្នុងពិភពលោក (Forbes Global 2000) រួមទាំង បញ្ជី Forbes នៃ​អ្នក​មាន​អំណាច​បំផុត​របស់​ពិភពលោក និង មហាសេដ្ឋីពិភពលោក។ បាវចនារបស់ទស្សនាវដ្តី Forbes គឺ "ផ្លាស់ប្តូរពិភពលោក"៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម