• 2017-06-21 23:10:00
  • ព័ត៌មាន

មិនធម្មតាទេ កីឡាករ​ ១២ ​រូប​នេះ​​ប្រែ​ខ្លួន​ឯង​ទៅ​ជា​ សិល្បករ ល្បី​ឈ្មោះ!

  • 2017-06-21 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វិស័យ​កីឡា​កម្ពុជា​មិន​មែន​មាន​តែ​កីឡាករ​ដែលចេះ​តែ​ផ្នែក​កីឡា​ទេ ក្នុង​នោះ​ក៏​មាន​បុគ្គល​ដែល​មាន​ទេពកោសល្យ​ផ្នែក​សិល្បៈ​ផងដែរ។ ថ្ងៃ​នេះ​ Sabay នឹង​នាំ​ប្រិយមិត្ត​ទៅ​ស្គាល់​កីឡា​ករ​១២​រូប​ដែល​មាន​ប្រែ​ខ្លួន​ពី​កីឡាករ​ទៅ​ជា​សិល្បករ​ដ៏​ល្បី​ល្បាញ។

១. អេ ភូថង៖ មិន​ត្រឹម​តែ​​ជា​កី​ឡា​ករ​ប្រដាល់​ជើង​ចាស់​ដ៏​ល្បី​ល្បាញ​នោះ​ទេ លោក​ក៏​ជា​តួ​សម្ដែង​ដ៏​ប៉ិន​ប្រសប់​ម្នាក់​ដែរ ស្នាដៃ​ចុង​ក្រោយ​របស់​លោក​នៅ​ក្នុង​ភាពយន្ត​គឺ​រឿង "Jailbreak:ការពារ​ឧក្រិដ្ឋជន"​ ដែល​លោក​ដើរ​តួ​មនុស្ស​ស៊ី​មនុស្ស​ និង​មាន​ចរិត​លក្ខណៈ​បែប​កំប្លែង។

២.ជៀស ស្រួច ៖ ​កីឡា​ករ​ផ្នែក​​ប្រដាល់​រូប​នេះ​ បាន​សាង​ស្នាដៃ​សម្ដែង​​ជា​ច្រើន​​ ហើយ​ភាពយន្ត​ដែល​លោក​ធ្លាប់​សម្ដែង​មានជា​ច្រើន​​ដូច​ជារឿង​ "ជ្រោះ​ស្នេហ៍​ពេជ្រនិល​" "អ្នក​ទោស​ដូង​ចិត្ត"​ "ស្នេហ៍​ក្មេង​វ័យ​ក្មេង​" "ភូមិ​តិរច្ឆាន" "ប្រពន្ធ​ខ្មោច" "ចំប៉ា៤ទង"​ "បេះ​ដូង​អ្នក​ប្រដាល់" "ក្របី​លាក់​កូន" ឯ​ចម្រៀង​ខារ៉ាអូខេ​វិញ​ គឺ​បទ​ "បេះ​ដូង​អ្នក​ប្រដាល់"​​ របស់​លោក​ ខេមរៈ សិរីមន្ត។

អាន៖ ស្នា​ដៃ​សិល្បៈ​របស់ ជៀស ស្រួច

៣. សំ ថារ័ត្ន ៖ គឺ​ជា​កីឡាការនី​ល្បុក្កតោ​ដ៏​ល្បី​ឈ្មោះ​ នាង​បាន​លេច​មុខ​ក្នុង​ភាពយន្ត​​ជា​ច្រើន​ដូច​ជា​​ រឿង​ហូលីវូដ​ "Act of Valor" "ដំបូង​គេ​សម្លាប់​ប៉ា​របស់​​ខ្ញុំ" "កណ្ដាប់​ដៃ​ទី​ក្រុង​ប៉ះ​ជង្គង់​ជន​បទ" ដែល​នាង​ជា​តួ​ឯក "លុតដែក​ថែប" "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី"​ "Jailbreak:ការពារ​ឧក្រិដ្ឋជន"​ និង​ "ម្ចាស់​ចម្ការ"  ជា​ដើម។

អាន៖ ជុំ​វិញ​ សំ ថារ័ត្ន

៤. អ៊ួ តារា៖ ដូច​ សំ ថារ័ត្ន ដែរ កីឡាករ​ល្បុក្កតោ​រូប​នេះ​បាន​ក្លាយ​ខ្លួន​ជា​តារា​សម្ដែង​​។ ​លោក​ត្រូវ​បាន​ទស្សនិកជនភាគ​ច្រើន​​ស្គាល់ថា​​ជា​តួ​ប្រុស​ក្នុងរឿង​ "ហនុមាន" ហើយ​កេរ្តិ៍​ឈ្មោះ​លោក​រឹត​តែ​ល្បី​សុះសាយ​ក្រោយ​សម្ដែង​ក្នុងភាពយន្ត​ខ្នាត​ធំ ​ "Jailbreak:ការពារ​ឧក្រិដ្ឋជន"​។ ​​​​​

