• អង្គារ, 29 សីហា 2023 02:47
  • ព័ត៌មាន

ថតចេញពីចម្ការដាំសណ្ដែក គឹម ហេង ដាក់គោលដៅចេញទៅកម្សាន្ដនៅប្រទេសធំៗ ៣

  • អង្គារ, 29 សីហា 2023 02:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីមានការលើកទឹកចិត្ដពីតារាចម្រៀង តារាសម្ដែងដែលជាអតីតកូនចៅរបស់ខ្លួនក្នុងផលិតកម្មKH Promotion លោក គឹម ហេង កំពុងប្រឹងប្រែងងើបចេញពីភក់ជ្រាំ និងគិតខ្លី។ រស់នៅក្នុងស្រមោលអតីតកាលជាច្រើនឆ្នាំដោយសារផលិតកម្មត្រូវដួលរលំ ហើយគ្រួសារក៏ត្រូវបែកបាក់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ លោកបញ្ជាក់ជំហរជាថ្មីថា នឹងប្រឹងក្រោកឈរ ហើយទៅលេងប្រទេសថៃ ជប៉ុន និងអាមេរិក មុនគេ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក គឹម ហេង និយាយថា លោកចាប់ផ្ដើមចេញមើលពិភពលោកខាងក្រៅហើយ ហើយប្រទេសទី១ ទៅមុនគេគឺថៃ ជាកន្លែងធ្វើអាជីវកម្មមុនគេ និងមានមិត្តចាស់ៗជនជាតិថៃជាច្រើននាក់។ ទី២ សហរដ្ឋអាមេរិក ព្រោះចង់ទៅជួបស្ថាបនិក Facebook និងទី៣ ទៅប្រទេស ជប៉ុន ព្រោះចង់ជួបកូនស្រីជាទីស្រលាញ់របស់លោក។

ទាក់ទងរឿងគ្រួសារ និងកូនស្រី ចាងហ្វាងផលិតកម្មរូបនេះ តែងតែរំលឹកសូម្បីតែនៅពេលជួបជុំពិសារបាយសាមគ្គីជាមួយតារាល្បីៗជាច្រើនដួងកាលពីពេលថ្មីៗ គឺមានដូចជា៖ លោក សាន ផានិត កែវ ស្រីលក្ខណ៍ យុគ ឋិតរដ្ឋា ឃុំ ប៉ុណ្ណាដែត និងលោក សាយ សៀរ៉ា ជាដើម។ ចាប់តាំងពីពេលនោះមក គេឃើញលោក គឹម ហេង មានទឹកចិត្ដតស៊ូកាន់តែខ្លាំង ហើយបង្ហាញនូវមហិច្ឆតាចង់ទៅជួបជុំគ្រួសារ និងស្រម៉ៃចង់បង្កើតអាជីវកម្មឡើងវិញជាញឹកញាប់។

ទោះជាយ៉ាងណាលោកថា នេះគ្រាន់តែជាក្ដីស្រម៉ៃប៉ុណ្ណោះ តែសម្រេចបំណងកម្រិតណាលោកមិនទាន់ដឹងច្បាស់នៅឡើយ ដោយលោលលើកឡើងថា៖”ការធ្វើអាជីវកម្មទោះតូច ឬធំក៏ត្រូវតែមានមហិច្ឆតាឲ្យទទួលបានជោគជ័យជានិច្ច…បេះដូងជាមេដឹកនាំ”៕

ជិន សុភ័ក្ដ្រ

មតិយោបល់