• 2017-10-04 03:08:37
  • ស្ទីលតារា

ភ្ញាក់​ផ្អើល​ពេល​ដឹង​​អត្ថន័យ​ ឈុត​តំណាង​ជាតិ​របស់ Miss Grand Cambodia ខ្លឹម ស្រីគា

  • 2017-10-04 03:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ ខ្លឹម ស្រីគា បវរកញ្ញា MISS GRAND CAMBODIA 2017 នឹង​​តំណាង​កម្ពុជា ​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ប្រកួត MISS GRAND INTERNATIONAL 2017 ដែល​នឹង​​ប្រព្រឹត្ត​នៅ​ថ្ងៃទី ២៥ ខែ​តុលា ឆ្នាំ២០១៧ ខាង​មុខ​នេះ នៅ Vinpearl Phu Quoc Resort & Villas Convention Hall កោះភូកុក ឬកោះត្រល់ ក្រោម​ការ​រៀប​ចំ​ពី​ដោយ​ក្រុមហ៊ុន BKA Entertainment ។

សម្រាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ កញ្ញា​ ខ្លឹម ស្រីគា នឹង​គ្រង​ឈុត​តំណាង​ជាតិ ( National Costume ) មាន​ឈ្មោះថាឈុត​ “ទេវី​ក្រុង​កម្ពុជា​ធិបតី”។ ការ​ពិត​ឈុត​នេះ បាន​រៀប​ចំឡើង​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ពោល​គឺ​សម្រាប់​កញ្ញា​ឯក ហេង ចន្ថា ត្រៀម​យក​ទៅ​បង្ហាញ តែ​ដោយ​សារ​នាង​ខក​ខាន​ពុំ​បាន​ចូល​រួម​ប្រកួត​ ទើប​ពេល​នេះ​ខាង​ក្រុម​ហ៊ុន​បាន​ផ្ដល់​ឱកាស​ឲ្យ​នាងយក​ឈុត​ដដែល​ និង​​មាន​ការ​ច្នៃ​ម៉ូដ​បន្ថែម​ពី​លើ​បន្តិច​បន្តួច​​ ទៅ​បង្ហាញ​ជំនួស​វិញ។

សំលៀក​បំពាក់​មួយ​នេះ ​ជា​ឈុត​​សម័យ​ច្នៃ​ប្រឌិត​ថ្មី​ ដែល​យក​មូលដ្ឋាន​គ្រឹះ​នៃ​ទម្រង់​ឈុត​សំលៀក​បំពាក់​របាំ​ក្បាច់​បុរាណ​ខ្មែរ​នា​សម័យ​ហ្លួង​ព្រះ​ស៊ីសុវត្ថិ​ និង​ការ​រួម​បញ្ចូល​គ្នា​ជា​មួយ​សម័យ​បច្ចុប្បន្ន​ ​ដើម្បី​បង្កើត​បាន​ជា​ឈុត​តំណាង​ជាតិ​បែប​ច្នៃ​ប្រឌិត​មួយ​។

ដោយ​យោង​តាម​រូបភាព​​ កាសែត​បារាំង​មួយ​ដែល​មាន​ចំណង​ជើង​ថា LE MONDE ILLUSTRÉ បាន​ចុះ​ផ្សាយ​ពី​ការ​សម្ដែង​របស់​ក្រុមរបាំ​ព្រះរាជ​ទ្រព្យ​យុគសម័យ ព្រះ​បាទ​ស៊ីសុវត្ថិ​នៅ Elysée ទី​ក្រុង​ប៉ារីស ថ្ងៃ​ទី ០៧ ខែ​មិថុនា ឆ្នាំ១៩០៦ ដែល​បរិយាយ​អំពី​នាដការី​កំពុង​សម្ដែង​ល្ខោន​ក្បាច់​បុរាណ រឿង ព្រះ​សមុទ្ទ ត្រង់​ឈុត​ព្រះ​សមុទ្ទ​ចាប់​កូន​ស្រី​របស់​យក្ស​វិរុលចក្រ។

