
- ពុធ, 9 សីហា 2023 04:21
- ជីវិតតារា
ឪខ្លាកូនក៏ខ្លាដែរ! អាយុ ៩ ឆ្នាំសោះ កូនស្ដេចក្បាច់គុន Wu Jing ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅបាត់
- ពុធ, 9 សីហា 2023 04:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪខ្លាកូនក៏ខ្លាដែរ! អាយុ ៩ ឆ្នាំសោះ កូនស្ដេចក្បាច់គុន Wu Jing ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅបាត់
ចន្លោះមិនឃើញ
ថ្មីៗនេះ Wu Jing និងភរិយាបានបង្ហាញខ្លួនក្នុងកម្មវិធីប្រកួតក្បាច់គុន ដើម្បីលើកទឹកចិត្តកូនប្រុសច្បង Wu Yu (អាយុ ៩ ឆ្នាំ)។ តាមរយៈរូបភាពដែលត្រូវបានបង្ហោះ ដោយភរិយា Wu Jing បានឲ្យឃើញកូនប្រុសអាយុ ៩ ឆ្នាំរបស់ខ្លួន ពាក់ខ្សែក្រវាត់ខ្មៅពេលបង្ហាញក្បាច់គុនរួចទៅហើយ។
តាមរយៈរូបភាពទាំងនោះ កូនប្រុសរបស់តារាសម្តែងរូបនេះ បានបង្ហាញក្បាច់គុនយ៉ាងស្វាហាប់និងមានភាពច្បាស់លាស់បំផុតនៅក្នុងការប្រកួត។ ក្រោយឃើញហើយ មហាជនភាគច្រើនពិតជាលាន់មាត់ថា កុមារារូបនេះពិតជាសមនឹងឈ្មោះជាកូនប្រុសរបស់ “ស្តេចគុន” មែន។
Wu Jing ត្រូវបានគេស្គាល់ថាជាតារាក្បាច់គុនមួយរូប ឬជា "ស្ដេច Bowx Office" ប្រចាំភាពយន្តចិន។ ក្នុងឆ្នាំ ២០១៣ លោកបានរៀបការជាមួយ ពិធីការិនី Xie Nan បន្ទាប់ពីមានទំនាក់ទំនងស្នេហានឹងគ្នាមួយរយៈ។ ក្នុងឆ្នាំ ២០១៤ ប្តីប្រពន្ធមួយគូនេះ បានស្វាគមន៍សមាជិកតូចដំបូងរបស់ពួកគេគឺកូនប្រុស Wu Yu។ ៤ ឆ្នាំក្រោយមក អ្នកទាំងពីរក៏ទទួលបានកូនប្រុសពៅម្នាក់ទៀត។
និយាយពីកូនប្រុសច្បង Wu Yu វិញ មហាជនបានសម្តែងការកោតសរសើរចំពោះ Wu Jing ដែលជាឪពុកយ៉ាងខ្លាំង ដោយសារតែការព្យាយាមក្នុងការបង្ហាត់ និងធ្វើជាគ្រូដ៏ល្អសម្រាប់កូន ហើយរឹតតែសរសើរកូនប្រុស ដែលជាក្មេងចេះស្តាប់បង្គាប់ឪពុកម្ដាយ។
នៅវ័យក្មេងក៏ពិតមែន ក៏កុមារម្នាក់នេះ មិនចេះបង្ហាញខ្លួនក្រអឺតក្រទម ឬមើលងាយអ្នកដទៃឡើយ ទោះបីជាកូនប្រុសរបស់តារាល្បីឈ្មោះក៏ដោយ។ ផ្ទុយទៅវិញ ក្មេងប្រុសវ័យ ៩ ឆ្នាំនេះ មានភាពរួសរាយរាក់ទាក់ និងសណ្ដានចិត្តល្អជាមួយមនុស្សគ្រប់គ្នាបំផុត។