៥. ស៊ន សៀវម៉ី ៖ ​ក្រោយ​ពី​ទទួល​បាន​មេដាយ​មាស SEAGame ​ឆ្នាំ​២០១៤ ប្រជាប្រិយភាព​របស់​តារា​តែក្វាន់​ដូ​រូប​នេះ​ កាន់​តែ​ល្បីឡើងៗ ។ ដោយ​សារ​តែ​រូប​សម្ផស្ស​ និង​ប្រជាប្រិយភាព​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​តារា​ម៉ូដែល​ប្រចាំ​សំអាង​ការ​ជា​ច្រើន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​ធ្លាប់​បង្ហើប​ប្រាប់​ Sabay ដែរ​ថា​នាង​ចង់​ភ្លក់​រសជាតិ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្តម្ដង​បើ​មាន​ឱកាស។ ​​

អាន៖ ស៊ន សៀវម៉ី ប្រកាស​​ថា នាង​នឹង​ហក់​​ចូល​ប្រ​ឡូក​សិល្បៈ​ម្ដង

៦. ប្រាក់ មុន្នីឧត្តម៖ ដោយ​សារ​តែ​រូបរាង​សង្ហា​ តារា​បាល់​ទាល់​រូប​នេះ​ ត្រូវ​បាន​ជ្រើស​​ជា​ម៉ូដែល​តំណាង​ឲ្យ​ផលិត​ផល​ជាច្រើន​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​​បាន​សម្ដែង​​ក្នុង​រឿង​ដ៏​ល្បី​មួយ​ក្នុង​ឆ្នាំ២០១៥ គឺ​រឿង​"មេកប់សារី"។ ​

៧. លី វ៉ាហេទ ៖ មិន​ខុស​ពី​មិត្ត​រួម​អាជីព​ខាង​លើ ជម្រើស​ជាតិ​បាល់​ទាត់​រូប​នេះ​ បាន​សាង​កេរ្តិ៍​ឈ្មោះ​យ៉ាង​កក្រើក​ក្នុង​ភាពយន្ត​បែប​ស្នេហា​យុវវ័យ​ប្រចាំ​២០១៧​នេះជា​មួយ​អ្នក​មេម៉ាយកូន​មួយ សុខ សោម៉ាវត្តី គឺ​រឿង "ខូច​ចិត្ត​អាជីព។

៨. កែវ សុខផេង ៖ បើ​និយាយ​ពី​ស្នាដៃ​ក្នុង​វិស័យ​សិល្បៈ​វិញ​ ខ្សែ​ប្រយុទ្ធ​រូប​​នេះ​ក៏​មាន​មិន​តិច​ដែរ ។ ស្រប​ពេល​ដែល​វិស័យ​បាល់​ទាត់​កំពុង​រីក​ដុះ​ដាល ​លោក​​ក៏​បាន​លេច​ក្នុង​វីដេអូ​ចម្រៀង​ដ៏​ល្បីរបស់ សុខ ពិសី គឺ​បទ "លើស​ពីហ្វេន​បាន​អត់?” ។ ​​​

៩ ផង់ តារា៖ ​លោក​ក៏​ជា​តារា​ល្បុក្កតោ​​​មួយ​រូប​ដែរ​ ​ដោយ​សារ​តែ​ទេពកោសល្យ​ និង​មុខ​មាត់​ដ៏​ក្រមិចក្រមើម​ លោក​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​តួ​សម្ដែង​បែបកំប្លុក​កំប្លែង។ ​

១០ វី តារ៉ា៖ តារា​ល្បុក្កតោ​រូប​នេះ មាន​ស្នាដៃ​ជា​ច្រើន​ក្នុង​ភាពយន្ត​ធំៗ តែ​រឿង​មួយ​ដែល​ ធ្វើ​ឲ្យ​ប្រិយមិត្ត​ចាប់​អារម្មណ៍​លោក​ជាង​គេ គឺ​​រឿង "Jailbreak:ការពារ​ឧក្រិដ្ឋជន"​ ​ដែល​លោក​សម្ដែង​ជា​ប្រធាន​ក្រុម​ប៉ូលិស។

រូប​តក​ពី FB Tara Vy

១១. រៀម សុខភិរម្យ ៖ អ្នក​ចម្រៀង​រូប​នេះ​ត្រូវ​បាន​យុវវ័យ​ជា​ច្រើន​ស្គាល់​ថា​ ជា​ប្រធាន​ក្រុម​ចម្រៀង​ "SmallWorld SmallBand" តែ​នេះ​គ្រាន់​តែ​ជា​អាជីព​ទី​២​របស់​លោកប៉ុណ្ណោះ ចំណែក​ឯ​ការងារ​ស្នូល​ លោក​ជា​កីឡាករ​​ជម្រើស​ជាតិ​សីដក់។ ​

១២. ដេវិដ សុភីរ៉ុង៖ បុរស​សង្ហា​ម្នាក់​នេះ​ គឺ​ជា​អ្នក​លេង​ស្គរ​ដ៏​ឆ្នើម​ប្រចាំក្រុម​ចម្រៀង​ "SmallWorld SmallBand" តែ​ការងារ​ស្នូល​របស់​លោក​គឺ ជម្រើស​ជាតិ​តៃក្វាន់​ដូ។

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម