• 2024-02-23 08:40:52
  • ព័ត៌មាន

អតីតកញ្ញាឯកវាយនភណ្ឌ ឆ្នាំ២០១៧ រី លីណា ហក់ចូលវិស័យបវរកញ្ញាជាលើកដំបូង

  • 2024-02-23 08:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង និងជាតារាម៉ូដែល កញ្ញា រី លីណា បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំង ដោយស្ងាត់ៗនាងស្រាប់តែប្រកាសខ្លួនចូលវិស័យបវរកញ្ញា ដោយបានដាក់ពាក្យប្រកួតប្រជែងកម្មវិធីកញ្ញាឯកដ៍អស្ចារ្យនៃកម្ពុជា ២០២៤ (Miss Grand Cambodia 2024)។ កាលពីសប្តាហ៍កន្លងទៅ លីណា បានចូលរួមសម្ផាសន៍វគ្គជម្រុះជុំទី ១ រួចរាល់ហើយ។

ការហក់ចូលវិស័យបវរកញ្ញានៅពេលនេះជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់តារាស្រីរូបនេះ ព្រោះគេពុំធ្លាប់ឮនាងបង្ហើប ឬរំឮកពីការប្រកួតអ្វីឡើយ ចាប់តាំងពីចប់ការប្រកួតជ្រើសរើសស្រីស្រស់ប្រុសស្អាតបម្រើការងារនៅរោងចក្រ គឺ កម្មវិធី «សម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៧» ដែលកាលនោះនាងទទួលបានចំណាត់ថ្នាក់លេខ ២។ នេះជាលើកដំបូងបង្អស់របស់នាងដែលឈានជើងចូលវិស័យបវរកញ្ញា។

សម្រាប់ការហក់ចូលវិស័យបវរកញ្ញានៅពេលនេះ សោភារូបស្រស់ រី លីណា ហាក់មានទំនុកចិត្តខ្ពស់លើខ្លួនឯង ដោយសារនាងបានត្រៀមខ្លួនជាស្រេច ថែមទាំងបានកែកាត់លើកខ្ទង់ច្រមុះថ្មី ដើម្បីបង្កើនសម្រស់ និងភាពជឿជាក់ទៀតផង។ លីណា បង្ហើរពាក្យលើបណ្តាញសង្គមថា «ចាស់តែមិនថ្មី គ្រាន់តែចង់សម្រុកអោយដល់គោលដៅនៃជីវិត» បង្ហាញឱ្យឆន្ទៈ ការតាំងចិត្តមុតមុះសម្រាប់ការប្រកួតប្រជែងដ៏ធំសម្បើមនេះ។

សូមជម្រាបថា កញ្ញា រី លីណា ជាអតីតជយលាភីលេខ ២ ក្នុងការប្រកួតសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៧។ នាងចាប់ផ្តើមប្រឡូកសិល្បៈអំឡុងឆ្នាំ២០១៨ រហូតមកទល់សព្វថ្ងៃនេះ។ បច្ចុប្បន្ន អតីតឯកវាយនភណ្ឌ ឆ្នាំ២០១៧ រូបនេះ មានអាជីពជាតារាសម្តែង និងជាតារាបង្ហាញម៉ូដ ហើយកន្លងមកនាងទទួលបានឱកាសការងារសិល្បៈជាហូរហែរ ដូចជា ភាពយន្ត ស៉្បតពាណិជ្ជកម្ម ការថតប្រម៉ូតផ្សព្វផ្សាយ និងថតម៉ូដសម្អាងការ ជាដើម។ មិនតែប៉ុណ្ណោះ នាងក៏បានចូលរួមដើរបង្ហាញម៉ូដកម្មវិធីជាតិ-អន្តរជាតិ ថែមទាំងមានសមត្ថភាពអាចបកស្រាយបទចម្រៀងបានពីរោះរណ្តំទៀតផង ស័ក្កសមសម្រាប់វេទិកា Miss Grand ខ្លាំងណាស់។

ការប្រកួត Miss Grand Cambodia 2024 ជាជំហានថ្មីមួយទៀតសម្រាប់តារាម៉ូដែលសម្បុរទឹកឃ្មុំនេះ ទោះបីនាងធ្លាប់ឆ្លងកាត់បទពិសោធន៍ការប្រកួតមកហើយក៏ពិតមែន តែវិស័យបវរកញ្ញាជារឿងថ្មីសន្លាងសម្រាប់នាង ដូច្នេះរង់ចាំតាមដានទាំងអស់គ្នា ថាតើ កញ្ញា រី លីណា អាចធ្វើបានល្អកម្រិតណាសម្រាប់ការប្រកួតនេះ៕

អត្ថបទ៖ Ah Mouy

មតិយោបល់