- 2017-02-23 10:33:13
- ព័ត៌មាន
បុណ្យល្ខោនខោលធំមួយ ត្រូវប្រកាសធ្វើនៅវិហារសួគ៌ដោយឧកញ៉ាម្នាក់
- 2017-02-23 10:33:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យល្ខោនខោលធំមួយ ត្រូវប្រកាសធ្វើនៅវិហារសួគ៌ដោយឧកញ៉ាម្នាក់
ចន្លោះមិនឃើញ
បុណ្យល្ខោនខោលធំមួយ ត្រូវប្រកាសធ្វើនៅវិហារសួគ៌ដោយឧកញ៉ាវ័យក្មេងម្នាក់ ដែលគេស្គាល់ថាជា ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet Group និងក្រុមហ៊ុន Sky Land នៅលើទឹកដីវិហារសួគ៌ខេត្តកណ្ដាល។ នេះបើតាមលោក កែវ សាស្ត្រា អ្នករៀបចំកម្មវិធីសន្និសីទកាសែតមុននេះ និងជាប្រតិបត្តិកររបស់គម្រោង។
ការសម្ដែងសិល្បៈបុរាណរបស់ខ្មែរយើង ច្រើនទម្រង់ និងមាន៣ប្រភេទ គឺប្រភេទ ល្ខោនបាសាក់ យីកេ និងល្ខោននិយាយ នឹងត្រូវប្រារព្ធឡើងចំនួន៣យប់៣ថ្ងៃលើទឹកដីដែលឧកញ៉ា ស្រី ចាន់ថន បានដាក់ឈ្មោះថា ជាទឹកដីត្បូងពេជ្រ នៅថ្ងៃទី ១០ ដល់ថ្ងៃទី ១២ មីនា ២០១៧។
“កម្មវិធីនេះ គឺផ្ដួចផ្ដើមដោយលោកឧកញ៉ា ហើយក៏ចំពេលដែលខ្ញុំកំពុងគិតដែរ អីចឹងក៏បានធ្វើគម្រោងដាក់ជូន និងទទួលបានការឯកភាពពីឧកញ៉ា ដោយលោកមានពាក្យមួយឃ្លាថា យើងត្រូវខំប្រឹងធ្វើ ដើម្បីស្នាមញញឹមរបស់បុព្វបុរសយើង។ អីចឹង ពួកយើងរឹតតែមានទឹកចិត្តតែម្ដង។ លោក កែវ សាស្ត្រា ថ្លែង។
ក្រៅពីការសម្ដែងល្ខោនខោលដែលជាចំណុចស្នូលរបស់កម្មវិធី កម្មវិធីប្រកួតកីឡាផ្សេងទៀត ក៏ត្រូវបានដាក់បញ្ចូលផងដែរ ដែលក្នុងនោះមានដូចជាការប្រណាំងសេះ ប្រណាំងក្របី ប្រដាល់ ចំបាប់ ប្រណាំងឡាន និងប្រណាំងម៉ូតូជាដើម ដែលសរុបកីឡាករ អត្តពលិក ប្រមាណជិត៤០០នាក់។
គម្រោងនេះ ត្រូវបានទ្រទ្រង់ដោយកញ្ចប់ថវិកាប្រមាណ ៦ម៉ឺនដុល្លារសហរដ្ឋអាមេរិករបស់លោកឧកញ៉ា ស្រី ចាន់ថន ដែលមានចក្ខុវិស័យ ធ្វើឲ្យវិស័យសិល្បៈ និងកីឡា ត្រូវបានច្របាច់បញ្ចូលគ្នា ក្រោមពាក្យតែមួយ គឺវប្បធម៌របស់ជាតិ ហើយធ្វើឲ្យទទួលបានការលើកស្ទួយព្រមគ្នា។
ឧកញ៉ា វ័យក្មេងបានថ្លែងថា "អ្វីដែលខ្ញុំផ្ដួចផ្ដើម គឺដើម្បីលើកកម្ពស់សិល្បៈវប្បធម៌របស់ជាតិឲ្យមានការចាប់អារម្មណ៍ឡើងវិញ ទាំងសិល្បៈ និងកីឡា ហើយក្នុងនោះយើងមានចក្ខុវិស័យមួយទៀត គឺដើម្បីទាក់ទាញទេសចរណ៍"។
លោក ស៊ូ ផល្លា ប្រធានការិយាល័យសិល្បៈ និងទស្សនីយភាព រួមជាមួយលោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំ និងកីឡាស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានសាទរនឹងដំណឹងនេះ។ លោកសូមថ្លែងអំណរគុណដល់ឧកញ៉ា ស្រី ចាន់ថន ដែលផ្ដួចផ្ដើមកម្មវិធីនេះឡើង ក្នុងនោះសំណូមពរឲ្យបន្តសកម្មភាពដូចគ្នាលើទឹកដីរបស់លោកជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។
អមជាមួយកម្មវិធីសិល្បៈ និងកីឡា ការប្រគំតន្ត្រីសម័យ បុណ្យល្ខោនខោល ក៏នឹងមានការចូលរួមតាំងពិព័រណ៍ផលិតផលជាតិ និងអន្តរជាតិប្រមាណជា ១៥០ ស្តង់ថែមទៀត។ "យើងចង់ឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សិល្បៈវប្បធម៌របស់យើង ក្នុងនោះអ្វីដែលខ្ញុំកំពុងគិត គឺគ្រោងនឹងផ្ដល់រថយន្តឲ្យទៅដឹកជញ្ជូនបងប្អូនដល់ផ្ទះទៀត អោយពួកគាត់បានទស្សនា និងដើម្បីកុំអោយពួកគាត់លំបាកក្នុងការធ្វើដំណើរ"៕