• 2024-06-04 10:35:00
  • ព័ត៌មាន

ចិត្ត កញ្ចនា ត្រៀមបង្ហាញភាពអស្ចារ្យនៃតន្ត្រីទៅបង្ហាញក្នុងកម្មវិធីធំមួយនៅកូរ៉េ

  • 2024-06-04 10:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ តារាចម្រៀង ចិត្ត កញ្ចនា បានចែករំលែកដំណឹងរីករាយមួយ ដែលនាងត្រូវបានស្ថានីយ៍ទូរទស្សន៍ KBS របស់កូរ៉េ អញ្ជើញឱ្យចូលរួមសម្តែងកម្មវិធីដ៏ធំមួយក្នុងនាមជាសិល្បករកម្ពុជាបែបសម័យ នៅអំឡុងខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

រូបភាព៖ ហ្វេសប៊ុក Kanhchna Chet-ចិត្ត កញ្ចនា

ប្រាប់ឱ្យដឹងក្នុងថ្ងៃសម្ភោធ MV ចម្រៀង «ទេវរាជ» កញ្ចនា ថា ជារៀងរាល់ឆ្នាំទូរទស្សន៍ KBS របស់កូរ៉េ តែងតែអញ្ញើញសិល្បករខ្មែរយើងទៅសម្តែងនៅទីនោះតាមរយៈក្រសួង តែដោយសារឆ្នាំនេះគេរៀបចំផ្ទាល់នៅកូរ៉េ ទើបគេធ្វើការជ្រើសរើសសិល្បករដោយខ្លួនឯង ហើយរូបនាងពិតជាមានមោទនភាពខ្លាំងមែនទែន ដែលឆ្នាំនេះទូរទស្សន៍ KBS បានជ្រើសរើសនាងទៅតំណាងឱ្យ pop genre ទៅសម្តែងនៅប្រទេសកូរ៉េ។

រូបភាព៖ ហ្វេសប៊ុក Kanhchna Chet-ចិត្ត កញ្ចនា

ម្ចាស់បទ «Doremon ស្នេហ៍» មិនដឹងថា ហេតុអ្វី KBS ជ្រើសរើសនាងជាសិល្បករតំណាងកម្ពុជានោះទេ តែនាងសង្ឃឹមថា តន្ត្រីរបស់នាងអាចឆ្លើយសំនួរនេះជំនួស ព្រោះច្រើនឆ្នាំមកនេះនាងបានព្យាយាមកសាងកេរ្តិ៍រហូតល្បីល្បាញលើវិថីសិល្បៈដោយបាតដៃទទេន ហើយថ្មីៗនេះនាងថែមទាំងបើកផលិតកម្មផ្ទាល់ខ្លួនឈ្មោះ រណ្តំ ដើម្បីផលិតចម្រៀងតាមចក្ខុវិស័យផ្ទាល់ខ្លួន ក៏ដូចជាប្រមូលផ្តុំ និងបណ្តុះបណ្តាលសិល្បករវ័យក្មេងជំនាន់ក្រោយឱ្យរឹតតែមានថាមពលជាងនេះ។

ចិត្ត កញ្ចនា បានឱ្យដឹងថា «នាងបានត្រៀមជាច្រើនផ្នែកនៃតន្ត្រីសម្រាប់នាំយកទៅបង្ហាញលើឆាកអន្តរជាតិ។ ខ្ញុំបានរៀបចំ dancer និង band ផ្ទាល់ ហើយយើងរៀបចំ show លក្ខណៈពិសេសមែនទែនបែបសហសម័យ បែប pop តែមានបែបបទខ្មែរចូលទៅក្នុងនិងដែរ។ show របស់យើងគឺ ២០នាទី ដែលយើងនឹងត្រូវ live ផ្ទាល់លើស្ថានីយ៍ទូរទស្សន៍កូរ៉េផ្ទាល់តែម្តង ... រៀងមានសម្ពាធដែល ខ្លាចខ្លួនឯងធ្វើអត់បានល្អ ប៉ុន្តែខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាព»។

រូបភាព៖ ហ្វេសប៊ុក Kanhchna Chet-ចិត្ត កញ្ចនា

មិនទាន់អស់នៅឡើយទេ កញ្ចនា បង្ហើបថា នាងត្រៀមចម្រៀងប្រមាណ ៤បទសម្រាប់ការសម្តែងរយៈពេល ២០នាទី សុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ដែលទស្សនិកជន និងហ្វេនៗពុំធ្លាប់ឃើញនាងសម្តែងចម្រៀងបែបនេះពីមុនមកឡើយ។

សិល្បករតំណាងកម្ពុជារូបនេះជឿជាក់ថា អ្វីដែលនាងត្រៀមយកទៅសម្តែងនៅកូរ៉េ ពិតជាប្លែក ព្រោះនាងបានច្របាច់បញ្ចូលទម្រង់សហសម័យជាមួយ pop music និងទម្រង់សិល្បៈបុរាណ ថែមទាំងបានបំបែកក្បាច់រាំថ្មីៗត្រៀមបង្ហាញលើឆាកអន្តរជាតិទៀតផង។ នាងសង្ឃឹមថា គ្រប់គ្នានឹងរំភើបចិត្តពេលឃើញការសម្តែងរបស់នាង។

រូបភាព៖ ហ្វេសប៊ុក Kanhchna Chet-ចិត្ត កញ្ចនា

ក្រៅពីត្រៀមសម្រាប់ការសម្តែងកម្មវិធីមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ «ASEAN-ROK MUSIC FESTIVAL» (ROUND FESTIVAL 2023) កញ្ញា ចិត្ត កញ្ចនា ក៏បានត្រៀមអាល់ប៊ុមចម្រៀងថ្មីសម្រាប់បញ្ចេញលើទីផ្សារក្រោយត្រឡប់មកពីសម្តែងនៅប្រទេសកូរ៉េផងដែរ៕

រូបភាព៖ ហ្វេសប៊ុក Kanhchna Chet-ចិត្ត កញ្ចនា

អត្ថបទ៖ Ah Mouy

មតិយោបល់