- 2024-05-20 06:56:25
- ភាពយន្ត
ឥន្ទ និម្មិត បង្ហើបសកម្មភាពថតរឿង “ត្រចៀកកាំ ចាំស្នេហ៍” វគ្គ២ ខ្លឹមសារអាចប្រៀបនឹងរឿង “ទុំ ទាវ”!
- 2024-05-20 06:56:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥន្ទ និម្មិត បង្ហើបសកម្មភាពថតរឿង “ត្រចៀកកាំ ចាំស្នេហ៍” វគ្គ២ ខ្លឹមសារអាចប្រៀបនឹងរឿង “ទុំ ទាវ”!
ចន្លោះមិនឃើញ
តារាចម្រៀងវ័យក្មេង ឥន្ទ និម្មិត ដែលគេទទួលស្គាល់ថាលោកក៏មានជំនាញខាងនិពន្ធ និងដឹកនាំសម្ដែងផងនោះ បានបង្ហើបពីដំណើរការថតខ្សែភាពយន្ដរឿង “ត្រចៀកកាំ ចាំស្នេហ៍” វគ្គ២ ដោយចំណាយពេលផលិតជាង ២ឆ្នាំ ហើយគ្រោងដាក់ចាក់បញ្ចាំងនៅដើមឆ្នាំ២០២៥។
“ត្រចៀកកាំ ចាំស្នេហ៍”វគ្គ២ គឺជាខ្សែភាពយន្ដបង្កប់នូវសាច់រឿងស្នេហាកំលោះ ក្រមុំ ដែលស្រឡាញ់សិល្បៈ វប្បធម៌ដូចគ្នានេះ ត្រូវបាននិពន្ធ និងដឹកនាំសម្ដែងដោយផ្ទាល់ពីលោក ឥន្ទ និម្មិត។ តាមរយៈឆ្អឹងរឿងដែល កវី បានបញ្ចូល គឺតួឯកប្រុស និងតួឯកស្រី មានស្នេហាដ៏ស្មោះស្ម័គ្រឆ្លងជាតិ ដោយដឹងច្បាស់ពីវប្បធម៌ ប្រពៃណីជាតិ រហូតដល់ស្លាប់ឆ្លងជាតិទៀតក៏នៅតែស្រឡាញ់គ្នា។ ត្រង់នេះហើយដែលអ្នកនិពន្ធ ហ៊ានថា វាមិនខុសពីរឿង“ទុំ ទាវ”។
តាមរយៈ Sabay នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ តារាចម្រៀង ឥន្ទ និម្មិត បញ្ជាក់ថា ខ្សែភាពយន្ដនេះនឹងមានបន្ដថតនៅប្រទេសភូមា និងកម្ពុជាដោយផ្សាភ្ជាប់សិល្បៈ វប្បធម៌ ប្រពៃណី នៃប្រទេសទាំងពីរ។ សម្រាប់ឈុតធំៗនៅកម្ពុជា ក៏ត្រូវបានបញ្ចូលអំពីពិធីបុណ្យ និងព្រឹត្ដិការណ៍ជាតិធំៗរបស់ខ្មែរដែរ គឺមានដូចជា៖ ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូក បុណ្យភ្ជុំបិណ្ឌ បុណ្យទន្លេ និងព្រឹត្ដិការណ៍តាំងពិព័រណ៍វប្បធម៌ជាតិជាដើម។
លោក ឥន្ទ និម្មិត៖ “ទោះបីខ្ញុំរវល់យ៉ាងណា ក៏អាចឆ្លៀតបានឲ្យតែទាក់ទងនឹងការងារសិល្បៈ! តាមពិតរឿងនេះ ខ្ញុំចង់បង្ហាញពីស្នេហាមួយដែលស្រឡាញ់គ្នាដោយសារវប្បធម៌…តួស្រីជាអ្នកសិក្សា ស្រាវជ្រាវពីវប្បធម៌នៅតំបន់អាស៊ី ដល់ហើយគាត់ក៏ត្រូវឡើងទៅភូមាដើម្បីសិក្សាពីវប្បធម៌ និងប្រពៃណីនៅនោះ ហើយក៏ឃើញថា ភូមាក៏មានវប្បធម៌ និងប្រពៃណីផូរផង់ដូចកម្ពុជាយើងដែរ អីចឹងយើងត្រូវថែរក្សា អភិរក្សទាំងអស់គ្នា”។
ក្រឡេកមើលស្ថានភាពជាក់ស្ដែងរបស់តារាចម្រៀង និងជាអ្នកនិពន្ធវ័យក្មេង ឥន្ទ និម្មិត មមាញឹកខ្លាំងណាស់នឹងការងារលក់ផ្លែឈើ និងការងារសិល្បៈចម្រៀងរបស់លោក។ ប៉ុន្ដែដោយទឹកចិត្ដស្រឡាញ់សិល្បៈ វប្បធម៌ខ្លាំងលោកក៏ជម្នះថតបញ្ចប់រឿង “ត្រចៀកកាំ ចាំស្នេហ៍”វគ្គ២ ទៀត ដោយគ្រោងចាក់បញ្ចាំងនៅតាមរោងកុន និងបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកនៅដើមឆ្នាំ២០២៥ ខាងមុខនេះ៕