នៅ​ក្នុង​រូប​ភាព​នេះ គឺ​តួ​អង្គ​នាង​បាន​គ្រង​ឈុត "ស្បៃ​ធំ ឬ ស្បៃ​ច្រក​ក" ព្រម​ជា​មួយ​សុរង​ក​មាន​លំអរ​ឥន្ទធនូ  ក្បាច់​នាគ​នៅ​ស្មា​សង​ខាង។ សម្រាប់​ឈុត "ទេវី​ក្រុង​កម្ពុជា​ធិបតី"​ នេះ​គឺ​បាន​យក​ចំណុច​គោល​នៃ​ឈុត​ស្បៃ​ធំ​មក​ច្នៃ​​បន្ថែម​ដើម្បី​ឲ្យ​មាន​ភាព​ទាក់​ទាញ​ និង​លេចធ្លោ។

លក្ខណៈ​ពិសេស​នៃ​សម្លៀក​បំពាក់​នេះ គឺ​វា​បាន​ផលិត​ឡើង​ដោយ​ប្រើ​ប្រាស់​​គ្រឿង​អលង្ការ​តុបតែង​លម្អ រួម​ជា​មួយ​ប្រភេទ​កំណាត់​ចរបាប់​សូត្រ និង​ផាមួង​ខ្មែរ​ ដោយ​មាន​រំលេច​ក្បាច់​ប៉ាក់​ភ្ញី​វល្លិ​នៅ​កន្ទុយ​ស្បៃ​អូស​ផ្នែក​ខាង​ក្រោយ ហើយ​មាន​សុរង​ក​ខ្មុក​​រំលេច​ដោយ​ត្បូង​ភ្លឺ​ផ្លេក​ បូក​រួម​ជា​មួយ​ការ​ច្នៃ​ជា​សំពត់​កន្ទុយ​ត្រី​ ​ចាប់​ផ្នត់​ផ្លិត​ និង​ផ្នត់​ភ្លឺ​ត្រង់​នៅ​ផ្នែក​ខាង​មុខ​ ​ផ្សំ​នឹង​មកុដ​នាង​កំពូល​ស្រួច​យ៉ាង​ស្រស់​ស្អាត​។

សម្លៀក​​បំពាក់​ខាង​លើ​នេះ​ជា​ស្នាដៃ និង​គំនិត​ច្នៃ​ប្រឌិត​របស់​លោក វង្ស វណ្ណៈ ដែល​ជា​គ្រូ​បង្ហាត់​សៀក​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ និង​ជា​​អ្នក​រចនា​ម៉ូដ​​នៅ​ហាង​កាត់ដេរ​សំលៀក​បំពាក់​ សហការ​ជា​មួយ​ កញ្ញា​ ឈុន ម៉ាលៀង និស្សិត​ឆ្នាំទី៤ផ្នែក តុប​តែង​លម្អ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។

ចំណែក​ឯ​ឈុត​រាត្រីសមោសរ​ដ៏​ស្រស់​ស្អាត ក្នុង​ទម្រង់​ពណ៌​មាស​ ដែល​ប្រិយមិត្ត​បាន​ឃើញ​នេះ នឹង​ប្រើ​សម្រាប់​បង្ហាញ​​នៅ​លើ​វេទិការ។ វា​ជា​ស្នាដៃ​រចនា​ម៉ូដ​ ដោយ​​លោក​ជំទាវ សុគន្ធា នៃ​ហាង​កាត់​ដេរ​សម្លៀក​បំពាក់ ធិរិកាដើម។

លោកជំទាវ បញ្ជាក់​ថា​ ​ការ​ជ្រើសរើស​យក​ពណ៌​មាស​នេះ​ គឺ​ផ្អែក​លើ​ពាក្យ​ថា ដែន​ដី​សុវណ្ណ​ភូមិ ហើយ​ពណ៌​មាស​នេះ​ផង​ដែរ គឺ​ជា​ពណ៌​នៃ​ស្លាក​សញ្ញា​កម្មវិធី​ប្រកួត​ផ្ទាល់​តែ​ម្ដង៕

ចុចអាន៖

អត្ថបទ៖ សុខណា

មតិយោបល់