• 2016-12-19 06:07:15
  • ព័ត៌មាន

ស្រី​ស្អាត​មក​ពី​ព្រះសីហនុ ដួង ម៉ាណា ប្រកាស​ថ្ងៃ​ចូល​រោងការ​ហើយ!

  • 2016-12-19 06:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនី​ទូរទស្សន៍​អប្សរា ដួង ម៉ាណា បាន​ប្រាប់​ឲ្យ​ដឹង​ថា នាង​នឹង​ចូល​រោងការ​នៅ​ដើម​ខែ​ក្រោយ​នេះ​ហើយ បន្ទាប់​ពី​រក​បាន​បុរស​គូ​ជីវិត​បាន។

ម៉ាណា កំពុង​ដើរ​ចែក​ធៀប​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ដែល​តាម​គម្រោង គឺ​មាន​ប្រមាណ​ជា ៤០០នាក់ ស្មើ​នឹង​ ៤០តុ ក្នុង​នោះ​មិត្ត​ភក្ដិ​សិល្បករ គឺ​មាន​តិច​តួច​ប៉ុណ្ណោះ។ ចំពោះ​ថ្ងៃ​ពិធី​ពិត​ប្រាកដ​គឺ​នៅ​ថ្ងៃ​ពុធ​ទី​៤​មករា ឆ្នាំ ២០១៧ ដោយ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​សេវេន ឡាក់គី​ប្រាយ​សាខា​ទឹក​ថ្លា។

អនាគត​ស្វាមី​របស់​កញ្ញា ដួង ម៉ាណា មាន​ឈ្មោះ មុទ ចាន់ដាវីទ មាន​អាយុ ៣០​ឆ្នាំ។ តាម តារា​ស្រី​មក​ពី​ខេត្ត​ព្រះសីហនុ​រូប​នេះ អនាគត​ស្វាមី​នាង មិន​មែន​ជា​មនុស្ស​ក្នុង​សង្គម​សិល្បៈ ហើយ​ក៏​មិន​មែន​ជា​បុគ្គល​នៅ​វណ្ណៈ​ខ្ពស់​អ្វី​ដែរ។ "គាត់ គឺ​ជា​អ្នក​ធ្វើ​ការ​ធម្មតា​ទេ​បង គឺ​ជា​អ្នក​ចូល​ចិត្ត​ធ្វើ​ការងារ​សង្គម​ដូច​គ្នា!”។ ម៉ាណា ថ្លែង។

កញ្ញា ដួង ម៉ាណា បាន​បង្ហើប​ពាក់​ព័ន្ធ​កំណើត​ស្នេហ៍​ថា នាង​បាន​ជួប​ជាមួយ​ស្វាមី កាល​ពី​ប្រមាណ​ជា៣​ឆ្នាំ​មុន តាម​រយៈ​ការងារ​សង្គម ដែល​ក្រោយ​មក​អនាគត​ស្វាមី​បាន​ព្យាយាម​ទាក់​ទង​នាង​តាម​រយៈ Chat ។

"ខ្ញុំ​អត់​ដឹង​ថា គាត់​មើល​យើង​តាំង​ពី​ពេល​ណា​ទេ តែ​ដំបូង​ឡើយ គាត់​ឆាត​មក​ម្ដង កាល​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០១៣ តែ​ខ្ញុំ​អត់​បាន​ឆ្លើយ លុះ​មួយ​​ឆ្នាំ​ក្រោយ​មក ទើប​គាត់​ហ៊ាន​ឆាត​មក​ម្ដង​ទៀត​អញ្ជើញ​ចូល​រួម​ក្នុង​ថ្ងៃ​គ្រីស្មាស និង​ក្រោយ​ទៀត​តាម​រយៈ​រៀន​ភ្លេង​បន្ត​បន្ទាប់"។

ដួង ម៉ាណា និង​អនាគត​ស្វាមី(រូបភាព​៖ ផ្ដល់​ដោយ ម៉ាណា)

ម៉ាណា ប្រាប់​បន្ត​ថា ដោយសារ​នាង​ចូល​ចិត្ត​ភ្លេង ហើយ​អនាគត​ស្វាមី​នាង​ចេះ​​ភ្លេង ទើប​នាង​អោយ​ជួយ​បង្រៀន​នាង​លេង​ភ្លេង​ជំនាញ​ហ្គីតា។ ក្នុង​អំឡុង​នោះ​ហើយ ដែល​នាំ​ឲ្យ​ទំនាក់​ទំនង​នាង និង​គ្រូ​ភ្លេង​កាន់​តែ​មាន​ជិត​ស្និទ្ធ ហើយ​ក្ដី​ស្រឡាញ់​ពេញ​ចិត្ត ក៏​លេច​ក្នុង​បេះដូង​របស់​នាង​តែ​ម្ដង​។

“នៅ​ពេល​រៀន​ជាមួយ​គាត់ ខ្ញុំ​បាន​មើល​ឃើញ​ពី​ចំណុច​ល្អ​គាត់​មួយ​ចំនួន តាម​រយៈ​ពាក្យ​សំដី ស្នាម​ញញឹម ហើយ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ស្រឡាញ់​គាត់​ម្ដង​បន្តិច ហើយ​គាត់​ក៏​ស្រឡាញ់​យើង​ខ្លាំង គាត់​តស៊ូ​ណាស់​ជាមួយ​ខ្ញុំ ព្រោះ​ដឹង​ហើយ​ខ្ញុំ​មិន​សូវ​ចេះ​ទន់​ភ្លន់​អី​ទេ។ ចំណុច​ល្អ​មួយ​ទៀត គឺ​គាត់​ជា​មនុស្ស​មាន​ជំហរ​ច្បាស់​លាស់ ហើយ​ព្យាយាម​មែន​ទែន!”។

ក្រោយ​សម្លឹង​មើល​គ្នា​រៀង​ខ្លួន ពួក​គេ​បាន​ក៏​បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នាកាល​ពី​ខែ​កក្កដា ២០១៦ និង​ឈាន​មក​ដល់​វេលា​អាពាហ៍ពិពាហ៍​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ តាម​កាល​បរិច្ឆេទ​ដូច​ខាង​លើ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម