- 2017-03-11 02:50:49
- ព័ត៌មាន
ស្រីស្អាត ប្រុសស្អាត ៤៨នាក់ ផ្ដើមប្រជែងគ្នារកអនាគតក្នុងសិល្បៈទៀតហើយ!
- 2017-03-11 02:50:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាត ប្រុសស្អាត ៤៨នាក់ ផ្ដើមប្រជែងគ្នារកអនាគតក្នុងសិល្បៈទៀតហើយ!
ចន្លោះមិនឃើញ
យុវជន យុវតីខ្មែរចំនួន ៤៨នាក់ ដល់ពេលត្រូវប្រជែងគ្នារកអនាគតក្នុងពិភពសិល្បៈ តាមរយៈដណ្ដើមគ្នាយកជយលាភីពីកម្មវិធី Freshie Girls & Boys ដែលបានឈានមកដល់ឆ្នាំទី ១៦ហើយ។
ស្រីស្អាត ប្រុសស្អាតទាំងនោះមាន ស្រី២៤នាក់ និងបុរស ២៤នាក់ មកពីខេត្ត និងរាជធានីនានា ក្រោយពួកគេបានឆ្លងកាត់វគ្គសម្រាំងរៀងខ្លួនឯង។ តាមលោក មែ វិចិត្របុត្រ អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន BKA Entertainment បានឲ្យដឹងថា តាមកាលវិភាគពួកគេទាំងនោះនឹងត្រូវផ្ដើមប្រកួតប្រជែងសមត្ថភាពចាប់ពីថ្ងៃទី ២៤ មីនា ២០១៧ខាងមុខ ដោយមានទាំងការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MyTV ផង។
លោកបន្តថា បេក្ខជន បេក្ខនារី នឹងត្រូវប្រកួតប្រជែងសមត្ថភាពលើវិញ្ញាសាជាច្រើនទម្រង់ក្នុងសិល្បៈ។
កម្មវិធី Freshie Girls & Boys គឺជាកម្មវិធីប្រកួតប្រជែងសមត្ថភាពសិល្បៈរបស់យុវជន យុវនារីវ័យចំណាស់មួយបន្ទាប់ពីរំកិលខ្លួនឈានមកដល់ឆ្នាំទី ១៦ ហើយ ហើយក្នុងនោះ ភាគច្រើន សិល្បករ សិល្បការិនីខ្មែរល្បីៗបច្ចុប្បន្ន មានដូចជា មាន សូនីតា ជា វណ្ណារិទ្ធ ហ៊ុន ច័ន្ទនីរ័ត្ន ស៊ិន យូប៊ីន ខាត់ វៃហាំង ជាដើមបានដុះចេញពីកម្មវិធីនេះ។
ដោយសារតែបែបនេះ ក្រសួងវប្បធម៌ បានប្រកាសគាំទ្រគម្រោង Freshie Girls & Boy។ ឯកឧត្ដម ថៃ នរៈសត្យា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជួសមុខរដ្ឋមន្ត្រី បានថ្លែងថា លោកគាំទ្រ និងថ្លែងអំណរគុណដល់លោក ប៊ុនកើដ ដែលជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតកម្មវិធី ដោយបានក្លាយជាកន្លែងដុះខាត់សមត្ថភាព និងតម្រង់ទិសយុវជន យុវតីខ្មែរឆ្ពោះទៅរកអនាគតច្បាស់លាស់មួយ ក៏ដូចជាជួយបញ្ចៀសពួកគេឲ្យចៀសចេញឆ្ងាយពីគ្រឿងញៀន។
“តាមរយៈកម្មវិធីនេះ ខ្ញុំសង្ឃឹមថា ប្អូនៗក្មួយៗ ដែលមកបានមកកាន់ទីនេះ នឹងខិតខំហាត់ពុតលុតដំខ្លួន និងនាំគ្នាដើរលើផ្លូវត្រឹមត្រូវមួយ។ ហើយក៏ស្នើឲ្យកម្មវិធីប្រព្រឹត្តទៅប្រកបដោយភាពយុត្តិធម៌"។ ឯកឧត្ដម ថៃ នរៈសត្យា បន្ថែម។
បន្ទាប់ពីផែនការចាប់ផ្ដើមប្រកួតនៅចុងខែមីនានេះ Freshie Girls & Boy ជំនាន់ទី ១៦ ដែលចូលរួមឧបត្ថម្ភដោយ Pepsi, Yamaha, C.P, PTT Cambodia ជាដើម នឹងប្រារព្ធធ្វើវគ្គផ្ដាច់ព្រ័ត្ររបស់ខ្លួននៅថ្ងៃទី ១២ ខែឧសភា ២០១៧៕