- 2024-09-03 11:27:50
- ព័ត៌មាន
ហង្សមាស សុំអធ្យាស្រ័យអ្នកគាំទ្រមិនអស់ចិត្ដ ថ្ងៃនេះ BOOKME+ ចេញលិខិតសូមទោសផ្លូវការ
- 2024-09-03 11:27:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហង្សមាស សុំអធ្យាស្រ័យអ្នកគាំទ្រមិនអស់ចិត្ដ ថ្ងៃនេះ BOOKME+ ចេញលិខិតសូមទោសផ្លូវការ
ចន្លោះមិនឃើញ
មួយថ្ងៃបន្ទាប់ពីក្រុមហ៊ុន រស្មីហង្សមាស បានបង្ហោះលើទំព័រហ្វេសបុកផ្លូវការ ស្នើសុំការអធ្យាស្រ័យពីសំណាក់មហាជន ពីបញ្ហាបច្ចេកទេសពិសេសអតិថិជននិងអ្នកគាំទ្រកំពូលតារាចម្រៀងចាស់វស្សាខ្លួន ដែលទទួលបានការខកចិត្តពីការទិញសំបុត្រចូលទស្សនា "The Q- Rise of The Queen - Aok Sokunkhanha Solo Concert" តាមរយៈ BOOKME+ ដោយអ្នកខ្លះបង់ប្រាក់បានជោគជ័យហើយ ប៉ុន្ដែមិនទាន់ទទួលបានQR ដើម្បីចូលទស្សនា ស្រាប់តែនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ BOOKME+ បានចេញលិខិតសូមទោស និងទទួលស្គាល់កំហុសជាផ្លូវការបន្ថែមទៀត។
ទោះជាមានការបកស្រាយហូរហែរលើ ជុំវិញបញ្ហាបច្ចេកទេសដែលអ្នកទិញសំបុត្រមួយចំនួនមិនអត់ទទួលកៅអីចូលទស្សនា បែរជាកាត់លុយពីកុងធនាគារ ឬគាំងកម្មវិធីដោយមិនមានដំណោះស្រាយភ្លាមៗ ហើយគិតមកដល់ម្សិលមិញនិងថ្ងៃនេះ ខាងក្រុមការងារទទួលខុសត្រូវសំបុត្រ បានបញ្ជូនប្រាក់ទិញសំបុត្រហើយក្ដី ក៏អ្នកគាំទ្រ កំពូលតារាចម្រៀងរះត្រដែត សុគន្ធកញ្ញា នៅមិនទាន់ស្ងប់ចិត្តនៅឡើយ។
ដើម្បីកែប្រែការលក់សំបុត្រពីការតម្រង់ជួរទូទៅបង្កផលវិបាកដល់អ្នកគាំទ្រកំពូលតារាចម្រៀងស្រីខ្លួន ក្រុមហ៊ុនរស្មីហង្សមាស មានជ្រើសរើស BookMe+ ជាដំណោះស្រាយលក់សំបុត្របែបឌីជីថល កាលពីថ្ងៃទី ២៨ សីហា ២០២៤ កន្លងទៅ ទៅតាមចំនួនកំណត់ត្រឹមប៉ុន្មានពាន់សន្លឹក សម្រាប់កម្មវិធីប្រគំតន្ត្រីជាប្រវត្តិសាស្ត្រ "The Q- Rise of The Queen - Aok Sokunkhanha Solo Concert" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ។ ដោយបរិមាណអ្នកចូលទៅ App BookMe+ សម្រុកចូលទៅទិញគំហុក រហូតដល់ការរំពឹងទុករាប់សិបដង ទើបបណ្ដាលឲ្យប្រព័ន្ធគាំង ក្រោយអស់ចំនួនសំបុត្រ។
ឆ្លើយតបនឹងបញ្ហានេះ BookMe+ នៅរសៀលថ្ងៃទី៣ ខែកញ្ញា នេះ បានចេញលិខិតសុំទោសនិងទទួលស្គាល់កំហុសជាចំហដោយមានខ្លឹមសារថា ដោយមានការគាំទ្រយ៉ាងច្រើនលើសលប់ ជាមួយនឹងការបញ្ជាទិញសំបុត្រដ៏ច្រើនលើសពីការរំពឹងទុក ក្នុងពេលខ្លីតែមួយ ពីសំណាក់អ្នកគាំទ្រ បានបណ្តាលឱ្យមានបញ្ហាបច្ចេកទេសមួយចំនួនបានកើតឡើងរួមមាន៖ “ភាពរអាក់រអួលនៃការភ្ជាប់ទំនាក់ទំនងពីកម្មវិធីទូរស័ព្ទដៃរបស់យើង ទៅកាន់ប្រព័ន្ធបង់ប្រាក់ និង ដៃគូពាក់ព័ន្ធនានា ដែលបង្កឱ្យជាហេតុបណ្តាលឱ្យអតិថិជនមួយចំនួនបានជួបនឹងបញ្ហាការបង់ប្រាក់បានជោគជ័យ ប៉ុន្តែពុំទទួលបាននូវ QR ត្រឡប់ទៅវិញ”។ ក្រុមការងារ BookMe+ សូមអភ័យទោស និងពិតជាមានការសោកស្តាយ ចំពោះកំហុសបច្ចេកទេសទាំង អស់ ដែលបានកើតមានឡើងក្នុងប្រតិបត្តិការបញ្ជាទិញសំបុត្រមួយនេះ។ ទោះជាយ៉ាងណា ក្រុមការងារបានព្យាយាមអស់ពីកម្លាំងកាយចិត្តក្នុងការដោះស្រាយ និងសម្របសម្រួលបញ្ហានានាដែលបានកើតឡើងទាំងអស់។
ក្រុមការងារសង្ឃឹមថា បណ្តាសាធារណជន ជាពិសេសអ្នកគាំទ្រទាំងអស់ នឹងផ្តល់ក្តីអនុគ្រោះដល់ក្រុម ការងាររបស់APP នឹងផ្តល់ឱកាសដល់ App បង្កើតក្នុងស្រុកមួយនេះ ក្នុងការបន្តអភិវឌ្ឍខ្លួនទៅរកភាពល្អប្រសើរជាងមុន។
ទន្ទឹមគ្នានឹងការចេញមុខទទួលកំហុស និងសូមទោសចំពោះអតិថិជន BookMe+ ក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន រស្មីហង្សមាស ដែលបានផ្តល់ឱកាសមួយនេះមកក្រុមការងារ BookMe+ ដែលស្តែងចេញពីទឹកចិត្តគាំទ្រអាជីវកម្មជំនាន់ក្រោយ និងលើកស្ទួយវិស័យឌីជីថលឱ្យឈានដល់ទីផ្សារ អន្តរជាតិនាពេលអនាគត។ ក្រុមការងារសង្ឃឹមយ៉ាងមុតមាំថា សាធារណជននឹងបន្តគាំទ្រការប្រគំតន្ត្រីដ៏ធំមួយនេះ ដើម្បីទទួលបាននូវភាពសប្បាយរីករាយជាមួយទស្សនីយភាពដ៏អស្ចារ្យ។
ទាក់ទងបញ្ហានេះ ក្រុមហ៊ុន រស្មីហង្សមាស ក៏មានការភ្ញាក់ផ្អើល ហើយថាវាជាលើកទី១ក្នុងប្រទេសកម្ពុជាដែលមនុស្សរាប់ម៉ឺននាក់សម្រុកចូលវ៉ិបសាយ ដើម្បីទិញសំបុត្រក្នុងពេលតែមួយលើសពីការរំពឹងទុករបស់ខ្លួន។ ការនេះ បានបង្ហាញកាន់តែច្បាស់ថា ការគាំទ្រវិស័យសិល្បៈ តាមរយៈព្រឹត្ដិការណ៍ដែលនឹងធ្វើនៅពាក់កណ្ដាលខែកញ្ញាខាងមុខនេះ នឹងមានការគាំទ្រយ៉ាងផុលផុសពុំធ្លាប់មានពីមុនមក៕