• 2024-03-19 01:40:00
  • ព័ត៌មាន

វ័យ១៤ឆ្នាំ ឌៀប សុហ្វៀរ៉ា ក្តោបការងារសិល្បៈដូចទឹកបាក់ទំនប់ តែស្ងាត់រឿង comeback

  • 2024-03-19 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពីជាប់តំណែងម្ចាស់ជយលាភី 2nd Runner up ពីការប្រកួត Little Miss Junior Idol World 2022 ទីផ្សារសិល្បៈរបស់ យុវតីកូនកាត់ខ្មែរ-រុស្សី ឌៀប សុហ្វៀរ៉ា ហក់ឡើងខ្ពស់កប់ពពកតែម្តង មិនចាញ់សិល្បកររៀមច្បងប៉ុន្មានឡើយ។

អ្នកជុំវិញខ្លួនបានលាន់មាត់សរសើរពីសមត្ថភាពសិល្បៈ និងសម្រស់របស់យុវតីវ័យ ១៤ ឆ្នាំនេះមិនដាច់ពីមាត់ ព្រោះជាសិល្បករចំណូលថ្មី តែអាចវាយលុកទីផ្សារបានខ្លាំងដល់ថ្នាក់នេះ។

ជាក់ស្តែង សុហ្វៀរ៉ា ក្តោបបានទីផ្សារថតម៉ូដសម្អាងការយ៉ាងច្រើនសន្ធឹកតាំងពីនាងអាយុ១២ឆ្នាំមកម៉្លេះ។ ហើយក្រោយពីឈ្នះជយលាភី 2nd Runner up ពីការប្រកួតអន្តរជាតិ ទីផ្សារសិល្បៈរបស់យុវតីកូនកាត់នេះផ្ទុះកាន់តែខ្លាំងលើសដើម ដោយម្ចាស់ផលិតផលជាច្រើនបានទាក់ទងហៅនាងថតប្រម៉ូតផ្សព្វផ្សាយ និងធ្វើជា presenter ឱ្យផលិតផលរបស់ពួកគេ។ មិនតែប៉ុណ្ណោះ យុវតីគួរឱ្យស្រលាញ់រូបនេះ ក៏ក្តោបបានតំណែងតួឯកស្រីក្នុងរឿង «Photo Copy» ជាខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម LD Entertainment ហើយពេលនេះក៏កំពុងសំងំថតរឿងភាគថ្មីមួយឱ្យស្ថានីយ៍ទូរទស្សន៍ភីអីនអីនផងដែរ ចំណងជើងថា «កោះទ្រង់អន្លង់ស្នេហ៍»។

មិនទាន់អស់នៅឡើយទេ យុវតីរូបស្រស់នេះ ក៏ចូលរួមសម្តែងក្នុង MV បទចម្រៀងថ្មី « STUCK WITH YOU» របស់ សុវត្ថិ សិរីវុឌ្ឍ ដែលត្រូវជាកូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទៀតផង។

ដោយសារតែមមាញឹកការងារខ្លាំង យុវតី ឌៀប សុហ្វៀរ៉ា មើលទៅហាក់ឃ្លាតឆ្ងាយពីវិស័យបវរកញ្ញា ដោយគេកម្រឃើញមុខនាងចូលរួមកម្មវីធីប្រកួតបវរកញ្ញាដូចពីមុនខ្លាំងណាស់ សូម្បីដំណឹងនៃការ comeback ក៏ស្ងាត់ជ្រាបទៅតាមនោះដែរ ធ្វើឱ្យហ្វេនៗរបស់នាងទន្ទឹងរង់ចាំមើលយ៉ាងសន្ទះសារ។

យ៉ាងណាមិញ គេពុំដឹងថា តើបវរកញ្ញវ័យក្មេងពោរពេញដោយសមត្ថភាព ឌៀប សុហ្វៀរ៉ា អាចនឹង comeback មកប្រកួតបវរកញ្ញាវិញនៅពេលទេណា ខណៈដែលកំពុងមមាញឹកការងារសិល្បៈខ្លាំង គួបផ្សំការសិក្សាផងដែរ៕

អត្ថបទ៖ Ah Mouy

មតិយោបល់