
- 2024-06-12 03:58:33
- ព័ត៌មាន
អនាគតត្រូវចប់! ភ្លាត់ស្នៀតមួយវិនាទី តារាចម្រៀងកូរ៉េជំនាន់ GenZ ត្រូវជាប់ពន្ធនាគារ ១៥ ឆ្នាំ
- 2024-06-12 03:58:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនាគតត្រូវចប់! ភ្លាត់ស្នៀតមួយវិនាទី តារាចម្រៀងកូរ៉េជំនាន់ GenZ ត្រូវជាប់ពន្ធនាគារ ១៥ ឆ្នាំ
ចន្លោះមិនឃើញ
យោងតាម Wikitree តារាចម្រៀងស្រី និង DJ Ahn Yesong បានបើកបរក្នុងស្ថានភាពស្រវឹង បណ្តាលឱ្យមានឧបទ្ទវហេតុយ៉ាងតក់ស្លុតធ្វើឲ្យមនុស្សស្លាប់ ហើយភ្លាមៗខ្លួនបានព្យាយាមរត់គេច។ ទោះជាយ៉ាងណា ពេលនេះនាងត្រូវបានកាត់ទោសនៅតុលាការកណ្តាលទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) កាលពីថ្ងៃទី ១១ ខែមិថុនា។ ក្នុងអំឡុងពេលសវនាការចៅក្រម Kim Ji Young បានកាត់ទោស Ahn Yesong ឱ្យជាប់គុក ១៥ ឆ្នាំ និងរឹបអូសសោររថយន្តរបស់នាង និងរថយន្ត Mercedes-Ben ដែលបណ្តាលឱ្យមានគ្រោះថ្នាក់។
អ្នកតំណាងរដ្ឋអាជ្ញាបាននិយាយថា អាកប្បកិរិយារបស់តារាចម្រៀងស្រី កើតឆ្នាំ ២០០០ ដែលមានឈ្មោះថា Ahn Yesong គឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ ដូច្នេះហើយពួកគេបានស្នើសុំឱ្យតុលាការបង្កើនការដាក់ទោសទណ្ឌលើ Ahn Yesong។ នាងបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងសាងកំហុស ២ តង់ ទី១ គឺ បើកទាំងស្រវឹង ហើយបុកឡានគេ និងទី២ គេចខ្លួនហួសទៅបុកម្នាក់ទៀត បណ្ដាលឲ្យស្លាប់។ បទល្មើសនេះធ្ងន់ធ្ងរណាស់ ព្រោះក្រោយកើតហេតុ នាងបែរជាព្យាយាមគេចខ្លួន ដោយមិនចង់ទទួលខុសត្រូវនឹងទង្វើធ្វេសប្រហែសរបស់ខ្លួន ហើយបែរជាស្តីបន្ទោសឱ្យជនរងគ្រោះទៀត។
នៅពេលកើតហេតុ ជនរងគ្រោះហូរឈាមច្រើនណាស់ ដោយរងនូវការឈឺចាប់ខាងផ្លូវកាយយ៉ាងខ្លាំង ចំណែកគ្រួសារអ្នកស្លាប់ក៏ត្រូវរស់នៅក្នុងភាពឈឺចាប់ជារៀងរាល់ថ្ងៃ ព្រោះពួកគេមិនមានលុយគ្រប់គ្រាន់ក្នុងការរៀបចំពិធីបុណ្យបាន។
