• 2023-12-11 03:49:52
  • ព័ត៌មាន

ចេញហើយ! តារាទោលដ៏ជោគជ័យទាំង ៨ ផ្អែកលើលទ្ធផលចំនួនលក់អាល់ប៊ុមច្រើនបំផុត

  • 2023-12-11 03:49:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿយៗ អ្នកជំនាញផ្នែកតន្ត្រីបានវាស់ស្ទង់ភាពជោគជ័យនៃការចេញអាល់ប៊ុមដំបូងរបស់សិល្បករតាមរយៈការលក់អាល់ប៊ុម ហើយការចេញបទចម្រៀងទោល ដោយមិនគិតពីពេល​ដែល​តារាទាំងនោះធ្លាប់ចេញបទម្នាក់ឯងឡើយ។ នៅឆ្នាំ ២០២៣ តារាទោលជាច្រើន មកពីក្រុមល្បីៗបានបង្កើតប្រវត្តិសាស្ត្រអស្ចារ្យ​ជាមួយនឹងអាល់ប៊ុមដំបូងរបស់ពួកគេ ជាមួយលទ្ធផល​ស្មានមិនដល់។ ទិន្នន័យនៃការលក់ដែលបានរៀបរាប់នៅទីនេះត្រូវបានគណនា ដោយប្រើតារាង Circle Chart (ពីមុនត្រូវបានគេស្គាល់ថាជា Gaon Chart) ដែលជាប្រភពដ៏គួរឱ្យទុកចិត្តបំផុតមួយសម្រាប់តាមដាន Music Sales នៅក្នុងប្រទេសកូរ៉េខាងត្បូង។

១. Jungkook (BTS)

Jungkook បាន​សាងកេរ្តិ៍ឈ្មោះកាន់តែអស្ចារ្យជាមួយនឹង អាល់ប៊ុម “Golden” ដែលចេញកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។ អាល់ប៊ុម​នេះ​លក់អស់ដល់ទៅ ២ ៦៣៣ ២៩៦ បន្ទះ ដែលក្លាយជាប្រវត្តិសាស្ត្រថ្មី​មួយ ខណៈវាឈាន​ដល់ចំណាត់ថ្នាក់កំពូលបំផុតប្រចាំវិស័យ K-Pop និងក៏បាន​នាំឲ្យ Jungkook មានមុខមាត់ថ្មី ជាតារាទោល K-Pop ដែលជោគជ័យបំផុត។

២. V (BTS)

V បានចេញអាល់ប៊ុមទោល “Layover” កាលពីថ្ងៃទី ០៨ ខែកញ្ញា។ អាល់ប៊ុមនេះបានទទួលជោគជ័យគួរឱ្យកត់សម្គាល់ ដោយលក់បាន ២ ២៤៣ ៨៦១ បន្ទះ ដោយវាបានបង្ហាញពីប្រជាប្រិយភាពជាសកលដ៏ធំធេងរបស់ V

៣. Jimin (BTS)

Jimin បានចេញអាល់ប៊ុមទោល ជាមួយនឹងអាល់ប៊ុមតូច “Face” នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣។ អាល់ប៊ុមនេះ ឈានដល់ចំនួនលក់ដ៏ខ្ពស់គួរឱ្យកត់សម្គាល់ចំនួន ១ ៦៩៦ ៣៩៨ បន្ទះ ដែលបង្ហាញពីប្រជាប្រិយភាពរបស់ Jimin សមតាមការខិតខំប្រឹងប្រែងចេញពីកម្លាំងកាយចិត្តដើម្បី ARMY

៤. Jisoo (BLACKPINK)

Jisoo បានក្លាយជាសមាជិកចុងក្រោយរបស់ BLACKPINK ដែលចេញបទចម្រៀងទោល ជាមួយនឹងអាល់ប៊ុម “ME” កាលពីថ្ងៃទី ៣១ ខែមីនា។ អាល់ប៊ុមនេះលក់បាន ១ ៥៣៥ ៥៨១ បន្ទះ ដែលជាសក្ខីភាពបញ្ជាក់ថា ប្រជាប្រិយភាពរបស់ Jisoo ពិតជាមិនធម្មតា ហើយអ្នកគាំទ្រដ៏ស្មោះត្រង់របស់ក្រុម ពិតជាមានឥទ្ធិពលមិនធម្មតាដូចគ្នា។

៥. Jihyo (TWICE)

Jihyo បានបង្ហាញខ្លួនជាមួយនឹងអាល់ប៊ុមតូចរបស់នាង មានឈ្មោះថា “ZONE” នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣។ អាល់ប៊ុមនេះ លក់បាន ៥៩៩ ៧៣៥ បន្ទះ ដោយបង្ហាញពីទេពកោសល្យកាន់តែច្បាស់មួយកម្រិតរបស់នាង ក្នុងនាមជាតារាទោល និងការគាំទ្រដ៏រឹងមាំពីអ្នកគាំទ្រ TWICE

៦. Taeyong (NCT)

Taeyong បានចេញអាល់ប៊ុមទោលទោលដំបូងរបស់ខ្លួនដែលមានចំណងជើងថា “SHALALA” នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៣។ វាក្លាយជាអាល់ប៊ុមដែលទទួលបានជោគជ័យក្នុងតារាង iTunes អន្តរជាតិផ្សេងៗ និងលក់បានសរុបចំនួន ៥០៧ ៦៨៣ បន្ទះ

៧. Soojin

អតីតក្រុមចម្រៀងស្រី (G)I-DLE រូបនេះ បានចេញបទចម្រៀងទោលជាមួយ ថាសចម្រៀង “AGASSY” កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។ អាល់ប៊ុមនេះ ជាកត់សម្គាល់នៃការវិលត្រឡប់មកកាន់វិស័យសិល្បៈជាថ្មី ជាមួយនឹងភាពជោគជ័យពីការលក់ចំនួន ៧០ ០០០បន្ទះ ដែលបង្ហាញថា ឥទ្ធិពលនាងនៅតែមិនទាន់សាបទៅណា។

៨. Jini

Jini បានបង្ហាញខ្លួនជាលើកដំបូងជាមួយនឹង ថាសចម្រៀង "An Iron Hand In A Velvet Glove" កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣។ ការចេញមុខដំបូងរបស់នាងបានទទួលជោគជ័យ ដោយការលក់បានកើនដល់ទៅ ៦១ ៩០៤ បន្ទះ ដែលធ្វើឲ្យនាងក្លាយជាតារាទោលម្នាក់ទៀតដែលមានប្រជាប្រិយភាពមិនធម្មតា៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់