Wu Jing តែងតែយកចិត្តទុកដាក់លើ "គ្រឹះ" ក្នុងការអប់រំកុមារ។ ជាក់ស្តែង កាលពីពេលដែលកូនប្រុសច្បងរបស់ខ្លួនមានអាយុត្រឹមតែ ២ ឆ្នាំ លោកបានបង្រៀនកូនថា "កូនប្រុសហូរឈាមបាន ប៉ុន្តែមិនអាចស្រក់ទឹកភ្នែកបានទេ"។
ពេលណាដែលលោក ទំនេរពីការថតរឿង Wu Jing តែងចំណាយពេលលេងជាមួយកូនប្រុសជានិច្ច មិនខ្ចីសម្រាកយកកម្លាំងច្រើនឡើយ។ ជំនួសដោយការទិញប្រដាប់ប្រដាក្មេងលេងថ្លៃៗ លោក Wu Jing បានយកកម្លាំងបង្រៀនកូនឱ្យប្រើដំបង និងហាត់ក្បាច់បាតនៃក្បាច់គុនវិញ។
ដើម្បីឱ្យកូនៗរបស់លោក រៀនឯករាជ្យតាំងពីតូច Wu Jing ក៏បានចុះឈ្មោះ កូនច្បង Wu Yu ឲ្យ ចូលរួមជំរុំហ្វឹកហាត់រយៈពេល ១០ ថ្ងៃ។ ប្រពន្ធរបស់លោក ធ្លាប់បានថតសកម្មភាពកូន ដែលចេះរៀបចំអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង តាំងពីការខ្ចប់អីវ៉ាន់ ការត្រៀមខ្លួនសព្វគ្រប់ រហូតដល់ការចូលជំរុំហ្វឹកហាត់។
ក្រឡេកមកមើលរូបភាពកូនប្រុសរបស់ Wu Jing ពាក់ខ្សែក្រវាត់ខ្មៅ ក្បាច់គុននៅចង្កេះ គ្រប់គ្នាត្រូវតែសរសើរ "ស្តេចក្បាច់គុន" សម្រាប់ការចិញ្ចឹមកូនបានល្អ ព្រោះថា ថ្វីត្បិតតែអាយុ ៩ឆ្នាំ ប៉ុន្តែកុមាររូបនេះ បានបង្ហាញសមត្ថភាពអស្ចារ្យ ក្នុងវិស័យសិល្បៈក្បាច់គុនទាំងស្រុង មិនអន់ជាងឪពុកដែលជាតារាល្បីរបស់ខ្លួនឡើយ។
នៅក្នុងបទសម្ភាសន៍មួយ លោក Wu Jing បានឲ្យដឹងថា ខ្លួនគាត់ផ្ទាល់បានសិក្សាក្បាច់គុនតាំងពីកុមារភាពមកម្ល៉េះ ហើយការរងរបួសរាប់មិនអស់ ដូចជាបាក់ដៃ និងជើង គឺជារឿងធម្មតា។ ប៉ុន្តែអរគុណដល់រឿងលំបាកទាំងនេះហើយ ទើបតារាប្រុសរូបនេះសម្រេចបានជោគជ័យដូចសព្វថ្ងៃ។ ហេតុនេះ Wu Jing ក៏សង្ឃឹមថា កូននឹងបានរៀនពីពាក្យថា ៖ «កូនចង់រឹងមាំ មិនត្រូវខ្លាចឈឺ មិនខ្លាចប្រឈមនឹងទុក្ខដាច់ខាត»។
មនុស្សជាច្រើនបានទស្សន៍ទាយថា ឆាប់ៗនេះ កូនប្រុសរបស់ Wu Jing អាចនឹងមានរូបរាងអស្ចារ្យ ពេលធំឡើង ប្រកបដោយទេពកោសល្យសិល្បៈក្បាច់គុនខ្លាំង ហើយទំនងមិនអន់ជាងឪពុកឡើយ៕