ទោះជាយ៉ាងណា ពាក្យចុងក្រោយនៅក្នុងតុលាការ Ahn Yesong និយាយទាំងយំ និងសុំទោសចំពោះទង្វើរបស់ខ្លួនបានសាង៖ «នៅពេលកើតហេតុនោះ ខ្ញុំកំពុងស្ថិតក្នុងសភាពលំបាកផ្នែកហិរញ្ញវត្ថុ ខ្ញុំបានចូលរួមកិច្ចប្រជុំសំខាន់មួយ ហើយមិនអាចបដិសេធមិនផឹកស្រាបានទេ ទើបបណ្តាលឲ្យខ្ញុំប្រព្រឹត្តកំហុសដែលមិនអាចអត់ឱនបាន បណ្តាលឲ្យជនរងគ្រោះរងនូវភាពឈឺចាប់ ខ្ញុំសុំលុតជង្គង់សុំទោស។ ខ្ញុំពិតជាបានប្រព្រឹត្តអំពើខុសឆ្គងដ៏ធំមួយ ការធ្វើអ្វីមួយដែលខ្ញុំមិននចេតនា ខ្ញុំសូមអភ័យទោសចំពោះអ្នកស្លាប់ អ្នករងរបួស និងក្រុមគ្រួសារនៃជនរងគ្រោះនៃឧបទ្ទវហេតុនេះ ខ្ញុំដឹងថាខ្ញុំនឹងរស់នៅដោយវិប្បដិសារីពេញមួយជីវិត ដែលសាងរឿងឈឺចាប់ដែលមិនអាចបំភ្លេចបាននេះ»។
ទន្ទឹមនឹងនេះ មេធាវីរបស់ Ahn Yesong បានឈរនៅចំពោះមុខតុលាការ ដើម្បីសុំឱ្យមានការបន្ធូរបន្ថយទោសរបស់នាង។
ជាក់ស្ដែងរម្លឹកទៅកាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ អតីតតារាចម្រៀង Ahn Yesong បានបង្កគ្រោះថ្នាក់ជាបន្តបន្ទាប់នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ បើករថយន្តម៉ាក Mercedes-Benz ក្នុងស្ថានភាពស្រវឹង បុកជាមួយរថយន្ត បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់។ ក្រោយពេលកើតហេតុ នាង បានរត់គេចខ្លួន ហើយស្រាប់តែបន្តទៅបុកពីក្រោយ មកលើបុរសម្នាក់ ដែលត្រូវបានគេដឹងថាជាលោកឪពុកដែលខំធ្វើការជាអ្នកដឹកជញ្ជូនរកស៊ីចិញ្ចឹមគ្រួសារ ដែលកំពុងបើកម៉ូតូទាំងមិនបានដឹងអ្វីទាំងអស់ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ។ នៅពេលចាប់ខ្លួន ប៉ូលីសបានកត់ត្រាកម្រិតជាតិអាល់កុលក្នុងឈាមរបស់ Ahn Yesong ដោយលទ្ធផល គឺដល់ទៅ ០,២២១ភាគរយ លើសពីការកំណត់ផ្លូវច្បាប់។
សាក្សីជាច្រើននាក់នៅកន្លែងកើតហេតុបាននិយាយថា DJ Yesong មិនបានសហការជាមួយប៉ូលីសទេពេលនោះ។ នៅពេលដែលប៉ូលីសសុំនាងចុះពីឡាន នាងបានអង្គុយនៅលើចិញ្ចើមផ្លូវដោយកាន់សត្វចិញ្ចឹមរបស់នាង មិនបានផ្តល់ចម្លើយភ្លាមៗទេ ហើយបានស្នើរសុំទាក់ទងក្រុមគ្រួសាររបស់នាងម្តងហើយម្តងទៀត។ សាក្សីបាននិយាយថា ជនរងគ្រោះហូរឈាមច្រើនក្បាល បាត់បង់ស្មារតីនៅនឹងកន្លែង។ ចំណែកអ្នកបង្កហេតុបែរជាមកអង្គុយឱបសត្វសុនខ ហើយរអ៊ូត្អូញត្អែររហូតចុងក្រោយប៉ូលីសសម្រេចដាក់ខ្នោះតែម្ដង។
បញ្ជាក់ផងដែរថា Ahn Yesong កើតនៅឆ្នាំ ២០០០ ជាសមាជិកក្រុម INSTAR។ តារាស្រីរូបនេះបានបង្ហាញខ្លួនដំបូងនៅអាយុ ១៧ ឆ្នាំ ប៉ុន្តែមិនបានជោគជ័យប៉ុន្មានទេ។ បន្ទាប់មក Ahn Yesong ក៏បានប្តូរមកប្រកបរបរជា DJ វិញ៕