• 2023-11-24 01:00:00
  • ជីវិតតារា

គិតមកដល់ពេលបច្ចុប្បន្ន តើសមាជិកបច្ចុប្បន្ន និងអតីតរបស់ EXO មានជីវិតបែបណាខ្លះហើយ?

  • 2023-11-24 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

EXO គឺជាក្រុមដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺប្រចាំវិស័យ K-Pop ពិសេស​ក្រោយចេញមុខភ្លាម រហូតក្លាយជានិមិត្តសញ្ញារបស់តារាជាច្រើននាក់ ក៏ដូចជាអ្នកគាំទ្រ តាមរយៈស្នាដៃដ៏ជោគជ័យ "Growl" និង "Wolf" កាលពីឆ្នាំ ២០១៣។

EXO ក្នុងឆ្នាំ ២០១៣

ទោះជាយ៉ាងណា ជារឿងស្មានមិនដល់ សមាជិកជនជាតិចិនបីនាក់ក៏បានសម្រេចចិត្តចាកចេញពីក្រុមបន្តិចជាបន្តបន្ទាប់។ អ្នកចាកចេញពីក្រុមមុនគេគឺ Kris បន្ទាប់មកគឺ Luhan និង Tao ស្របពេល Lay ត្រូវក្លាយជាសមាជិកជនជាតិចិនតែម្នាក់គត់ដែលនៅបន្តវត្តមានក្នុងក្រុមដល់បច្ចុប្បន្ន។ ក្រោយចាកចេញពីក្រុម និងផ្សងវាសនានាមជាតារាទោលនៅប្រទេស​ចិន ដែលជាទឹកដីកំណើត តើ​អតីត​សមាជិក​ទាំង​នេះ​មាន​អ្វី​ខ្លះ​មក​ដល់​សព្វ​ថ្ងៃ?

Luhan, Kris, Tao
Lay

១. Tao

ថ្មីៗនេះ Tao បានចេញអាល់ប៊ុមថ្មីរបស់ខ្លួនមានចំណងជើងថា «30's Club»។ ដើម្បីជាការអបអរ លោកបានធ្វើការប្រគុំតន្ត្រីលើកទីពីរនៅទីក្រុងក្វាងចូវ ប្រទេសចិន។ កាលពីការប្រគុំតន្ត្រីលើកទី ១ដោយសារស្ថានភាពសុខភាពមិនសូវជាល្អ ទើប Tao បង្ខំចិត្តលុបចោល ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលបំផុត។ តាម​សេចក្តីរាយការណ៍​បន្តបន្ទាប់​មក ការលក់​សម្រាប់​ការ​ប្រគំ​តន្ត្រី​លើក​ទី​២​នេះ មាន​កម្រិត​ទាប​ រហូត​ដល់​ការ​ប្រគំ​តន្ត្រី​ត្រូវ​លុបចោលជាថ្មី​។

ទោះជាយ៉ាងណា ក៏នៅមានការគ្រោងទុកសម្រាប់ការប្រគុំតន្ត្រីដែលនៅសល់មួយទៀតដែរ។ ដើម្បីជម្រុញឲ្យការលក់មានប្រសិទ្ធិភាព តម្លៃត្រូវបានបញ្ចុះ ពោលគឺពី ៣៦៨ យាន់ (ខ្ទង់ ៥២,៥០ដុល្លារ)។ ថ្វីត្បិតតែមានការធ្លាក់ថ្លៃយ៉ាងគំហុកក៏ដោយ សំបុត្រនៅតែលក់អស់នៅមួយថ្ងៃមុនការប្រគុំតន្ត្រី។

២. Lay

ប្រៀបធៀប Lay ដែលបានបង្ហាញខ្លួនដំបូង (Debut) ជាមួយ Tao ក្នុងក្រុម EXO ក៏បានធ្វើការប្រគុំតន្ត្រីនៅទីក្រុង Chengdu នៅថ្ងៃតែមួយដែរ។ Lay បានលក់ការប្រគុំតន្ត្រីរបស់ខ្លួន ដោយផ្តល់ឱ្យអ្នកគាំទ្រនូវកាដូផ្សេងៗគ្នានៅថ្ងៃនៃការប្រគុំតន្ត្រីម្ដងៗ។ លោក​ជា​តារា​ចម្រៀង​ដ៏​ជោគជ័យ​ម្នាក់​នៅ​ស្រុក​កំណើត​ ដែលជាមោទកភាពសម្រាប់ខ្លួនផង ពិសេស​សម្រាប់គ្រួសារ និងអ្នកគាំទ្រ។ ថ្មីៗនេះលោកបានសម្តែងក្នុងរឿង «No More Bets» ក្នុងនាមជាតួឯក ដោយទទួល​បានជោគជ័យក្រាស់ក្រែល សម្រាប់អាជីពសម្ដែងរបស់លោក។

