• 2017-01-24 08:55:40
  • ជីវិតតារា

ចន ច័ន្ទលក្ខិណា នាំ​ថវិកា​ដែល​ប្រមូល​បាន​ ទៅ​ជួយ​ភរិយា​ រិន សាវ៉េត រសៀល​នេះ!

  • 2017-01-24 08:55:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថវិកា​ជាង ៨០០ ដុល្លារត្រូវ​បាន​​អ្នក​នាង ចន ច័ន្ទលក្ខិណា ​ប្រធាន​សមាគម​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ប្រមូល​ពី​សប្បុរសជន​នានា យក​ទៅ​ជូន តារា​ចម្រៀង រិន សាវ៉េត ដើម្បី​បង់​ថ្លៃ​ការ​ព្យាបាល​​ភរិយា​ដែល​កំពុង​សម្រាក​​ព្យាបាល​ជំងឺ​មហារីក​សុដន់​យ៉ាង​ធ្ងន់ធ្ងរ ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ។

ប្រធាន​សមាគម​​ខាង​លើ​បាន​​ប្រកាស​ភ្លាមៗ​​តាម​រយៈ​មិត្តភ័ក្ដិ​ក៏​ដូច​ជា​សប្បុរសជន​ផ្សេង​ទៀត តាម​រយៈ​សមាគម​របស់​ខ្លួន​បន្ទាប់​ពី​បាន​ដឹង​ថា លោក រិន សាវ៉េត តារា​ចម្រៀង​ចាស់​វស្សា នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​ជួប​​ទុក្ខ​ដោយសារតែ​ប្រពន្ធ​មាន​ជំងឺ​មហារីក​សុដន់​យ៉ាង​ធ្ងន់ធ្ងរ មិន​មាន​ប្រាក់​ព្យាបាល។

អ្នក​នាង ចន ច័ន្ទលក្ខិណា ប្រាប់​ថា ការ​​ប្រកាស​ស្វែង​រក​សប្បុរសជន​ខាង​លើ​ធ្វើ​ឡើង​ ២ថ្ងៃ​ប៉ុណ្ណោះ ក្នុង​នោះ​​មាន​សប្បុរស​ជន​​បាន​ចូល​មក​ជា​មួយ​សមាគម​ជា​បន្តបន្ទាប់ ដោយ​សរុប​ទាំង​អស់​ទទួល​បានជាង ៨០០ ដុល្លារ​។

ទោះ​បី​ជា​ថវិកា​ទាំង​អស់​ខាង​លើ មិន​អាច​បង់​ថ្លៃ​បង្គ្រប់​ថ្លៃ​ព្យាបាល​ទាំង​អស់​ក៏​ពិត​មែន ប៉ុន្តែ​ប្រធាន​សមាគម​ប្រាប់​ថា​ វា​​គឺ​ជា​ទឹក​ចិត្ត​មួយ​ក្នុង​នាម​ជា​​អ្នក​សិល្បៈដូច​គ្នា។ ភរិយា​លោក រិន សាវ៉េត មាន​ជំងឺ​មហារីក​សុដន់​ ទើប​តែ​ជាង​មួយ​ខែ​នេះ​ទេ ក្នុង​នោះអ្នក​ស្រី​បាន​មក​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​​បាន​មួយ​អាទិត្យ​​ហើយ។

ក្រៅ​ពី​ការ​ជួយ​ពី​សប្បុរសជន​ខាង​លើ កន្លង​មក​​ឃើញ​មាន​កាកបាទក្រហម និង​អ្នក​សិល្បៈ​មួយ​ចំនួន​ទៀត​បាន​ចូល​រួម​ជួយ​ផង​ដែរ​មាន​ដូច​ជា ក្រុម​លោក នេនទុំ ក្រុម​អ្នក​នាង ញឹម ចាន់ថន ក្រុម​លោក ម៉ារ៉ា ប៉ុណ្ណា ក្រុម​លោក គង់ សុធារិទ្ធ លោក G-Devith ​ជា​ដើម ៕

អត្ថបទ៖ ខុត សីហា

មតិយោបល់
អត្ថបទពេញនិយម