"ផ្លូវទៅស្រុក" ធ្វើដំណើរទៅខេត្តព្រះសីហនុ ទីកំណើតពិធីការិនីល្បី ដួង ម៉ាណា
ចប់ភ្ជុំបិណ្ឌភ្លាម ក្រុមការងារ "ផ្លូវទៅស្រុក" ចាប់ផ្ដើមបេសកកម្មរបស់ខ្លួនភ្លាម ទៅប្រមែប្រមូលព័ត៌មាននៅខេត្តព្រះសីហនុ ទីស្រុកកំណើតតារាស្រីល្បីឈ្មោះមួយរូប គឺដួង ម៉ាណា។ ដួង ម៉ាណា កើតនៅភូមិវាលមាស សង្កាត់វាលរេញ ខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ។
នៅមុនក្រុមការងារទៅដល់ខេត្តព្រះសីហនុ ដួង ម៉ាណា ជាពិធីការិនី និង តារាសម្ដែង បានខ្សឹបប្រាប់ក្រុមការងារ"ផ្លូវទៅស្រុក" ថា ប្រសិនបើ "ផ្លូវទៅស្រុក" ទៅដល់ខេត្តព្រះសីហនុ កុំភ្លេចឈប់នៅផ្សារវាលរេញ ដោយនៅទីនេះ គ្រឿងសមុទ្រ ដូចជា ក្ដាមលក់ធូរថ្លៃ។
ក្រៅពីការងារសិល្បៈ ដួង ម៉ាណា ដែលជារឿយៗ ចូលចិត្តធ្វើការងារសង្គម និង ជួយបង្រៀនភាសាអង់គ្លេសដល់ក្មេងៗ រួមទាំងសីលធម៌ អនាម័យ បណ្ដុះគំនិតស្រឡាញ់រាប់អានគ្នា និងបណ្ដុះបណ្ដាលជំនាញធ្វើគ្រឿងសង្ហារិមពីផ្ដៅដល់ពលរដ្ឋក្រីក្រ នោះ បាននិយាយថា ខេត្តព្រះសីហនុ គឺជាខេត្តមួយមានសក្ដានុពលទេសចរណ៍ ដែលមានឆ្នេរសមុទ្រស្រស់ស្អាត និង កំពង់ផែសមុទ្រដ៏ធំ ដូច្នេះ គ្រប់ភ្ញៀវ ទេសចរណ៍បានទៅលេង គឺមិនរំលងនៃការភ្លក់រសជាតិម្ហូបគ្រឿងសមុទ្រឡើយ។
សូមចុចអាន៖ តារាស្រី ដួង ម៉ាណា ប្រកាសគម្រោងថ្នាំពេទ្យទៅខេត្តចំនួន៣
ទាក់ទងទៅនឹងរឿងរ៉ាវអតីតកាលនៅឯស្រុកកំណើត តារាស្រីស្រស់រូបនេះ បានបង្ហើបពីអនុស្សាវរីយ៍មួយចំនួននៅឯភូមិវាលមាស កាលពីនៅវ័យក្មេង។ នៅអាយុ ១៣-១៤ ឆ្នាំ កុមារី ដួង ម៉ាណា ធ្លាប់ដើរលក់នំចាន តាមភូមិជាមួយម្ដាយនៅពេលទំនេរពីការសិក្សា។ បទពិសោធន៍ដ៏លំបាកនេះ ធ្វើឲ្យដួង ម៉ាណា ចងចាំមិនភ្លេចហើយបន្តការខិតខំតស៊ូរហូតមកទល់នឹងបច្ចុប្បន្ន។
ស្ដាប់ការរៀបរាប់របស់ ដួង ម៉ាណា
https://youtu.be/k0HMvaoLKMw
ចេញពីការរំលឹកអនុស្សាវរីយ៍ ដួង ម៉ាណា បានប្រាប់ក្រុមការងារ "ផ្លូវទៅស្រុក"ថា "បើឲ្យខ្ញុំរៀបរាប់អំពីសក្ដានុពលខេត្ត ព្រះសីហនុ មានច្រើន តែខ្ញុំសូមលើកឡើងតែ វាលរេញ ព្រោះទីនេះខ្ញុំធ្លាប់នៅ ដូច្នេះ អ្នកបានទៅលេងក្រុងព្រះសីហនុហើយត្រឡប់មកផ្ទះវិញ គេមិនសូវរំលង ផ្សារវាលរេញនោះទេ ព្រោះក្ដាមនៅទីនេះធូរថ្លៃ ជាងនៅក្រុង"។
សូមចុចអាន៖ បរទេសមួយក្រុម ប្រាប់បទពិសោធន៍មកទស្សនាភ្នំឈ្ងោក
សូមចុចអាន៖ ភ្នំសសៀរ មិនឆ្ងាយពីកែប មានល្អាងរូងធម្មជាតិដ៏អស្ចារ្យគ្មានកន្លែងណាដូច
សូមចុចអាន៖ មិនបាច់ទៅឆ្ងាយ ក៏អាចកម្សាន្តសប្បាយនៅក្នុងក្រុងកំពត
ដោយ៖ វិបុត្រ