• 2024-02-14 02:02:06
  • ជីវិតតារា

រឿងរ៉ាវក្រុមក្លើតារាកូរ៉េ មាននិស្ស័យត្រឹមមិត្តជិតស្និទ្ធ ស្គាល់ចិត្តថ្លើមគ្នាច្បាស់ តែគ្មានផ្លូវទៅជាស្នេហា

  • 2024-02-14 02:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតនៅក្នុងពិភពសិល្បៈ ប្រសិនតារា​គូណា​មាន​​ភាពស្និទ្ធស្នាលនឹងគ្នា ច្បាស់ណាស់ប្រាកដជាមាន​ព័ត៌មានចចាមអារ៉ាម​ថា​ពួកគេស្រឡាញ់គ្នា ឬមានទំនាក់ទំនង​ពិសេសហើយ។ ដូចតារា​ដែលត្រូវ​បាន​លើកយកមកបង្ហាញនៅក្នុងវីដេអូនេះ សុទ្ធតែធ្លាប់មានព័ត៌មាន​ថាពួកគេលួចលាក់ស្នេហានឹងគ្នា ទាំងដែលការពិតពួកគេរាប់អាន​គ្នា ត្រឹមជាមិត្តភ័ក្តិ ឬជាបងប្អូនប៉ុណ្ណោះ។

ដូច្នេះ​ជាការបញ្ជាក់កាន់តែច្បាស់ សូមមកស្គាល់នូវដៃគូមិត្តភ័ក្តិយ៉ិនស៊ិនទាំង ៦ គូ ប្រចាំពិភពសិល្បៈកូរ៉េ (ផ្នែកសម្ដែង) ដែល​រាប់អានគ្នាស្មោះស្ម័គ្ររាប់ឆ្នាំ៖

១. Gong Yoo & Jung Yumi

អ្នកទាំងពីរបាន​ជួប​គ្នា​ដំបូងពេល​ថត​រឿង "Silenced" បន្ទាប់មករឿង "Train To Busan" ហើយ​​លើក​ទី​បី​ក្នុង​រឿង "Kim Ji Young Born in 1982"។ ក្នុងរឿងពួកគេ មានភាពស៊ីសង្វាក់គ្នាបំផុត រហូតត្រូវអ្នកដឹកនាំរឿងពេញចិត្តអញ្ជើញមកសម្ដែងម្ដងហើយម្ដងទៀត ស្របពេល​នៅក្រៅរឿងពួកគេគឺជាមិត្តល្អនឹងគ្នា។ ជាក់ស្ដែងនៅពេល​មាន​ព័ត៌មាន​លើកឡើងថា អ្នកទាំងពីរ​មាន​ស្នេហានឹងគ្នា ឬខ្លះឈានដល់ចេញផ្សាយពាក្យមិនពិតថាពួកគេរៀបការនឹងគ្នា Gong Yoo បានចេញមុខបកស្រាយច្បាស់ៗថា៖ "Jung Yu Mi គឺប្រៀបដូចជាប្អូនស្រីរបស់ខ្ញុំ"

ការបារម្ភ និងការយកចិត្តទុកដាក់របស់ Gong Yoo មាន​ចំពោះ Yu Mi ធ្វើឲ្យគ្រប់គ្នារំភើបចិត្ត និង​លើកឡើង​ថា តារា​ស្រីរូបនេះ​សំណាងដែលមាន​បងប្រុសម្នាក់នេះ​នៅចាំការពារជានិច្ច។

២. Lee Dong Wook & Song Ji Hyo

នេះគឺ មិត្ត​ភក្តិ​ដែល​អាច​ប្រាប់លេខ​សម្ងាត់​ចូលផ្ទះ​គ្នាទៅវិញទៅ​មក​។ Song Ji Hyo និង Lee Dong Wook បានជួបគ្នាក្នុងអំឡុងពេលថតរឿងភាគទូរទស្សន៍ "The Fugitive of Joseon"Song Ji Hyo បាននិយាយថា តាមពិតនាងមិនមានមិត្តច្រើនទេនៅក្នុងវិស័យនេះ។ មូលហេតុ​ដែល​នាង និង Lee Dong Wook ក្លាយ​ជា​មិត្ត​ល្អ​នឹង​គ្នា​ គឺដោយ​សារ​អ្នក​ម្ខាង​ទៀត​មាន​ចរិត​ឆេវឆាវ​ខ្លាំង តែម្ខាងទៀតជាអ្នកសម្របសម្រួល។ ពួកគេមានរឿងជាច្រើនដែលត្រូវនិយាយជាមួយគ្នា ហើយពេលនិយាយក៏ត្រូវគ្នា ដូច្នេះក៏រាប់អានជាមិត្តល្អតែម្ដងទៅ។

ទំនាក់ទំនងរវាង Lee Dong Wook និង Song Ji Hyo គឺល្អខ្លាំង រហូតពួកគេអាចប្រាប់លេខសម្ងាត់ចុចមាត់ទ្វារផ្ទះគ្នាទៅវិញទៅមកទៀត។

