មើលសមត្ថភាពសិល្បៈកុមារកម្ពុជា ៨ រូប មុនពួកគេប្រជែងគ្នាយកជយលាភី
កុមារកម្ពុជាចំនួន៨ នាក់ មានវ័យពី ៥ ទៅ១០ឆ្នាំ មកពីខេត្ត ក្រុងចំនួន៥ បានមកបង្ហាញសមត្ថភាព មុនប្រកួតគ្នា លើសមត្ថភាពសិល្បៈផ្នែកចម្រៀង ដើម្បីឈានទៅដណ្ដើមជយលាភីការប្រឡងចម្រៀងកុមារ Kodomo។
ពួកគេទាំងនោះ ជាបេក្ខជនសម្រាំងចំនួន២លើករួចហើយ ក្នុងចំណោមបេក្ខជនសរុបប្រមាណជិត២០០០នាក់មកពីខេត្តក្រុងចំនួន៥។ ជួសមុខអគ្គនាយក លោក មែ វិចិត្របុត្រ នាយកគ្រប់គ្រងក្រុមហុន BKA Entertainment ដែលបានរៀបចំកម្មវិធីនេះ បានឲ្យដឹងថា នេះជាឆ្នាំទី៨ហើយ សម្រាប់កម្មវិធីប្រឡងចម្រៀងយុវកុមារ Kodomo។
គោលដៅចំបងនៃការរៀបចំកម្មវិធីខាងលើ ដើម្បីផ្ដល់ឱកាសដល់ប្អូនៗកុមារដែលមាននិស្ស័យសិល្បៈ បានបញ្ចេញសមត្ថភាព និងឈានទៅសម្រេចក្ដីស្រមៃសិល្បៈរបស់ពួកគេផង។ "ក្រៅពីនេះយើង ចង់ផ្ដល់ពួកគេនូវគំនិតចេះស្រឡាញ់គ្នា ចេះចែករំលែកគ្នាដូចនឹងពាក្យថា "Love is Giving""។ លោក វិចិត្របុត្រ បន្ថែម។
មានតារាចម្រៀងអាជីព និងមិនទាន់អាជីពជាច្រើន ត្រូវបានប្រសូត្រចេញពីកម្មវិធីខាងលើ ក្នុងនោះមានដូចជាកញ្ញា វី ឌីណែត តារាចម្រៀងផលិតកម្មហង្សមាស ជាកូនស្រីលោក ហួរ ឡាវី កញ្ញា សុវត្ថិឌី ធារិកា តារាម៉ូដែល អ៊ិង និមល និងប្អូនប្រុស សោម វិរៈបុត្រ ជាដើម។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈនាយិកាសាលាមធ្យមសិក្សាវិចិត្រសិល្បៈ បានគាំទ្រសម្រាប់គំនិតផ្ដួចផ្ដើមកម្មវិធីខាងលើ។ អ្នកស្រី សៀវ វៀង បានមានប្រសាសន៍ថា បានចាត់ទុកថាកម្មវិធីខាងលើ ជាកន្លែងដែលកុមារកម្ពុជាបានបញ្ចេញសមត្ថភាព បណ្ដុះភាពក្លាហាន និងការជឿជាក់។ ដូច្នេះក្រសួងសូមគាំត្រ និងសង្ឃឹមថា វិស័យសិល្បៈកម្ពុជា នឹងរកបានធនធានសិល្បៈប្រកបដោយគុណភាពបន្តទៀត។
យ៉ាងនេះក្ដី ជួសមុខឲ្យក្រសួង អ្នកស្រីស្នើឲ្យកម្មវិធីប្រព្រឹត្តតាមទម្រង់ខ្មែរជាដាច់ខាត ក្នុងនោះមាន បទចម្រៀងដែលផលិតឡើងដើម្បីកុមារៗច្រៀង គួរជារបស់ខ្មែរ១០០ភាគរយ មិនចម្លងគេ។ ក្រៅពីនេះអ្នកស្រី ក៏សូមឲ្យសំលៀកបំពាក់ ក៏ត្រូវតែមានទម្រង់ជាខ្មែរដែរ ដើម្បីរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីរបស់ជាតិ។
កម្មវិធីប្រឡងចម្រៀងយុវកុមារខាងលើ ត្រៀមនឹងចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី ២៥សីហានេះ មុនទៅបញ្ចប់នៅថ្ងៃទី២២កញ្ញា ឆ្នាំ ២០១៦ ដោយមានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ MyTV ផង។ លោក មែ វិចិត្រ បញ្ជាក់ថា ប្រិយមិត្តក៏អាចចូលរួមជ្រើសជយលាភីផ្នែកប្រជាប្រិយភាពផងដែរ តាមរយៈចូលទៅចុច Like កុមាររូបណាដែលខ្លួនពេញចិត្តតាមរយៈទំព័រ Facebook/KodomoclubCambodia។
កុមារដែលទទួលបានការចុច Like ច្រើនជាងគេនឹងទទួលជយលាភីផ្នែកប្រជាប្រិយភាព។ កម្មវិធីខាងទទួលបានឧបត្ថម្ភដោយក្រុមហ៊ុនជាច្រើន ក្នុងនោះមានសាប៊ូ Kodomo, Angkor Puro, KidKid និង ផ្សារបារ៉ាហ្គនជាដើម៕
អត្ថបទ៖ ទារិកា