Lay គឺជា​សមាជិក​ចិន​តែ​ម្នាក់​គត់​ដែល​បាន​បិទ​កិច្ចសន្យា​ដែល​នៅ​សេសសល់​ជាមួយនឹង​ក្រុមហ៊ុន SM។ ទោះជាយ៉ាងណា លោក​ក៏នៅតែបន្តរក្សាទំនាក់ទំនងល្អជាមួយសមាជិក EXO ពុំប្រែដែរ ពិសេសក្នុងនាមជាកូនប្រុសរក្សាសន្យា Lay បន្តនៅជាសមាជិក EXO រហូតមកដល់បច្ចុប្បន្ន។

កេរ្តិ៍របស់តារា​ប្រុសរូបនេះ​ ហាក់កើនឡើងគួរឲ្យកត់សម្គាល់ ដោយ​លោក​បានជាប់ចំណាត់ថ្នាក់ Top 20 នៅក្នុង Forbes China Top 100 ក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នា។ លោកក៏បានបង្កើតក្រុមហ៊ុនខ្លួនឯង មាន​ឈ្មោះថា Chromosome Entertainment កាលពីឆ្នាំ ២០២០ ផងដែរ។

៣. Kris

អតីតសមាជិក​រូប​នេះ​ពេលនេះកំពុង​ជាប់​ពន្ធនាគារ ក្រោយជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ និង​គេច​ពន្ធ។ ជន​រង​គ្រោះ​ជា​ច្រើន​នាក់​បាន​ឈាន​ដល់​ការ​ចោទ​ប្រកាន់​ Kris ​ពី​បទ​ទាក់​ទង​ក្មេង​ស្រី​មិន​គ្រប់​អាយុក្នុងអំពើខុសច្បាប់។

តាមការប្រកាសព័ត៌មានរបស់ តុលាការប្រជាជនជាន់ខ្ពស់ទីក្រុងប៉េកាំង បាន​ឲ្យដឹងថា «នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ តុលាការ​ដំបូង​ប្រជាជន​ក្រុង​ប៉េកាំង Chaoyang បាន​ចេញ​សេចក្តី​សម្រេច​ទាក់​ទង​នឹង​ករណី​រំលោភ​សេពសន្ថវៈ​ជា​ក្រុម​សម្រាប់​ចុង​ចោទ Kris Wu។ ចំពោះការរំលោភសេពសន្ថវៈ ជនជាប់ចោទ Kris Wu ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១១ ឆ្នាំ ៦ ខែ បូករួមទាំងការនិរទេសខ្លួនផងដែរ។ ចំពោះ​បទ​ចោទ​ប្រកាន់​ជា​ក្រុម លោក​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១ ឆ្នាំ ១០ ខែ។ ដូច្នេះបើបូក​បញ្ចូល​គ្នា លោក​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៣ ឆ្នាំ បូក​ទាំង​ការ​និរទេសខ្លួនចេញពីប្រទេស​ទៀត»។

៤. Luhan

បន្ទាប់ពីចាកចេញពីក្រុម EXO លោកបានសាងអាជីពជាតារាចម្រៀងទោល និងជាតារាសម្តែងដ៏ជោគជ័យមួយរូបនៅប្រទេស​ចិន។ ការចេញអាល់ប៊ុមចុងក្រោយរបស់លោក គឺនៅឆ្នាំ ២០១៧ ហើយរឿងចុងក្រោយរបស់លោកគឺ Sisyphus ចេញឆ្នាំ ២០២០។ Luhan បានបន្តបង្ហាញមុខលើគ្របទស្សនាវដ្តីផ្សេងៗ ហើយថ្មីៗនេះនៅក្នុងកម្មវិធី Produce Camp 2020 ជា Mentor ឬ អ្នកណែនាំ។ ស្ថិតក្នុងវិស័យម៉ូដ Luhan នៅតែរក្សាបានពុំប្រែឡើយ ដោយកាលពីខែ ឧសភា ឆ្នាំ ២០២៣ លោកមានមុខនៅលើ ELLE China ទៀតផង។

ជាមួយគ្ននោះថ្មីៗនេះ តារា​ប្រុស​កើតឆ្នាំ ១៩៩០ រូបនេះក៏បានចូលរួមកម្មវិធីសម្ពោធទឹកអប់ក្លិនថ្មីរបស់ Gucci ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ នេះផងដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់