• 2023-11-16 02:56:52
  • ព័ត៌មាន

មិន​ធម្មតា​រឿង "ប្រុស​លក់​ខ្លួន" រក​លុយ​តែ​៤ថ្ងៃសោះ​ បាន​ជាង ៨០០លាន ត្រៀម​បំបែកកំណត់​ភាពយន្ត​បរទេស​១ទៀត

  • 2023-11-16 02:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​វិស័យភាពយន្ត​ខ្មែរ បាន​កើត​ឡើង​ហើយ ក្រោយ​ភាពយន្ត​ក្នុង​ស្រុក​មួយ​រឿង​មាន​ចំណង​ជើង​ថា "ប្រុស​លក់​ខ្លួន" រក​លុយ​បាន​យ៉ាង​ច្រើន​សន្ធឹកសន្ទាប់​ក្នុង​រយៈ​ពេល​តែ ៤ថ្ងៃ​ប៉ុណ្ណោះ។

រឿង "ប្រុស​លក់​ខ្លួន" ឬ រ៉េនប៊យ ផលិតដោយ​ផលិតកម្ម អិលឌី ភីកឈ័រ ដែល​មាន​ស្នាដៃ​ផលិតភាព​យន្ត​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​រឿង​រួច​មក​ហើយ។ រឿង​នេះ​ប្រមូល​ផ្ដុំ​ដោយ​តួសម្ដែង​វ័យ​ក្មេង ស្អាត​ស្អាត ពេញ​និយម​ក្នុង​ចង្កោម​យុវវ័យ។ ពិសេស​មាន​តួ​សម្ដែង​មក​ពី​ភូមា និង​ថៃ​មួយ​ចំនួន​ទៀត​ក៏​បាន​ចូល​រួម​សម្ដែង​ជាមួយ​គ្នា​ដែរ។

ជា​លទ្ធផល ខាត់ វ៉ៃហាំង កញ្ញា ពេជ្រ វត្តី និង​តារា​សម្ដែង​ជនជាតិ​ភូមា លោក ប៉ាំង តាកន បាន​កញ្ឆក់​យក​ការ​គាំទ្រ​យ៉ាង​ច្រើន​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ដោយ​បាន​ធ្វើ​ឲ្យ​រឿង​នេះ ប្រមូល​លុយ​ពី​ការ​លក់​សំបុត្រ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​រយៈ​ពេល​ត្រឹម​តែ ៤ថ្ងៃ ក្នុង​សប្ដាហ៍​ដំបូង​នៃ​ការ​ចាក់​បញ្ចាំង។

តាម​លោក លៀក លីដា ចាងហ្វាងផលិតកម្ម អិលឌី ភីកឈ័រ បាន​ឲ្យ​ដឹង​ថា រឿង "ប្រុស​លក់​ខ្លួន" រក​ចំណូល​ពី​ការ​លក់​សំបុត្រ​ក្នុង​រយៈ​ពេល ៤ថ្ងៃ បាន​ចំនួន ៨០០លាន​រៀល ដែល​ធ្វើ​ឲ្យ​លោក​រីករាយ និង​មោទនភាព​យ៉ាងខ្លាំង។ នេះ​ជា​តួលេខ​មិន​ធ្លាប់​មាន​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​ភាពយន្ត​ក្នុង​ជាង ១ទសវត្សរ៍​មក​នេះ។

លោក លីដា ថ្លែង​ទៀត​ថា ប្រាក់​ចំណូល​ប៉ុណ្ណេះ ក្នុង​រយៈ​ពេល​ប៉ុណ្ណឹង គឺ​បាន​ប្រមាណ ២០ភាគរយ​នៃ​ការ​រំពឹង ហើយ​វា​បាន​ធ្វើ​ឲ្យ​លោក​មាន​ក្ដី​សង្ឃឹម​មុតមាំ​ថា ភាពយន្ត​របស់​លោក នឹង​អាច​បំបែក​កំណត់​ត្រា​ភាពយន្ត​បរទេស​មួយ​រឿង ដែល​ធ្លាប់​រក​ចំណូល​សរុប​បាន​ដល់ ១លាន​ដុល្លារ​អាមេរិក។

ដោយ​បាន​ការ​គាំទ្រ​យ៉ាង​គំហុក​ពី​អ្នក​គាំទ្រ ដែល​លោក​ចាត់​ទុក​ថា វត្ថុធាតុ​ដើម​ដ៏​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​ភាពយន្ត​ក្នុង​ស្រុក លោក លៀក លីដា មាន​ជំនឿ​ថា "ប្រុស​លក់​ខ្លួន" ឬ រ៉េនប៊យ នឹង​អាច​ឡើង​លើ បក់អូហ្វីស បាន​ដូច​ភាពយន្ត​អន្តរជាតិ​មួយ​រឿង​កាល​ពី​អតីតកាលដែរ។

ផលិតករ​ដដែល បញ្ជាក់​ថា លទ្ធផល​នៅ​ពេល​នេះ ជា​ដើម​ទុន​ដ៏​សំខាន់​មួយ សម្រាប់​ជំរុញ​លើក​ទឹក​ចិត្ត​របស់​លោក ក្នុង​ការ​បន្ត​ផលិត​រឿង​ក្នុង​ផែន​ការ​ដ៏​ធំ​មួយ​បន្ត​ទៀត៕

មតិយោបល់