៣. Yoo Ah In & Song Hye Kyo

នេះគឺជាមិត្តដ៏​ស្និទ្ធស្នាល​ប្រៀបដូចបងប្អូនបង្កើតដែលសុទ្ធតែជាតួ​លំដាប់ A ប្រចាំវិស័យសម្ដែងនៅប្រទេសកូរ៉េខាងត្បូង។ រម្លឹកទៅកាលពីមុន Yoo Ah In បានបង្ហាញខ្លួនជា តួពិសេសក្នុងរឿង "Descendants of the Sun" សម្រាប់ Song Hye Kyo ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ កាលពី Song Hye Kyo រៀបការ ក្នុងនាមជាមិត្តល្អ លោកក៏បានថ្លែងសុន្ទរកថាជូនមិត្តម្នាក់នេះដែរ។

នៅពេលមានរឿងអ្វីមួយកើតឡើង ពួកគេ​ពុំដែលទៅណាចោលគ្នាឡើយ ពោលគឺមានតែនៅចាំលើកទឹកចិត្ត និង​នៅជិតគ្រប់ពេល រហូត​ដល់ពេល​ប្រាកដថាមិត្តរបស់ខ្លួនមានអារម្មណ៍ប្រសើរឡើងវិញ។​

៤. Lee Hyunwoo & IU

ជា ដៃគូថតស្ពតពាណិជ្ជកម្ម តែងចំណាយពេលមើលកុនជាមួយគ្នា និងជាសាច់ញាតិជិតស្និទ្ធបំផុត។ គូ​នេះ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា​មាន​រឿង​អាស្រូវ​ស្នេហានឹងគ្នាដែរ ប៉ុន្តែព័ត៌មានមិនពិតគ្រប់យ៉ាង​ត្រូវបានរលាយទាំងអស់ ក្រោយគ្រប់គ្នា​យល់ច្បាស់ពីទំនាក់ទំនងរបស់ពួកគេ។ Lee Hyun Woo និង IU បានជួប និងស្គាល់គ្នាដំបូងតាមរយៈ Jiyeon (ក្រុម T-Ara) ដែលជាមិត្តភ័ក្តិពួកគេ​ទាំងពីរ។ ពួកគេបាន​ទាក់​ទង​គ្នា​ជា​ច្រើន​ដង​តាម​រយៈ​ទូរសព្ទ​ដៃ ហើយក្រោយមក Lee Hyun Woo បានបង្ហាញខ្លួនក្នុង MV របស់ IU និងរៀបចំកម្មវិធីតន្ត្រីរួមគ្នា រហូតបានក្លាយជាមិត្តល្អនឹងគ្នាបន្តិចម្តងៗ។

Lee Hyunwoo និង IU ថែមទាំងបានមើលកុនជាមួយគ្នានៅពេលយប់ជ្រៅ ជាហេតុក្រុមការងារ Dispatch លួចថតបាន ហើយគិតថាពួកគេលួចលាក់ជួបគ្នា។ យ៉ាង​ណា​មិញ ដោយសារ​មិន​មាន​សកម្មភាព​ស្និទ្ធស្នាល​លើសនោះ គ្រប់យ៉ាងក៏ត្រូវ​បាន​ស្រាយថា គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ។

៥. Lee Jong Suk & Lee Kyung Sung

មិត្ត​ភក្តិ​ដែល​ចេញទៅញ៉ាំ​ស៊ុប និង​បាយ​ ហើយ​ធ្វើ​រឿង​ធម្មតា​ជាមួយ​គ្នា។ Lee Jong Suk និង Lee Kyung Sung ស្គាល់​គ្នា​តាំង​ពី​ពួក​គេ​ជា​តារា​ម៉ូដែល ហើយ​រាប់អានគ្នា​ជាង​១០​ឆ្នាំ​ មក​ហើយ។ ឲ្យ​តែ​ភាគី​ម្ខាង​ទៀត​មាន​ស្នាដៃ​ថ្មី ម្ខាងទៀតនឹង​ចូលរួមជា​ភ្ញៀវកិត្តិយស ហើយបង្ហាញពីការសាទរមិនដែលខាន។

៦. Lee Kwang Soo & Park Bo Young

គូចុងក្រោយ គឺជាដៃគូមិត្ត​ភក្តិ​ដែល​មាន​កម្ពស់​ខុស​គ្នា​បំផុត ៣២ សង់ទីម៉ែត្រLee Kwang Soo និង Park Bo Young ក៏​ជា​មិត្ត​ភ័ក្តិ​ល្បី​ក្នុង​វិស័យ​សិល្បៈ ដែលពុំអាចមើលរំលងបានដែរ។ ពួកគេបានជួបគ្នាដោយសារតែការសហការគ្នាក្នុងរឿង "Collective Invention" ហើយក្រោយមកបានក្លាយជាបងប្អូនប្រុសស្រីដែលមានទំនាក់ទំនងល្អ។

មួយរយៈមុននេះ គេឃើញ Lee Kwang Soo, Park Bo Young និងមិត្តភ័ក្តិជាច្រើននាក់កំពុងញ៉ាំអាហារជាមួយគ្នានៅក្នុងភោជនីយដ្ឋានមួយ។ Lee Kwang Soo ដែលមានកម្ពស់ ១៩០ សង់ទីម៉ែត្រ ប្រៀបដូចជាបងប្រុស ដែលតាមការពារប្អូនស្រី Park Bo Young ដែលមានកម្ពស់ ១៥៨ សង់ទីម៉ែត្រ។ រូបភាពទាំងនេះ​ធ្វើឲ្យអ្នកគាំទ្រមានក្ដីសុខបំផុត៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ beauty321 អត្ថបទ៖ ធារី

មតិយោបល់