
- សុក្រ, 3 វិច្ឆិកា 2023 03:28
- ជីវិតតារា
មកស្គាល់កូនកាត់ ៣សាសន៍ឈាមជ័រកម្ពុជា ដែលជាតួអង្គសំខាន់ក្នុងរឿង «The Creator»
- សុក្រ, 3 វិច្ឆិកា 2023 03:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កូនកាត់ ៣សាសន៍ឈាមជ័រកម្ពុជា ដែលជាតួអង្គសំខាន់ក្នុងរឿង «The Creator»
ចន្លោះមិនឃើញ
ខ្សែភាពយន្តប្រភេទ Sci-Fi ដែលមានចំណងជើងថា «The Creator» កំពុងក្លាយជាភាពយន្តដែលល្បីដាច់គេនៅក្នុងពេលនេះ ផ្អែកទៅលើសាច់រឿងបែបវិទ្យសាស្ត្រ និងមាន ឈុតឆាកប្រយុទ្ធដ៏គួរឲ្យចាប់អារម្មណ៍ ខុសប្លែកពីរឿងមុនៗរបស់អ្នកដឹកនាំរឿង Gareth Edwards ដែលគ្រប់គ្នាស្គាល់ច្បាស់តាមរយៈស្នាដៃដឹកនាំស៊េរីរឿង «Star Wars»។
ក្រៅពីសាច់រឿងដ៏ល្អនេះហើយ អ្វីដែលគ្រប់គ្នាសម្លឹងមើលមិនព្រិចភ្នែក ក៏ផ្អែកលើកត្តាតួសម្ដែងដែរ។ ដោយឡែកក្នុងចំណោមតួសម្ដែងទាំងអស់របស់រឿងតួក្មេងម្នាក់ដែលមានឈ្មោះថា «Alphie»។ ឥទ្ធិពលរបស់ Alphie នៅក្នុង «The Creator» ដើរតួយ៉ាងសំខាន់ក្នុងភាពយន្តប្រភេទ Sci-Fi នេះ ធ្វើឲ្យអ្នកតាមដានភាគច្រើន ពិសេសអ្នកដែលយល់ពី AI និងយល់ពីអត្ថន័យរឿង ជក់ចិត្តខ្លាំងបំផុត។
ក្រៅពីជាតួសំខាន់ រឿងពិតក្រៅឆាករបស់ Alphie ក៏នឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល ដោយសារនាងក៏មានសាច់ឈាមជាខ្មែរដែរ។
Madeleine Yuna Voyles គឺជាឈ្មោះពិតរបស់ Alphie ដែលឆ្នាំនេះនាងមានអាយុ ៩ឆ្នាំហើយ។ នាងបានកើត និងធំដឹងក្ដីនៅទីក្រុង San Diego រដ្ឋ California សហរដ្ឋអាមេរិក។ នាងជាកូនកាត់បីសាសន៍ (ខ្មែរ, ថៃ និងឡាវ) និងក៏មានខ្សែស្រឡាយខាងអាឡឺម៉ង់អាមេរិកាំងដែរ។
នាងមានប្អូនស្រីម្នាក់ឈ្មោះ Arden Briar Voyles ដែលជាតារាសម្តែងផងដែរ។
ដ្បិតទើបបង្ហាញមុខក្នុងខ្សែភាពយន្តខ្នាតធំក៏ពិតមែន ប៉ុន្តែ Madeleine បានបង្ហាញគ្រប់គ្នាឲ្យដឹងថា នាងជាក្មេងដែលមានសមត្ថភាពមិនធម្មតា ហើយអាស្រ័យដោយដុងធម្មជាតិមានមកតាំងពីកើតផង គ្មានអ្វីដែលប្រកែកបានទេ ថានាងជាក្មេងដែលពូកែ។
ដើម្បីស្វែងរកតួក្មេង AI ក្រុមការងារបានបើកការ ប្រកាសជ្រើសតួសម្ដែងជាលក្ខណៈទ្រង់ទ្រាយធំ ហើយទីបំផុតក៏បានរកឃើញតារាគុណភាព Madeleine Yuna Voyles ដែល Edwards ហៅថា "A director's dream" ឬ តួក្នុងក្ដីស្រមៃរបស់អ្នកដឹកនាំរឿង។
Edwards ពន្យល់ថា៖ "យើងទទួលបានខ្សែអាត់ពីក្មេងៗរាប់រយនាក់នៅជុំវិញពិភពលោក។ បន្ទាប់មកខ្សែអាត់ត្រូវបានបង្រួមទៅ TOP70 ហើយក្រោយមកចម្រាញ់សល់ TOP10។ មនុស្សដំបូងដែលធ្វើ Audition គឺ Madeleine ហើយពេលចូលមកភ្លាម នាងធ្វើឲ្យគ្រប់គ្នាស្គាល់ពីភាពអស្ចារ្យតែម្ដង"។
អ្នកដឹកនាំរឿងបានបន្តទៀតថា លោក និងអ្នកគ្រប់គ្នាដែលបានឃើញពីការប្រកួត Audition របស់ Madeleine បានធ្វើឱ្យពួកគេស្រក់ទឹកភ្នែក។ ក្រោយនាងចេញពីបន្ទប់ លោក និងជំនួយការមើលមុខគ្នា ហើយពួកគេលាន់មាត់ដូចគ្នាថា ថា "កូនហ្នឹងហើយ"។
Madeleine បានឆ្លងកាត់ការធ្វើ Audition សម្រាប់រឿង «The Creator» នៅពេលនាងមានអាយុ ៦,៥ ឆ្នាំ ហើយពេលថតនាងមានអាយុ ៧ ឆ្នាំប៉ុណ្ណោះ។
Madeleine គឺជាតារាសម្តែងតូចដែលមានជំនាញវិជ្ជាជីវៈ ឧស្សាហ៍ព្យាយាម និងមានទេពកោសល្យបំផុត៕