• 2024-04-24 08:48:27
  • ជីវិតតារា

អស់ការអត់ធ្មត់! ណូយ វ៉ាន់ណេត ឲ្យមេធាវីសហការជាមួយមន្ដ្រីក្រសួងមហាផ្ទៃ ចាត់ការអ្នក​ប្រមាថ​ជីវិត​លោក​

  • 2024-04-24 08:48:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែន​ជា​លើក​ទីមួយ​ទេ​ដែល​ជនខិលខូច​បាន​ប្រើ​បណ្ដាញ​សង្គម ដើម្បី​វាយ​ប្រហារ ឬ​ប្រមាថ​អាយុជីវិត​លើ​សិល្បករ។ ក្រៅ​ពី​វីរ​សិល្បករ​ចម្រៀង​អាយ៉ៃ ព្រហ្ម ម៉ាញ ឥឡូវ​នេះ​បាន​រលដាល​ដល់​តារា​ចម្រៀង​ជើង​ចាស់ ណូយ វ៉ាន់ណេត ទៀត។

គណនី​Tiktok ឈ្មោះ Bong Nha បាន​បង្ហោះ​រូប​លោក ណូយ វ៉ាន់ណេត កាន់​ក្បាល​ម៉េក្រូ​ច្រៀង ដោយ​ភ្ជាប់​អក្សរ RIP ដែល​សំដៅ​ដល់​ការ​ស្លាប់ ហើយ​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​លោក​បាន​ទៅ​កាន់​សុគតិភព ត្រូវ​គេ​ចែក​រំលែក ហើយ​ចោទ​ជា​ចម្ងល់​យ៉ាង​ច្រើន​ថា​តើ​រឿង​នេះ​ពិត ឬមិនពិត។ ប៉ុន្ដែ​ម្ចាស់​គណនី​មិន​បាន​ចូល​ឆ្លើយ​តប​អ្វី​ឡើយ ហើយ​ការ​បង្ហោះ​នោះ​ក៏​បាន​ចែករំលែក​គ្នា​ជា​បន្ដ​បន្ទាប់​ទៀត​ឡើង​ផ្អើល​លើ​បណ្ដាញ​សង្គម។

ជុំវិញ​ការ​ប្រមាថ​នេះ លោក ណូយ វ៉ាន់ណេត បញ្ជាក់​តាម​រយៈ Sabay នៅ​រសៀល​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ​២០២៤ ថា រូប​លោក​នៅ​មាន​ជីវិត ហើយ​ពុំ​មាន​ឈឺ​អ្វី​ឡើយ កំពុង​រវល់​នៅ​ស្រុក​កៀនស្វាយ។ រូប​លោក​ផ្ទាល់​បាន​ទទួល​ដំណឹង​នេះ​ប្រមាណ ២​សប្ដាហ៍​ហើយ ហើយ​បាន​ត្រៀម​មេធាវី​ប្រមូល​ភស្តុតាង ដើម្បី​សហការ​ជាមួយ​មន្ដ្រី​ជំនាញ​បច្ចេកវិទ្យា ក្រសួង​មហាផ្ទៃ ដើម្បី​ចាត់ការ​លើ​បុគ្គល​ដែល​ប្រមាថ​អាយុ​ជីវិត​លោក។

លោក ណូយ វ៉ាន់ណេត្ដ៖ "ស្អែក ឬ​ខាន​ស្អែក​អី...ខ្ញុំ​មាន​ពេល​បន្ដិច​នឹងLive បក​ស្រាយ​ហើយ ហើយ​ឲ្យ​មេធាវី​របស់​ខ្ញុំ​ប្រមូល​ភស្តុតាង​ជាមួយ​សមត្ថកិច្ច​ចាត់ការ​វា​ម្ដង...និយាយ​ទៅ​វា(ជន​ខិលខូច)​បំពុល​រហូត​មិនមែន​ទើប​តែ​ម្ដង​ហ្នឹង​ទេ ពួក​អស់​ហ្នឹង​ទាល់តែ​ធ្វើ​ឲ្យ​ដឹង​ម្ដង។ ខ្ញុំ​អី​ណា​ស្លាប់ ខ្ញុំ​នៅ​ច្រងោៗ​នៅ​កៀនស្វាយ​ណេះ"។

ដំណឹង​អកុសល្យ ឬ​ការ​ប្រមាថ​លើ​ជីវិត​របស់​តារា​ចម្រៀង ណូយ វ៉ាន់ណេត នៅ​ពេល​នេះ គឺ​បង្កើត​ការ​ងឿង​ឆ្ងល់​ដល់​មន្ត្រី​រាជការ និង​សិល្បករ-សិល្ប​ការិនី​ជាច្រើន ដោយ​អ្នក​ខ្លះ​មិន​ទាន់​ដឹង​រឿង​ច្បាស់​បាន​ត្រឹម​បញ្ចេញ​សារ​ស្រងេះស្រងោច ហើយ​បន្ត​ស្វែង​រក​ការ​ពិត។ ប៉ុន្តែ​តាម​រយៈ​ដំណឹង​ពី​សាមី​ខ្លួន​ដែល​បាន​បញ្ជាក់​នៅ​ពេល​នេះ អាច​ជម្រះ​មន្ទិល​របស់​មហាជន​ខ្លះ​ហើយ បើ​ទោះ​បី​ជា​លោក​មិន​ទាន់​បាន​ចេញ​មុខ​បកស្រាយ ឬ​បញ្ចេញ​សារ​អ្វី​សោះ​នៅ​លើ​បណ្ដាញ​សង្គម ដើម្បី​កុំ​ឲ្យ​មាន​អ្នក​បន្ត​យល់​ច្រឡំ​ថា​លោក​ស្លាប់៕

ជិន សុភ័ក្ដ្រ

មតិយោបល់